ភ្នំពេញ : សន្និសីទសារព័ត៌មានស្ដីពី «លទ្ធផលរយៈពេល១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ» កាលពីរសៀល នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ លោក ជិន ម៉ាលីន រដ្លលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា មានចំណុចវិជ្ជមាន៣ ក្រោយដាក់ចេញយុទ្ធនាការទាំងពីររបស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល ១ឆ្នាំ គឺការផ្លាស់ប្តូរឥរិយាបទមន្រ្តី ផ្លាស់ប្តូរជំនឿ និងបណ្តឹងមានការថយចុះ ដែលជាលទ្ធផលគួរជាទីមោទនៈ។

កាលមុនប្រជាពលរដ្ឋតវ៉ាច្រើន សំណុំរឿង១ ដាក់ទៅមិនក្រោម ១០កន្លែងទេ ប៉ុន្តែ ពេលបើកយុទ្ធនាការនេះ គឺជាការបើកច្រកដ៏ធំ សម្រាប់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងរឿងអ្វីក៏ដោយ ឲ្យតែពាក់ព័ន្ធនឹងតុលាការ។
សូមជម្រាបថា​ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២៤​ បានប្រកាសដាក់ឱ្យអនុវត្តយុទ្ធនាការចំនួន២ គឺយុទ្ធនាការពន្លឿន​ការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការ​ដោះស្រាយ​ភាព​មិនប្រក្រតី​នៅ​តាម​តុលាការ ដើម្បី​លើកកម្ពស់សេវាយុត្តិធម៌។

លោក កើត រិទ្ធ បានឲ្យដឹងថា យុទ្ធនាការទាំងពីរនេះ ត្រូវបានដាក់ចេញក្នុង​គោល​បំណង​លើក​កម្ពស់​សេវា​យុត្តិធម៌ ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ និងគោលការណ៍នីតិរដ្ឋ។ យុទ្ធនាការជំរុញ និង​ពន្លឿន​ការដោះស្រាយ​រឿង​ក្តី​នៅ​តាម​តុលាការ ត្រូវធ្វើទាំងរឿងព្រហ្មទណ្ឌ និង​រឿងរដ្ឋរដ្ឋប្បវេណី ដើម្បីលើកម្ពស់​​ប្រសិទ្ធភាព​នៃការ​ផ្តល់​សេវាយុត្តិធម៌ជូនពលរដ្ឋ ដោយ​​​ដាក់​ឱ្យអនុវត្តរយៈពេល ៣ឆ្នាំ គិតចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នេះ​តទៅ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបង្ហាញលទ្ធផលសំខាន់ៗនៃការ អនុវត្តយុទ្ធនាការទាំង ២ខាងលើ សម្រាប់រយៈពេល ១ឆ្នាំ ដូចខាងក្រោម៖
ទី១៖ ក្នុងរយៈពេល ១ឆ្នាំនេះ តុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសបានចាត់ការសំណុំរឿងទាំងសំណុំរឿងព្រហ្មទណ្ឌ ទាំងសំណុំរឿងរដ្ឋប្បវេណី និងសំណុំរឿងក្តីដទៃទៀត បានចំនួន ១៨៨,៩៤២ ស្មើនឹង ៨២,៤១% នៃសំណុំរឿងសរុបចំនួន ២២៩ ២៧២ ទាំងសំណុំរឿងដែលមានមុនពេលប្រកាសបើកយុទ្ធនាការ និងសំណុំរឿងដែលចូលថ្មី ក្រោយពេលប្រកាសបើកយុទ្ធនាការ។ គណៈបញ្ជាការដឹកនាំយុទ្ធនាការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបាននេះ ដែលជាការបង្ហាញពីការយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់តុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស ក្នុងការដោះស្រាយរឿងក្តីបានឆាប់រហ័សជូនប្រជាពលរដ្ឋ។
ទី២៖ ក្នុងរយៈពេល ១ឆ្នាំ កន្លងទៅនេះ គិតចាប់តាំងពីពេលគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានប្រកាសទទួលបណ្ដឹងពីប្រជាពលរដ្ឋទាំងអស់ដែលយល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿង របស់ខ្លួនមានភាពមិនប្រក្រតី, ប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងមកកាន់លេខាធិការដ្ឋាននៃគណៈបញ្ជាការ ដឹកនាំយុទ្ធនាការ ចំនួន ២,៤១៣បណ្ដឹង ប៉ុន្តែមាន១៧បណ្ដឹង ដែលមិនអាចបញ្ជូនទៅចាត់ការបាន ដូច្នេះបណ្តឹងរបស់ប្រជាពលរដ្ឋដែលគណៈបញ្ជាការដឹកនាំយុទ្ធនាការ ត្រូវចាត់ការមានចំនួនសរុប ២,៣៩៦បណ្ដឹង។

​អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់បន្ថែមថា : គណៈបញ្ជាការដឹកនាំយុទ្ធនាការរំពឹងថានឹងអាចដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការបាន នៅក្នុងរយៈពេលមួយឆ្នាំកន្លះទៀត ស្របតាមទិសដៅដែលបានដាក់ចេញពីពេលប្រកាសដាក់ចេញនូវយុទ្ធនាការ  ចំណែកយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការនិងត្រូវបន្តធ្វើពេញមួយអាណត្តិរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា។

ក្នុងនោះដែរ ក្រសួងយុត្តិធម៌ សូមបន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលយល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងរបស់ខ្លួនមានភាពយឺតយ៉ាវឬមានភាពមិនប្រក្រតី សូមដាក់ពាក្យបណ្ដឹងមកយន្តការផ្លូវការនៃយុទ្ធនាការទាំង២របស់ក្រសួងយុត្តិធម៌តាមរយៈលេខទូរសព្ទ ០៩៩ ៤៤៤ ១៨១ និងQR Code របស់ក្រសួងយុត្តិធម៌៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed