( រាជធានីភ្នំពេញ ) ៖ ក្រោយទទួលដំណឹងដ៏រន្ធត់ នៃអំពើបាញ់ប្រហារពីសំណាក់ឧកញ៉ា ស្រី ស៊ីណា, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់អោយបញ្ជូនមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដឹកនាំដោយលោកមេធាវី គី តិច ទៅជួប និងជួយទទួលការពារក្ដីតាមផ្លូវតុលាការ ជូនគ្រួសារជនរងគ្រោះ។
![](http://rmn.asia/wp-content/uploads/2024/06/E57C7761-BCC8-476F-8E7A-7E0BF177B6AC.jpeg)
នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន បានដឹកនាំក្រុមទៅជួបផ្ទាល់ជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះ ដល់ទីតាំងដែលកំពុងរៀបចំធ្វើបុណ្យសពខាងបុរស ស្ថិតក្នុងវត្តចាស់ ខណ្ឌជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខាភ្នំពេញ) និងមួយក្រុមទៀត ទៅដល់ទីតាំងបុណ្យសពខាងស្ត្រី នៅខេត្តកំពត។
ក្រុមគ្រួសាររបស់ជនរងគ្រោះ មានក្ដីរំភើប និងបានគោរពថ្លែងអំណរគុណយ៉ាងក្រៃលែង ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានចាត់បញ្ជូន ផ្ដល់មេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ជួយការពារក្ដីជូនក្រុមគ្រួសាររបស់ពួកគាត់ដែលជាជនរងគ្រោះ។
![](http://rmn.asia/wp-content/uploads/2024/06/5D674310-611A-4D7E-9BD9-ACC405AEE1C4.jpeg)
សូមរំលឹកថា ករណីឃាតកម្មបាញ់ប្រហារដ៏រន្ធត់មួយនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ ដែលជាគូដណ្ដឹងនឹងគ្នា និង២នាក់ផ្សេងទៀតរងរបួស។ ការស្លាប់របស់ជនរងគ្រោះទាំង២នាក់គូដណ្ដឹងដែលត្រៀមចូលរោងការ នៅអំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខនេះ បានបន្សល់នូវភាពសោកសៅយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម។
![](http://rmn.asia/wp-content/uploads/2024/06/FCFCBB50-327B-4AFA-AF73-317CD0DE6ACB.jpeg)
ជនរងគ្រោះទាំង៤នាក់ ក្នុងហេតុការណ៍នេះ រួមមាន៖ ទី១៖ឈ្មោះឡុង លីសុង អាយុ២៧ឆ្នាំ មុខរបរអ្នកថតរូប (ស្លាប់), ទី២៖ឈ្មោះ ឃីម កញ្ចនា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរអ្នកថតរូប (ស្លាប់), ទី៣៖ឈ្មោះ សុខុម រ៉ាចាណៈ អាយុ២០ឆ្នាំ មុខរបរអ្នកថតរូប (រងរបួស) និងទី៤៖ឈ្មោះ ហុង រិទ្ធធារ័ក្ស អាយុ២៤ឆ្នាំ មុខរបរអ្នកថតរូប (រងរបួសស្រាល)។ ពួកគេទាំង៤នាក់ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
![](http://rmn.asia/wp-content/uploads/2024/06/79EB987F-91E9-4DB5-AAB2-C97EEB47C7CB.jpeg)
ដោយឡែក ខ្មាន់កាំភ្លើងដែលមានគោរមងារជាឧកញ៉ាទៀតនោះ ឈ្មោះ ស្រី ស៉ីណា អាយុ៥០ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។ មុនពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់ កំពុងនៅក្នុងផ្ទះកើតហេតុ ស្រាប់តែខ្មាន់កាំភ្លើង ចូលមកសួរជនរងគ្រោះពីរឿងឈ្លោះគ្នាជាមួយក្រុមគ្រួសារ ពីរឿងហាលសំលៀកបំពាក់លើព្រំដី ហើយក៏មានទំនាស់ពាក្យសម្តីគ្នា ពេលនោះខ្មាន់កាំភ្លើង ក៏ដកអាវុធខ្លីម៉ាក បាញ់ទៅលើពួកជនរងគ្រោះជាច្រើនគ្រាប់តែម្ដង។
ក្រោយបាញ់ប្រហារ ខ្មាន់កាំភ្លើងបានបើករថយន្ដមួយគ្រឿង ម៉ាក Ssangyong Rexton ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BL-9923 រត់គេចខ្លួនបាត់។ រំលងបានប៉ុន្មានម៉ោងក្រោយ កម្លាំងនគរបាលជំនាញ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាប់ខ្លួនខ្មាន់កាំភ្លើងបានត្រឡប់មកវិញ នៅចំណុចស្រុកអង្គស្នូល ខេត្តកណ្ដាល ដោយដកហូតបានរថយន្ដដែលជាមធ្យោបាយធ្វើដំណើរ និងអាវុធខ្លីសម្រាប់ធ្វើសកម្មភាព រួមជាមួយគ្រាប់១៥គ្រាប់បន្ថែមទៀត។
![](http://rmn.asia/wp-content/uploads/2024/06/9539A321-A2B3-4583-8EAB-16003FA91DCE.jpeg)
ទាក់ទិនការប្រព្រឹត្តបទឧក្រិដ្ឋពីសំណាក់ឧកញ៉ា ស្រី ស៊ីណា ដោយមិនខ្លាចញញើតច្បាប់បែបនេះ សមាគមឧកញ៉ា បានចេញសេចក្ដីប្រកាសព័ត៌មានផងដែរ ដោយបានបញ្ជាក់ថា ខ្មាន់កាំភ្លើងឈ្មោះ ស្រី ស៊ីណា គ្រាន់តែមានគោរមងារ «ឧកញ៉ា» ប៉ុន្តែ មិនមែនជាសមាជិកសមាគមឧកញ៉ាកម្ពុជា នៅឡើយទេ។
ទោះបីជាយ៉ាងណាក៏ដោយសមាគមឧកញ៉ាកម្ពុជា ក្នុងនាមជាស្ថាប័នតំណាងគោរមវន្តទាំងអស់នៅកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ដើម្បីធានាពីកេរ្តិ៍ឈ្មោះ កិត្តិយស កិត្យានុភាព ឧត្ដមភាព និងសេចក្តីថ្លៃថ្នូរនៃគោរមងារឧកញ៉ា នឹងបន្តចាត់វិធានការគ្រប់បែបយ៉ាង និងស្នើសុំបញ្ចប់គោរមងារឧកញ៉ាពីជនសង្ស័យឈ្មោះ ស្រី ស៊ីណា ក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ៕
![](http://rmn.asia/wp-content/uploads/2024/06/97705655-FBDD-4410-9330-F46C81D2A65E.jpeg)
https://www.facebook.com/FastNewRaksmey?mibextid=ZbWKwL
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។
📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។
សូមអរគុណ
![](http://rmn.asia/wp-content/uploads/2024/06/5F4F4280-6159-4621-8B2A-E099C8A5F2AE.jpeg)
![](http://rmn.asia/wp-content/uploads/2024/06/1A593C7C-7B4C-48B2-A445-8E13C66220D2-1024x697.jpeg)
![](http://rmn.asia/wp-content/uploads/2024/06/7B073CC0-0241-43E8-B987-0C3AA43F4956.jpeg)