ខេត្តកំពង់ចាម : បទល្មើសល្បែងស៊ីសងឆ្នោតវៀតណាមខុសច្បាប់ ដែលគេនិយមហៅថា (កន្ទុយលេខ) កំពុងតែរីកដុះដាលដូចផ្សិត នៅក្នុងភូមិសាស្រ្ត ក្រុងកំពង់ចាម ក្នុងនោះមានឆ្នោតវៀតណាម  ក៏មានច្រើនទីតាំងរាប់សឹងមិនអស់ ។

ជាក់ស្ដែងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ ប្រភពប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់បឹងកុក ក្រុងកំពង់ចាម បានឱ្យដឹងថា នៅកណ្តាលក្រុងកំពង់ចាម ល្បែងកន្ទុយលេខ(ឆ្នោតយួន) កំពុងតែបើកដំណើការយ៉ាងរលូន ស្ថិតក្នុងភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ហើយទីតាំងល្បែងទាំងអស់នោះកំពុងតែអូសទាញពលរដ្ឋខ្មែរឲ្យធ្លាក់ក្នុងអំពើអបាយមុខ ហេតុអីអាជ្ញាធរពាក់ព័ន្ធមិនព្រមបង្រ្កាបទាល់តែសោះ។

ប្រភពបន្តថា អាជ្ញាធរសមត្ថកិច្ជពាក់ព័ន្ធក្នុងមូលដ្ឋានបែរជានាំគ្នារក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮ ប្រហែលជាឆ្នាំងបាយរបស់អស់លោកឬយ៉ាងណាទេ? បើយោងប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានប្រាប់សារព័ត៌មានអង្គភាពយើងថា ល្បែងកត់កន្ទុយលេខទីតាំងខាងលើនេះ មានបុគ្គលមា្នក់ឈ្មោះ សុភ័ក្រ ជាអ្នកកាង និងបានដើរប៉ូលនិយាយអ៊ូតក្អែងក្អាង ថាកុំបារម្ភរឿងមកចាក់នៅកន្លែងខ្លួន ព្រោះខ្លួនបានរត់ការបង់ រួចរាល់អស់ហើយ។

ប្រជាពលរដ្ឋ ដែលរស់នៅជិតទីតាំងល្បែងស៊ីសងខាងលើទាំងនោះបានបង្ហើបឲ្យដឹងថា មានមេឆ្នោតធំមួយ នៅក្នុងក្រុងកំពង់ចាម បានឲ្យកូនកញ្ច្រែងគត់ឆ្នោតគ្រប់ទីកន្លែង ដើម្បីប្រមូលយកមកឲ្យខ្លួន ។

ហើយបច្ចុប្បន្ននេះ ឆ្នោតវៀតណាមមានគ្រប់ទីកន្លែង  កំពុងតែពង្វក់ប្រជាពលរដ្ឋខ្មែរ ដោយមួយថ្ងៃៗឃើញអ្នកញៀនល្បែងស៊ីសង ដើរទៅចាក់កន្ទុយលេខវៀតណាមនេះ ដោយតត្រុក មិនសូវជាគិតខំប្រឹងធ្វើការរកស៊ីប៉ុន្មានទេ ។

ក្នុងករណីថ្ងៃណាចាក់ត្រូវ (ឈ្នះ) ឃើញញញើមញញែមបិទមាត់មិនជិត តែថ្ងៃណាចាក់ចាញ់ (មេស៊ីអស់ ) ឃើញទឹកមុខឲ្យក្រញូវ ទៅដល់ផ្ទះដេកកើតទុក្ខមិនដាំបាយធ្វើម្ហូបឲ្យកូននិងប្តីហូប សម្រាប់ស្រ្តី តែបើបុរសវិញ ទៅដល់ផ្ទះរករឿងប្រពន្ធកូន ឈានដល់ការប្រើអំពើហិង្សាក្នុងគ្រួសារទៀតផង រស់នៅគ្មានក្តីសុខដោយសារការប្រព្រឹត្តនូវល្បែងស៊ីសងនេះ។

ជាការពិតណាស់ល្បែងស៊ីសង់ (ឆ្នោតយួន) គឺជាឃា.ត.ករឈាមត្រជាក់លាក់មុខអាចពង្វក់អ្នកដែលញៀនលេងល្បែងកន្ទុយលេខ ក្លាយទៅជា ទាសករ មេឆ្នោត ដោយមិនដឹងខ្លួនម្យ៉ាងវិញទៀត ល្បែងឆ្នោតនេះបាននឹងកំពុងបង្កបង្កើតបទល្មើសចោរកម្មក្នុងមូលដ្ឋានដូចជាចោរលួច-ឆក់-ប្លន់ ជាពិសេសកើតអំពើហិង្សាក្នុងគ្រួសារជាដើម។

ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំពុំអាចទំនាក់ទំនងទៅ អាជ្ញាធរមូលដ្ឋាន បាននោះទេ ព្រោះពុំមានលេខទូរសព្ទសម្រាប់ទំនាក់ទំនង តែទោះបីជាយ៉ាងណាក៏ដោយ អង្គភាពយើងខ្ញុំ រង់ចាំការឆ្លើយបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទៅតាមច្បាប់របបអ្នកសារព័ត៌មាន។

ពលរដ្ឋក្នុងមូលដ្ឋានក្រុងកំពង់ចាម សូមសំណូមពរ ដល់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្ត និងលោកឧត្ដមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម ជាពិសេសឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមមេត្តាបញ្ជាកម្លាំងគណ:បញ្ជាការឯកភាពចុះត្រួតពិនិត្យ និង ធ្វើការបង្ក្រាបទីតាំងឆ្នោតយួន ក្នុងចំណុចស្ថិតក្នុងភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ដើម្បីចូលរួមចំណែកបញ្ចៀសអំពើចោរកម្មផ្សេងៗ និងធានាបាននូវភូមិ-ឃុំ មានសុវត្ថិភាពទាំង៧ចំណុច ដែលក្រសួងមហាផ្ទៃបានដាក់ជូននូវបទបញ្ជាទាំងនេះ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed