(ភ្នំពេញ)៖ ជាបន្តបន្ទាប់នៃការអនុវត្តវិធានការកាត់បន្ថយនិងបង្ក្រាបអំពើពុករលួយក្នុងមន្ទីរនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីបញ្ជាឱ្យកោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្ដ្រីកិច្ចសន្យាចំនួន៩នាក់ មកធ្វើការសួរនាំបំភ្លឺ ពាក់ព័ន្ធនឹងករណីដែលរថយន្តជនជាតិឥណ្ឌូនេស៊ីត្រូវបានឃាត់ពិនិត្យ ហើយបានផ្ទុះការរិះគន់ខ្លាំងលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះ។

សេចក្ដីបញ្ជានេះត្រូវបានអនុវត្តដោយការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់ស្តុបព្រះសក្យមុនីចេតិយ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលជាកន្លែងកើតហេតុ ដើម្បីបន្តធ្វើការស្រាវជ្រាវប្រមូលព័ត៌មានដោយយកចិត្តទុកដាក់ ក្នុងគោលបំណងផ្ដល់ចម្លើយច្បាស់លាស់ដល់សាធារណជន និងថែរក្សាកេរ្តិ៍ឈ្មោះនៃអង្គភាព។

ជាដំណើរការតាមបែបវិជ្ជាជីវៈ នគរបាលកំពុងប្រមូលសក្ខីកម្ម ព័ត៌មាន ព្រមទាំងការវិភាគវាយតម្លៃហេតុការណ៍ ដើម្បីត្រៀមធ្វើរបាយការណ៍ជូនមេដឹកនាំកំពូលសម្រេចចំពោះនិតិវិធីវិន័យនាពេលក្រោយ។ ការអះអាងបឋមបង្ហាញថា មន្ត្រីចរាចរណ៍បានទាមទារលុយចំនួន ៣០០ដុល្លារពីបុរសឥណ្ឌូនេស៊ី ប៉ុន្តែបន្ទាប់មកសម្រួលត្រឹម ៥០ដុល្លារ បន្ថែមទៀតក៏មានការទាមទារលុយបន្ថែមចំនួន ៤០០០រៀលទៀតផង។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សេចក្ដីបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ មានទិសដៅច្បាស់លាស់ក្នុងការពង្រឹងវិន័យរដ្ឋបាល និងសីលធម៌វិជ្ជាជីវៈនៃមន្ត្រីប្រតិបត្តិច្បាប់។ មន្ត្រីដែលរំលោភវិន័យ ត្រូវទទួលការពិន័យតាមបទបញ្ញាតិនៃកម្លាំងនគរបាលជាតិ ដោយគ្មានការលើកលែង។

លោកបានផ្តោតលើសារៈសំខាន់នៃការអនុវត្តភារកិច្ចដោយមានភាពស្មោះត្រង់ សុចរិត និងគោរពសិទ្ធិរបស់ពលរដ្ឋជាពិសេសជនបរទេស ដែលកំពុងរស់នៅ ឬទស្សនាកម្ពុជា។ វានឹងជួយបង្កើនទំនុកចិត្តរបស់សាធារណជនចំពោះអាជ្ញាធររដ្ឋ និងជាផ្នែកមួយនៃការទប់ស្កាត់អំពើពុករលួយគ្រប់លំដាប់ថ្នាក់។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អំពាវនាវដល់សាធារណជន ប្រសិនបើប្រឈមមុខនឹងស្ថានការណ៍ស្រដៀងគ្នានេះ សូមចូលរួមជួយផ្តល់ព័ត៌មាន ឬបញ្ជូនការប្តឹងបង្ហាញតាមប្រព័ន្ធសារផ្លូវការ ដើម្បីអាជ្ញាធរអាចចាត់ការតាមនីតិវិធី និងសម្រួលអំពើអយុត្តិធម៌នៅសង្គមឲ្យកាន់តែប្រសើរឡើង៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed