លោក ហែម ដារិទ្ធ អភិបាលខណ្ឌនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យនិងមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ នឹកនាំក្រុមការងារស្ដារប្រឡាយមេ១០,០០០ម៉ែត្រត្រៀមរំដោះការជន់លិច

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ខណ្ឌពោធិ៍សែនជ័យនិងមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញព្រមទាំងមន្រ្តីការិយាល័យរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខណ្ឌ ដឹកនាំដោយលោកអភិបាលខណ្ឌហែម ដារិទ្ធ បានចុះពិនិត្យនិងស្ដារប្រឡាយមេ១ខ្សែ ដើម្បីត្រៀមរំដោះការជន់លិចមូលដ្ឋានពីជនន់ទឹកភ្លៀងនារដូវវស្សាខាងមុខនេះ។
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានអោយដឹងថា : ប្រឡាយមេ១ខ្សែនេះមានទំហំទទឹងប្រវែង១០ម៉ែត្រនិងបណ្ដោយប្រវែង១០,000ម៉ែត្រ(១០គីឡូម៉ែត្រ) ។ដោយតភ្ជាប់ពីផ្លូវជាតិលេខ៤ត្រង់ចំណុចភូមិអង្គ សង្កាត់ចោមចៅទី៣ អមផ្លូវរថភ្លើងខ្សែរាជធានីភ្នំពេញ – ខេត្តកំពត ហើយបានឆ្លងកាត់ភូមិសាស្រ្តសង្កាត់២ទៀតគឺសង្កាត់ត្រពាំងក្រសាំងនិងសង្កាត់សំរោងក្រោម ហើយធ្លាក់ទៅដល់បឹងតាមោក ស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។
ហើយប្រឡាយមេនេះសំខាន់ខ្លាំងណាស់ក្នុងការរំដោះទឹកដែលជន់លិចភូមិឋាននានានៅក្នុងភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ ។ ជាក់ស្ដែងនៅក្នុងពេលមានការលិចលង់ដោយទឹកជំនន់ទឹកភ្លៀងកាលពីអំឡុងឆ្នាំ២០២០ កន្លងទៅគឺបានប្រឡាយមេនេះហើយរំដោះទឹកចេញ ហើយឆ្នាំនេះរដូវវស្សាជិតចូលមកដល់ ដូច្នេះដើម្បីត្រៀមរំដោះការលិចលង់ទើបអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ស្ដារវាបន្ថែមទៀតដើម្បីឲ្យទឹកហូរកាន់តែលឿនជាងមុនប្រសើរឡើង។
ស្របពេលនេះដែរអាជ្ញាធរខណ្ឌពោធិ៍សែនជ័យក៏បានអំពាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមចំណែកថែរក្សាលូនិងប្រឡាយទាំងអស់គ្នាដើម្បីបញ្ចៀសនូវការលិចលង់ ហើយកុំចោលសំរាមក្នុងលូវាបណ្ដាលឱ្យស្ទះ ផ្លូវទឹកហូរមិនរួចដូចជាការចោលសម្រាមផ្ដេសសផ្ដាសជាដើម ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed