ភ្នំពេញ : នា​ព្រឹក​ថ្ងៃ​សៅរ៍​ ០៥រោច​ ខែបុស្ស​ ឆ្នាំរោង​ ឆស័ក​ ព.ស.២៥៦៨​ ត្រូវ​នឹង​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០២៥នេះ​ ខ្ញុំបាន​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ប្រគល់​ផ្ទះ​មួយ​ល្វែង ក្នុង​ភូមិ​អណ្ដូង​ សង្កាត់​គោក​រកា​ ខណ្ឌ​ព្រែកព្នៅ​ និង​ថវិកា​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និងលោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទ​មុន្នី​ ហ៊ុន​ម៉ាណែត​ ថវិកា​ចំនួន​ ៣លាន​រៀល​ ជូន​ដល់​ក្មួយ​ប្រុសពិការដៃ​ទាំងសងខាង​ ប៉ុន្តែ​មាន​ទេពកោសល្យ​ប្រេីជេីង​គូរគំនូរ​បាន​ ព្រមទាំង​ជួយ​សម្រួល​ផ្ដល់ទីតាំងជូន​ក្មួយសម្រាប់​ប្រកបរបប​គូរគំនូរ​ ដេីម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។

ក្នុងឱកាសជួបប្អូនប្រុសសល់ សុខចាន់ គូរគំនូរនៅវត្តភ្នំ លោក ឃួង ស្រេង ក៏បានផ្តល់ជម្រេីសដល់ប្អូនប្រុសអាចជ្រេីសរេីស ទៅទីតាំងណាមួយដែលយល់ថាល្អ និងអាចរកចំណូលបានច្រេីន ដោយគ្រាន់តែជូនដំណឹងមករដ្ឋបាលរាជធានីភ្នំពេញ ឬអាជ្ញាធរក៏បាន និងបានណែនាំឲ្យរៀបចំចុះឈ្មោះ សមាជិក ប.ស.ស. ជូនប្អូនៗទាំងពីរនាក់ផងដែរ។
លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ក្នុងនាមសម្ដេចមហាបវរធិបតីជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចបានយកចិត្តទុកដាក់ ជាពិសេសទៅលើជនពិការ ខណៈប្អូនប្រុសមានសមត្ថភាព មានទេពកុសល្យ ក្នុងការគូររូប ធ្វេីជាមុខរបរចិញ្ចឹមជីវិតដោយខ្លួនឯង។ សម្តេចធិបតី តែងបានណែនាំ និងក្នុងនាមអាជ្ញាធរត្រូវមកមេីល និងរៀបចំបង្កលក្ខណៈងាយស្រួល ដល់ប្អូនប្រុស ដើម្បីអាចប្រកបមុខរបរអាជីវកម្មបាន។

លោក សល់ សុខចាន់ ពិការដៃទាំង២តាំងពីកំណើត ដោយប្រេីជេីងជំនួសដៃ បច្ចុប្បន្នមានភរិយាកំពុងមានផ្ទៃពោះ៤ខែ និងកំពុងស្នាក់នៅផ្ទះជួល ក្នុងភូមិដើមស្លែងទី១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងមានជីវភាពខ្វះខាត។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានផ្ដល់ជូនថវិកា ចំនួន៣លានរៀល ដល់ប្អូនប្រុស សល់ សុខចាន់ និងប្អូនស្រី ណារី ខណៈប្អូនស្រី កំពុងតែមានផ្ទៃពោះ ដែលថវិកានេះអាចយកទៅពិនិត្យផ្ទៃពោះ និងពិនិត្យសុខភាព នៅតាមមណ្ឌលសុខភាព ប៉ុន្តែនៅមណ្ឌលសុខភាព អាជ្ញាធរអាចជូនទៅពិនិត្យ ដោយមិនមានបង់ថ្លៃ ក្នុងការពិនិត្យឡេីយ។

បើតាមការបញ្ជាក់ពីប្អូនប្រុស សល់ សុខចាន់ ដែលពិការដៃទាំងសងខាងថា ខ្លួនមានអាយុ២៤ឆ្នាំ បានជ្រេីសរេីសអាជីពជាអ្នកគូររូប ផាត់ពណ៌ ដោយប្រេីជេីងជំនួសដោយដៃជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដេីម្បីទទួលបានកម្រៃសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃអស់រយៈពេល២ឆ្នាំមកហេីយ ។

ក្រៅពីជំនាញគូរគំនូរនេះ លោកនៅមានជំនាញជួសជុលគ្រឿងអេឡិចត្រូនិក ដូចជាទូរស័ព្ទ និងកុំព្យូទ័រ ជាដេីម។ ក្នុងនោះ តាមរយៈគូររូបខាងលេីនេះ អាចរកចំណូលបាន ចន្លោះ៤ ទៅ៥ម៉ឺនរៀល ក្នុងមួយថ្ងៃផងដែរ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed