ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានអះអាងថា ក្រសួងមុខងារសាធារណៈ នឹងរៀបចំស្ដង់ដារ SOP ដើម្បីប្រឡងជ្រើសរើសមន្ដ្រីរាជការ ប្រកបដោយតម្លាភាព និងផ្ដល់ឱកាសឲ្យទាំងអស់គ្នា មិនថាអ្នកនៅទីប្រជុំជន ឬក៏ទីជនបទនោះទេ។
ការអះអាងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ហ៊ុន ម៉ានី អញ្ជើញចូលរួម ក្នុងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «ការរៀបចំការប្រឡងប្រជែងជ្រើសរើស មន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣»។ ពិធីនេះរៀបចំឡើង នៅសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។
រដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា «យើងរៀបចំ SOP មួយ ដើម្បីផ្តល់ឱកាសឲ្យទាំងអស់គ្នា មិនថាទីប្រជុំជន ឬក៏ទីជនបទទេ គឺមានឱកាសទទួលព័ត៌មានគ្រប់ៗគ្នា»។
រដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានលើកឡើងថា ក្រសួងចំណាយពេលឲ្យបានច្រើន នូវការផ្សព្វផ្សាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានពេលវេលាគ្រប់គ្រាន់ ក្នុងការចុះឈ្មោះ ហើយការចុះឈ្មោះនេះធ្វើឡើងតាមរយៈអនឡាញតែម្ដង ហើយការប្រកួតប្រជែងផ្អែក ទៅលើមូលដ្ឋាន នៃសមត្ថភាពសុទ្ធសាធ។
ទន្ទឹមគ្នានេះ លោកបានបញ្ជាក់ថា វិស័យមុខងារសាធារណៈ ជាវិស័យអាទិភាព របស់រាជរដ្ឋាភិបាលគ្រប់អាណត្តិទាំងអស់ ហើយអាណត្តិទី៧ គឺក្រសួងមុខងារសាធារណៈ បន្តយកចិត្ដទុកដាក់បន្ថែម។
លោកបានលើកឡើងថា ក្នុងអាណត្ដិនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់ជាគោលការណ៍ណែនាំ មកកាន់ក្រសួងថា រាល់ការប្រឡងចូលបម្រើ ក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលទាំងអស់ ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល របស់មុខងារសាធារណៈ គឺក្រសួងមុខងារសាធារណៈត្រូវជាអ្នករៀបចំ។
លោក ហ៊ុន ម៉ានី បានឲ្យដឹងថា អ្វីដែលក្រសួងមុខងារសាធារណៈ នឹងខំប្រឹងប្រែងធ្វើនៅក្នុងអាណត្តិទី៧នេះ ដែលក្រសួងបានទទួលគោលការណ៍ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត គឺការរៀបចំប្រព័ន្ធមួយ ដើម្បីផ្តល់ឱកាសឲ្យអ្នក ដែលមានបំណងចូលរួម ក្នុងការប្រឡងប្រកួតប្រជែង បម្រើការងារនៅក្នុងវិស័យសាធារណៈ គឺមានឱកាសស្មើៗគ្នា ហើយផ្អែកទៅលើសមត្ថភាពរៀងៗខ្លួន។
សូមបញ្ជាក់ផងដែរថា ការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ នឹងចាប់ផ្តើមការប្រឡង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។
ការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ នឹងផ្តល់ឱកាសដល់បេក្ខជន បេក្ខនារី ដែលមានសមត្ថភាពច្បាស់លាស់ ហើយការប្រឡងប្រជែងនេះ បានធានានូវតម្លាភាព និងប្រសិទ្ធភាពខ្ពស់៕
https://fb.watch/o6UCVuisSe/?mibextid=6aamW6
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk