រាជធានីភ្នំពេញ: នៅព្រឹកថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ លោក ហ្ងូវ ឆេងលុយ អ្នកយក ព័ត៌មានរបស់អង្គភាពគេហទំព័រ មាតុភូមិ និងលោក ស៊ុន សុផល និពន្ធនាយក គេហទំព័រ មាតុភូមិ រួម និងលោកចាងហ្វាង គេហទំព័រ រស្មី ញូស៍ បានទៅជួប លោក តាន់ ណាវិន ចៅសង្កាត់ទឹកថ្លា នៅសាលាសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ លើ ករណី មានជនអនាមិក បានយកថ្នាំពណ៌ ទៅបាញ់លុប បំបាត់ លេខទូរស័ព្ទ និងខ្លឹមសារ ប្រកាសលក់ដី របស់ លោក ហ្វូវ ឆេងលុយ ក្នុងស្លាកសញ្ញា ដែលបានដាក់តាំងក្នុងដីឡូតិ៍ មួយកន្លែង នៅខាងក្រោយក្រុមហ៊ុនលក់រថយន្ត ឆេរ៉ូឡែត ស្ថិតនៅក្នុងក្រុមទី៣ ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោក ហ្ងូវ ឆេងលុយ បានបញ្ជាក់អោយដឹង ថា : ដីរបស់លោក មានទំហ៊ំ ១១.៥ ម៉ែត្រ គុណ១១.៥ម៉ែត្រ មានប្លង់រឹង កម្មសិទ្ធិស្របច្បាប់ ទទួលស្គាល់ ពីក្រសួងដែនដី នគរូបណីយកម្ម និង សំណង់ ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខ: 12080205-0651 ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ចុះហត្ថលេខា ដោយលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី សំណង់ និង សុរិយោដី រាជធានី ភ្នំពេញ ។
លោក ឆេង លុយ បានបន្តអោយដឹងទៀតថា ទីតាំងដីរបស់ លោកបានធ្វើរបងបាំងសង្ក័សី ហ៊ុំព័ទ្ធជិតចាក់សោទុកចោលយូរមកហើយ តាំងពីមុនឆ្នាំកើតកូវីត ១៩ មកម្លេះ ទើបតែនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបានទៅលើកស្លាកសញា ប្រកាសដាក់ដីលក់ដោយសរសេរថា ” ដីលក់ ផ្ទេរកម្មសិទ្ធិ- ប្លង់រឹង ទំហំ 11.5m x 11.5m Tel: 089 55 66 63 l 096 863 5555 ” ។ ប៉ុន្តែ រហូត មកដល់យប់ថ្ងៃទី០៨ ខែវិច្ឆិកា រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៩ វិច្ឆិកា ២០២៣ មានជន មិនស្គាល់អត្តសញ្ញាណ បានយកថ្នាំពណ៌ ទៅបាញ់លុបលើ ស្លាកសញ្ញាដីលក់នេះ ថែមទាំង សរសេរ អក្សរដាក់ថា ដី មានវិវាទ និងលេខទូរស័ព្ទ 099 71 66 71 នៅលើស្លាកសញ្ញានេះ ។ ទង្វើរបស់ជនអនាមិកដែលបានប្រព្រឹត្តខាងលើនេះ លោកហ្ងូវ ឆេងលុយ បានបញ្ជាក់ថា គឺបានធ្វើអោយប៉ះពាល់ផលប្រយោជន៍ របស់លោក យ៉ាងធ្ងន់ធ្ងរ ហេតុដូច្នេះហើយ ទើបរូបលោក បានមកស្នើសុំរកកិច្ចអន្តរាគមន៍ ពីអាជ្ញាធរមូល ដ្ឋានដើម្បីអោយជួយ ។
