ក្រសួងបរិស្ថាន បានចេញសេចក្តីសម្រេចស្តីពីការបិទឡដុតរបស់ក្រុមហ៊ុន Tong Kang (Cambodia) Co., Ltd. ចំនួនពីរទីតាំង ជាបន្ទាន់ បន្ទាប់ពីរកឃើញអំពើបំពុលខ្យល់ធ្ងន់ធ្ងរដែលប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថាន។
សេចក្តីសម្រេចលេខ ៥៦៩៨/៧២៥ ចុះថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ឲ្យក្រុមហ៊ុននេះ បញ្ឈប់ការដំណើរការ និងប្រើប្រាស់ឡដុតទាំងពីរទីតាំងភ្លាមៗ ដោយគ្មានការបញ្ចេញផ្សែងបំពុលបន្ថែម។
ការសម្រេចនេះធ្វើឡើងក្នុងគោលបំណង ការពារគុណភាពខ្យល់សាធារណៈ និងទប់ស្កាត់ការបំពុលដែលអាចបណ្តាលឲ្យមានការរលាកផ្លូវដង្ហើម និងបញ្ហាសុខភាពផ្សេងៗចំពោះប្រជាពលរដ្ឋ។
ឡដុតទាំងនេះស្ថិតក្នុងរោងចក្រផលិតគ្រឿងបង្គុំ ស្បែកជើង ដែលមានទីតាំងនៅភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្រសួងបានអះអាងថា ក្រុមហ៊ុននេះបានបំពានច្បាប់បរិស្ថាន ដោយបំពុលខ្យល់ឱ្យសាធារណៈតាំងពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៥ បញ្ចេញផ្សែងនិងសារធាតុពុល ដែលធ្វើឲ្យជនស្ថិតក្នុងតំបន់រងផលប៉ះពាល់ផ្ទាល់។
ករណីនេះជាការល្មើសច្បាប់បរិស្ថានយ៉ាងច្រើនប្រការ រួមទាំងមាត្រា ១៥៦, ៣១២, ៣១៣, ៣១៤ និង ៣១៦ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ, ព្រមទាំងល្មើសនឹងអនុក្រឹត្យលេខ ៤២ អនក្រ.បក ស្តីពី «ការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង» ក្នុងមាត្រា ៥ និង ៨។
ក្រសួងបរិស្ថានបានឲ្យដឹងបន្ថែមថា ប្រសិនបើក្រុមហ៊ុនមិនអនុវត្តតាមសេចក្តីសម្រេចខាងលើ នឹងមានវិធានការច្បាប់បន្ថែមដោយតាមដានយ៉ាងតឹងរឹង៕
ប្រភព៖ ក្រសួងបរិស្ថាន




