ខេត្តកំពង់ធំ ៖ កម្លាំងស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ ដឹកនាំផ្ទាល់ដោយ លោក ខេន ឈុនគ័រ ស្នងការរង សហការជាមួយកម្លាំង អធិការដ្ឋានក្រុងស្ទឹងសែន រួមទាំង ប្រជាការពារ និងសាច់ញាតិសព ប្រមាណជា ២០ នាក់ រុករកសពយុវជន ដែលលិចទូក លង់ទឹកបាត់បង់ជីវិត រហូតដល់ល្ងាច ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ទើបរកឃើញសាកសព ចម្ងាយប្រហែល ៣០ ម៉ែត្រ ពីកន្លែងកើតហេតុ ដែលមានសភាពហើម ទៅហើយ ។ សពត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី។

សូមបញ្ជាក់ផងដែរថា សពយុវជន ដែលលិចទូក លង់ទឹកបាត់បង់ជីវិត ពេលស្ទូចត្រី កម្សាន្ត នៅក្រោមស្ពានស្ទឹងសែននាពេលនេះ ត្រូវបានរកឃើញហើយ បន្ទាប់ពីមានការរុករក យ៉ាងសស្រាក់ស្រាំ ពីកម្លាំងអាជ្ញាធរខេត្តកំពង់ធំ រួមទាំងសាច់ញាតិសព។

ការរកឃើញ សាកសពលង់ទឹកនេះ គឺមានបារមីព្រះសង្ឃមួយអង្គ បានបណ្ដែតកន្ទោង នៅក្នុងស្ទឹង ខណៈនោះ កន្ទោងឈប់នឹងថ្កល់ ក៏ឃើញសាកសពអណ្ដែតផុសចេញ នៅគោលដៅនោះ តែម្តងផងដែរ។ទាំងនេះ គឺជាការលើកឡើងរបស់ប្រជាពលរដ្ឋ ដែលមានអបីយជំនឿ ដោយឡែក លោក គឹម សុខមករា អធិការក្រុងស្ទឹងសែន សូមអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋ ទាក់ទងទៅនឹងការ លំហែអារម្មណ៍ ដូចជាការស្ទូចត្រី ឬបង់សំណាញ់ លេងកម្សាន្ត នៅតាមដងស្ទឹងសែន ឬរមណីយដ្ឋាននានា សូមឱ្យចូលរួមពាក់អាវពោងទាំងអស់គ្នា ដើម្បីជៀសវាងគ្រោះថ្នាក់ ឬជួបឧបទ្ទវហេតុណាមួយ ដោយចៃដន្យ ដែលនាំឲ្យមានការបាត់បង់ជីវិត ដូចករណីនេះ។

គួររំលឹកផងដែរថា នៅរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ មានមនុស្សប្រុស បីនាក់ បានជិះទូកស្ទូចត្រី នៅក្រោមស្ពានស្ទឹងសែន ស្ថិតក្នុងភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ខណៈនោះស្រាប់តែលិចទូក បណ្ដាលឲ្យបុរសម្នាក់ បានបាត់ខ្លួន ហើយពីរនាក់ទៀត ត្រូវបានអ្នកនេសាទ និងប្រជាពលរដ្ឋ ជួយសង្គ្រោះបាន។

យោងតាមរបាយការណ៍ អធិការដ្ឋាននគរបាលក្រុងស្ទឹងសែន បានឲ្យដឹងថា អ្នកបាត់ខ្លួន ដោយការលង់ទឹកនោះ ឈ្មោះ ខេង ហ្វីលីពីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងបិទស្កុត ម៉ូតូ មានទីលំនៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទី២-ឈ្មោះ ថោង ខេមរេត ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរ នគរបាលខេត្ត មានទីលំនៅភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន និងទី៣-ឈ្មោះ ជាតិ ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុនត្រាក់ទ័រចនឌៀ អ្នកតាក្រហមក មានទីលំនៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទាំងពីរនាក់ បានត្រូវជួយសង្រ្គោះ ឱ្យរួចផុតពីគ្រោះថ្នាក់នេះ៕
https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed