ខេត្តក្រចេះ៖ ការបាក់រលំផ្ទាំងថ្មម៉ាតយ៉ាងភ្លាមភ្លាំង នៅស្ថានីយជីកយកថ្មម៉ាត របស់ក្រុមហ៊ុន សំបូរ ម៉ាញនីង បានបណ្តាលឲ្យកម្មករចំនួន ២នាក់ បាត់បង់ជីវិតជាភ្លាមៗ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រហែល ៣រសៀល ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ ក្នុងភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
ជនរងគ្រោះទាំងពីរ ត្រូវបានកំណត់អត្តសញ្ញាណដូចខាងក្រោម៖
លោក កាន សម្បត្តិ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមេការអារថ្ម មានទីលំនៅភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
លោក ព្រំ ហ្រ្វីវិចារ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកម្មករ រស់នៅភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
បន្ទាប់ពីទទួលបានសេចក្ដីជូនដំណឹង សមត្ថកិច្ចមូលដ្ឋាន បានទៅដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីពិនិត្យសាកសព និងប្រមូលព័ត៌មានជុំវិញស្ថានភាព។ ការពិនិត្យបឋមបញ្ជាក់ថា ជនរងគ្រោះទាំងពីរ ស្លាប់ដោយសារផ្ទាំងថ្មបាក់ភ្លាមៗលើខ្លួន។ បន្ទាប់ពីបញ្ចប់នីតិវិធីត្រឹមត្រូវ សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំពោះវិធានការទូទាត់សំណង ឬការដោះស្រាយផ្លូវច្បាប់ជាមួយក្រុមហ៊ុន សំបូរ ម៉ាញនីង នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការទេ។ សម្រាប់ក្រុមហ៊ុននេះ ត្រូវបានរាយការណ៍ថាបានបន្តបើកការដ្ឋានជីកយកថ្មម៉ាតនៅតំបន់ខាងលើជាយូរមកហើយ។
គ្រួសារជនរងគ្រោះ និងសហគមន៍ក្នុងតំបន់ បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះហេតុការណ៍ដ៏អយុត្តិធម៌នេះ ហើយអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចពិនិត្យយ៉ាងម៉ឺងម៉ាត់ និងអនុវត្តច្បាប់ឲ្យតឹងរឹង ដើម្បីទប់ស្កាត់ឲ្យកើតឡើងម្តងទៀត ៕