ប៉ុន្តែពេលមកជួបលោក តាន់ ណាវិន ចៅសង្កាត់ទឹកថ្លា ដែលជាម៉ែ ជាឪ របស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់លោកចៅសង្កាត់គ្រប់គ្រង រូបលោកមានការខកចិត្តជាខ្លាំង ព្រោះចៅសង្កាត់ គឺលោក តាន់ ណាវិន ហាក់មិនយកចិត្តទុកដាក់ ចំពោះបញ្ហា កង្វល់ និងពាក្យបណ្តឹង ឬការសុំកិច្ចអន្តរាគមន៍របស់ប្រជាពលរដ្ឋនោះទេ ជាពិសេសគឺករណី ពាក្យបណ្តឹងរបស់ ហ្វូវឆេងលុយ ផ្ទាល់តែម្តង ព្រោះលោក ចៅសង្កាត់បាននិយាយថា រឿងដី របស់លោក ឆេងលុយ គឺ មានប្លង់រឹង រួចរាល់អស់ហើយ ហើយលោកបានចុះ ហត្ថលេខា ច្រើន ដងផងដែរ រាប់ទាំងការចុះហត្ថលេខា អនុញ្ញាតិអោយធ្វើរបងហ៊ុំព័ទ្ធ ។
ដូច្នេះលោកមិនលូកដៃចូលក្នុងករណីរបស់លោក ហ្ងូវ ឆេងលុយ ស្នើសុំកិច្ចអន្តរាគមន៍ អ្វីទៀតទេ ។ លោកតាន់ ណាវិន បាននិយាយនៅចំពោះមុខលោក ស៊ុន សុផល និង មឿងរស្មី ព្រមទាំងរូបលោក ហ្ងូវ ឆេងលុយ ហាក់ដូចជាបានដឹងនិងស្គាល់ អត្តសញ្ញាណជន អនាមិក ដែលបានយកថ្នាំពណ៌ទៅបាញ់លុប លើស្លាកសញ្ញាដីលក់ របស់លោក ហ្ងូវឆេងលុយយ៉ាងច្បាស់ ព្រោះលោកតាន់ ណាវិន បានដឹងរឿងរ៉ាវប្រវត្តិដីធ្លី នៅចំណុចទីតាំងនោះយ៉ាងលំអិត តាំងពីដើមទី រហូតទម្រាំ លោក ហ្ងួវ ឆេងលុយ ទទួលបានប្លង់រឹង ស្របច្បាប់ ។
ទោះជាការស្នើ សុំត្រឹមតែអោយលោកចៅសង្កាត់ ជួយចេញលិខិតជូនដំណឹង ១ច្បាប់ ដើម្បីយកទៅបិទនៅទី តាំងដីនោះ ប្រកាសរកមុខ ជនអនាមិកអោយចូលខ្លួនមក បំភ្លឺ នៅចំពោះមុខអាជ្ញាធរសង្កាត់ទឹកថ្លា ពីទង្វើដែលជន នោះបានប្រព្រឹត្តកន្លងមក ចៀសវាង កុំអោយកើតមាន ករណីនេះជាលើកទី២ ក៏លោក តាន់ ណាវិន មិនចុះហត្ថលេខា ឬ បោះត្រា អោយដែរ ដោយលោក គ្រាន់តែប្រាប់ថា ទៅលើកស្លាកសញ្ញានេះម្តងទៀត បើកើតមានករណីបាញ់ថ្នាំលុបពីលើម្តងទៀតចាំមកប្រាប់លោកសារជាថ្មី ។ ប្រការដែលលោកចៅសង្កាត់ តាន់ ណាវិន ឆ្លើយតបចំពោះការ ស្នើសុំកិច្ចអន្តរាគមន៍របស់លោក ឆេងលុយ ដូចរៀបរាប់ខាងលើនេះ បានធ្វើ អោយមានការហួសចិត្ត និងខកចិត្តជាខ្លាំងពីប្រជាពលរដ្ឋ ព្រោះក្នុងតួនាទី ភារកិច្ចបំរើ និង ការពារប្រជាពលរដ្ឋ ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានមិនគួរណាព្រងើយកន្តើយបែបនេះទេ ៕ ដោយ: សុផល
https://fb.watch/o6UCVuisSe/?mibextid=6aamW6
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222






