"សញ្ញាវិជ្ជមានបានលេចចេញក្នុងវិស័យជាច្រើន" "ទិន្នន័យសេដ្ឋកិច្ចជាទូទៅមានភាពប្រសើរឡើង" "ត្រូវបានរំពឹងថា នឹងសម្រេចបាននូវគោលដៅកំណើនពេញមួយឆ្នាំ"។ល។នៅថ្ងៃទី១៦ខែធ្នូ បន្ទាប់ពីរដ្ឋាភិបាលចិនបានប្រកាសនូវស្ថានភាពដំណើរការសេដ្ឋកិច្ចជាតិនៅខែវិច្ឆិកា ប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើនបានវាយតម្លៃដូចពោលខាងលើ។មតិអន្តរជាតិយល់ឃើញថា ការកើនឡើងវិញជាលំដាប់នៃសេដ្ឋកិច្ចចិន បានបញ្ជាក់ពីការវិនិច្ឆ័យដែលធ្វើឡើងដោយសន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិនដែលទើបបានបញ្ចប់។
ទិន្នន័យបង្ហាញថា៖ នៅដើមខែវិច្ឆិកា ដំណើរការសេដ្ឋកិច្ចរបស់ប្រទេសចិនបានបន្តនិន្នាការកើនឡើងវិញចាប់តាំងពីខែកញ្ញាមក ហើយគុណភាពនៃការដំណើរការសេដ្ឋកិច្ចចិនក៏បានបន្តមានភាពប្រសើរឡើងផងដែរ។ ក្នុងចំណោមនោះ សញ្ញាមួយដែលលេចធ្លោបំផុតគឺកម្លាំងចលករនៃការច្នៃប្រឌិតថ្មីកាន់តែខ្លាំងឡើង។ មួយផ្នែក ផលិតផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសំខាន់ៗកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដូចជារថយន្តថាមពលថ្មី មនុស្សយន្តផ្នែកឧស្សាហកម្ម សៀគ្វីរួមបញ្ចូលគ្នាជាដើមសុទ្ធតែកើនឡើងយ៉ាងឆាប់រហ័ស។ មួយផ្នែកទៀត និន្នាការកើនឡើងនៃឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់មានភាពល្អប្រសើរ ការវិនិយោគខាងឧស្សាហកម្មផលិតកម្មបច្ចេកវិទ្យាខ្ពស់និងសេវាកម្មបច្ចេកវិទ្យាខ្ពស់ក្នុងរយៈពេល១១ខែដើមឆ្នាំនេះ បានកើនឡើង៨.២ភាគរយនិង១០.២ភាគរយដោយឡែកពីគ្នា។ ប្រការទាំងនេះបានបង្ហាញថា ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិនបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់។
ការកើនឡើងជាលំដាប់នៃការប្រើប្រាស់គឺជាសញ្ញាវិជ្ជមានមួយទៀត។ ក្នុងរយៈពេល១១ខែដើមឆ្នាំ២០២៤ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមចិនមានចំនួន៤៤.២៧ទ្រីលានយាន់ប្រាក់ចិន កើនឡើង៣.៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ មជ្ឈដ្ឋានខាងក្រៅបានយល់ឃើញថា នេះគឺមានន័យថា ទីផ្សារនៃការប្រើប្រាស់របស់ប្រទេសចិនកំពុងងើបឡើងវិញជាលំដាប់។ ក្នុងចំណោមនោះ ការលក់រាយតាមបណ្តេញអ៊ីនធឺណិតបានកើនឡើង៧.៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ដែលខ្ពស់ជាងកំណើនទូទៅនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមយ៉ាងច្បាស់លាស់។ នេះបានសឱ្យឃើញថា ឧស្សាហកម្មថ្មីនិងរូបមន្តថ្មីនៃការប្រើប្រាស់របស់ប្រទេសចិនបានទទួលការអភិវឌ្ឍយ៉ាងល្អប្រសើរ ហើយមានសក្តានុពលយ៉ាងខ្លាំងនាពេលអនាគត។
តាមពិត បើមើលពីកត្តាអន្តរជាតិ លទ្ធផលសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងខែវិច្ឆិកាគឺបានមកដោយមិនងាយទេ។ ចាប់តាំងពីចូលឆ្នាំនេះមក បរិយាកាសអន្តរជាតិមានភាពស្មុគ្រស្មាញនិងតានតឹង ការងើបឡើងវិញនៃសេដ្ឋកិច្ចសកលបានបង្អង់ល្បឿន ហើយការលំបាកក្នុងការកែសម្រួលនិងការធ្វើបរិវត្តកម្មសេដ្ឋកិច្ចរបស់ប្រទេសចិនក៏បានកើនឡើងផងដែរ។ ក្នុងបរិបទបែបនេះ ហេតុអ្វីបានជាសេដ្ឋកិច្ចចិនអាចទប់ទល់នឹងសម្ពាធនិងកើនឡើងដោយនឹងនរជាលំដាប់?លោកWang Xiaosongសាស្រ្តាចារ្យនៃវិទ្យាស្ថានសេដ្ឋកិច្ចនៃសកលវិទ្យាល័យប្រជាជនចិនបានវិភាគថា មួយផ្នែកគឺមកពីសេដ្ឋកិច្ចរបស់ប្រទេសចិន មានមូលដ្ឋានរឹងមាំ ឧត្តមភាពច្រើន ភាពធន់និងសក្តានុពលយ៉ាងខ្លាំង លក្ខខណ្ឌគាំទ្រនិងនិន្នាការជាទូទៅដែលមានភាពល្អប្រសើរក្នុងរយៈពេលជាយូរមិនបានកែប្រែទេ។ មួយផ្នែកទៀត ស្របពេលដែលប្រសិទ្ធិភាពចម្រុះនៃគោលនយោបាយដែលមានស្រាប់និងគោលនយោបាយបន្ថែមបន្តបញ្ចេញ ការប្រែប្រួលជាវិជ្ជមានក្នុងការដំណើរការសេដ្ឋកិច្ចជាតិចិនបានកើនឡើងថែមមួយកម្រិតទៀត។
បើមើលពីកត្តាខាងក្រៅ ទំនាក់ទំនងការទូតដ៏ស្ថិរភាពរវាងប្រទេសចិននិងបណ្តាប្រទេសនានាលើពិភពលោក បានផ្តល់នូវមូលដ្ឋានដ៏ល្អសម្រាប់ការប្រាស្រ័យទាក់ទងខាងសេដ្ឋកិច្ចជាមួយបរទេស។ទន្ទឹមនឹងនេះ ប្រទេសចិនបន្តជំរុញការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ប្រកបដោយគុណភាពខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវយន្តការកិច្ចសហប្រតិបត្តិការប្រទេសBRICSនិងពង្រីករង្វង់មិត្តភក្តិផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មបន្ថែមទៀតជាបន្តបន្ទាប់។សន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិនឆ្នាំនេះបានលើកឡើងយ៉ាងច្បាស់លាស់ថា "នឹងពង្រីកការបើកចំហចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់" និង"លំនឹងពាណិជ្ជកម្មបរទេសនិងលំនឹងការវិនិយោគបរទេស" ដែលបានពង្រឹងបន្ថែមទៀតនូវការរំពឹងទុករបស់មជ្ឈដ្ឋានខាងក្រៅ។
សញ្ញាវិជ្ជមានមួយចំនួននៃសេដ្ឋកិច្ចរបស់ប្រទេសចិននាពេលថ្មីៗនេះបានបញ្ជាក់ថា ប្រទេសចិនមានជំនឿចិត្តចំពោះការសម្រេចបាននូវគោលដៅកំណើនប្រហែល៥ភាគរយដែលនឹងបន្តដើរតួនាទីជាក្បាលម៉ាស៊ីនដ៏ធំបំផុតចំពោះកំណើនសេដ្ឋកិច្ចពិភពលោក។បើនិយាយចំពោះពិភពលោក សញ្ញាវិជ្ជមានបែបនេះកាន់តែច្រើន ឱកាសនិងភាគលាភក៏នឹងមានកាន់តែច្រើនដែរ៕