ភ្នំពេញ : កាលពីព្រឹកថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៧:០០នាទីព្រឹកនៅសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។សិក្ខាសាលាផ្សព្វផ្សាយ ស្វែងយល់ អំពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារ ព័ត៌មាននៅកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រោមកិច្ចសហការរបស់ក្រសួងព័ត៌មាន និងសមាគមអេឡិចត្រូនិច អឹម អេស ជេ ដោយមានការចូលរួមសិក្សាស្វែងយល់ពីអ្នកសារព័ត៌មានប្រមាណ ៤០០នាក់។
ឯកឧត្តម សុខ ចាន់ភក្តី បានគូសបញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះឡើង ដើម្បីអោយអ្នកសារព័ត៌មានបានយល់កាន់តែច្បាស់នូវតម្លៃនៃ
ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ហើយយកទៅអនុវត្តអោយបានត្រឹមត្រូវតាមច្បាប់ និងក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មាន ហើយអាចការពារអ្នកសារព័ត៌មានបាននៅពេលបំពេញការងារប្រកបទៅដោយវិជ្ជាជីវៈ ។
ឯកឧត្តម រដ្ឋលរខាធិការក្រសួងព័ត៌មាន បានផ្តាំផ្ញើរដល់សិក្ខាកាមទាំងជាង ៤០០នាក់ ដែលបានចូលរួមត្រូវព្យាយាមក្រេបយកនូវចំណេះដឹង ពីគ្រូឧទ្ទេសដែលមានបទពិសោធន៏យូរឆ្នាំ ដើម្បីទុកជាស្ពាន និងជាយាន្ដផ្ដល់ជាចំណេះដឹង និងជំនាញយកទៅប្រើប្រាស់ ប្រកបដោយគុណភាពល្អប្រសើរក្នុងជីវភាពប្រចាំថ្ងៃ និងទៅអនាគត។
ឯកឧត្តម ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិច MSJ បានជម្រាបជូនពីគោលបំណងនៃការរៀបចំសិក្ខាសាលាស្តីពី“ស្វែងយល់អំពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន”សម្រាប់អ្នកសារព័ត៌មាន នេះឡើង ដើម្បីលើកយកពីផលវិបាកនានាដែលបានជួបប្រទះក្នុងការប្រកបវិជ្ជាជីវៈសារព័ត៌មានប្រចាំថ្ងៃជូនថ្នាក់ដឹកនាំក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ជាពិសេសប្រមុខរាជរដ្ឋាភិបាល ដើម្បីស្នើសុំមតិណែនាំ តម្រង់ទិស ដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់គ្នា និងជាពិសេសទទួលបានចំណេះដឹងពីច្បាប់ និងវិជ្ជាជីវៈសារព័ត៌មាន ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានស្នើដល់អ្នកសារព័ត៌មានទាំងអស់ចូលរួមក្នុង «យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ» ដែលជាគំនិតមួយក្នុងការផ្តល់នូវសុវត្ថិភាពជូនទៅដល់អ្នកសារព័ត៌មាន និងផ្តល់សុវត្ថិភាពដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលព័ត៌មាន។
លោករដ្ឋមន្ត្រី នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ គ្រោងធ្វើឡើងដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងបង្កើនការយល់ដឹងដល់ពលរដ្ឋទាក់ទងនឹងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ។ យុទ្ធនាការនេះក៏ជាការឃោសនា និងផ្សព្វផ្សាយជាសាធារណៈ ពីវិធានការទប់ស្កាត់ការសាយភាយព័ត៌មានក្លែងក្លាយ ការប្រើប្រាស់បណ្ដាញសង្គមប្រកបដោយប្រសិទ្ធភាព និងការចែករំលែកព័ត៌មានជាដើម។
លោករដ្ឋមន្ត្រីក៏បានបង្ហាញភាពសុទិដ្ឋិនិយមនៅក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ដែលជាជំហ៊ានមួយយ៉ាងសំខាន់នៅក្នុងការបង្កើនការយល់ដឹងអំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយដល់សាធារណជនទូទាំងប្រទេស ហើយគំនិតផ្តួចផ្តើមនេះកំពុងទទួលបានការគាំទ្រពីបណ្តាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន និងតំបន់ដទៃទៀត។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» គឺជាផ្នែកមួយចាំបាច់ដើម្បីធ្វើឱ្យមានសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន លើកតម្លៃវិជ្ជាជីវៈ និងការពារសិទ្ធិរបស់អ្នកសារព័ត៌មាន, ជាមូលដ្ឋានរួមមួយសម្រាប់អនុវត្តន៍ប្រកបដោយទំនុកចិត្ត ប្រសិទ្ធភាព គុណភាព និងទំនួលខុសត្រូវវិជ្ជាជីវៈ ដែលជាផ្នែកមួយសម្រាប់ការលើកកម្ពស់សេរីភាពខាងសារព័ត៌មាន និងសេរីភាពខាងការបញ្ចេញមតិ និងការពារសុវត្ថិភាពដល់អ្នកសារព័ត៌មាន។
រដ្ឋមន្ត្រី នេត្រ ភក្រ្តា បានបញ្ជាក់ថា៖ «ធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន គឺជាមូលដ្ឋានគ្រឹះសម្រាប់អ្នកសារព័ត៌មានយកទៅអនុវត្តន៍ ហើយក៏ជាអាវក្រោះយ៉ាងសំខាន់ក្នុងការពារខ្លួនយើង និងសម្រាប់ជាគុណតម្លៃរួមនៃវិជ្ជាជីវៈសារព័ត៌មាន។ ជាមួយនេះអ្នកសារព័ត៌មានត្រូវតែស្គាល់ពីខ្លួនឯងឱ្យបានច្បាស់ថា ខ្លួនយើងមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ទេ និងក៏មិនមែនជាតុលាការកាត់សេចក្តីឱ្យនរណាខុស នរណាត្រូវដែរ ហើយអ្នកសារព័ត៌មានក៏មិនមានអំណាចបញ្ជាឱ្យនរណាម្នាក់ធ្វើនេះ ឬធ្វើនោះបានដែរ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការដាក់ឱ្យអនុវត្ត «ធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន» ដើម្បីឆ្ពោះទៅរកការលើកកម្ពស់សេរីភាព សារព័ត៌មាន និងកិច្ចការពារសុវត្ថិភាពអ្នកសារព័ត៌មាន ពិសេសដើម្បីលើកគុណតម្លៃរួមនៃវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន។
គួរឱ្យដឹងថា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ក្រសួងព័ត៌មានបានផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលកើតចេញពីឆន្ទៈរួមរបស់អ្នកសារព័ត៌មានខ្លួនឯងផ្ទាល់ ដើម្បីអ្នកសារព័ត៌មាន ហើយក៏សម្រាប់អ្នកសារព័ត៌មាន គាំទ្រដល់សិទ្ធិរបស់អ្នកសារព័ត៌មាន។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានដាក់ចេញជាគោលការណ៍ដឹកនាំសម្រាប់វិស័យសារព័ត៌មាន ដោយក្រសួងព័ត៌មាននឹងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាបរិយាកាសប្រកបដោយសុវត្ថិភាពសម្រាប់ការប្រកបវិជា្ជជីវៈសារព័ត៌មាននៅកម្ពុជា, លើកទឹកចិត្តដល់ការពង្រឹងគុណភាព សមត្ថភាពជំនាញ ការអនុវត្តការងារ និងស្នាដៃល្អប្រកបដោយសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ដោយឈរលើមូលដ្ឋានសមភាព គ្មានការរើសអើង គ្មានការគំរាមកំហែង និងមិនប្រកាន់និន្នាការនយោបាយឡើយ, ខណៈបន្តពង្រឹងបច្ចុប្បន្នភាពនៃច្បាប់ និងលិខិតបទដ្ឋានសម្រាប់វិស័យព័ត៌មាន ដើម្បីធានាការការពារសិទ្ធិ សណ្តាប់ធ្នាប់ ការគ្រប់គ្រងនូវគុណភាព និងសុវត្ថិភាពព័ត៌មាន៕