ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើងបង្កឲ្យមានកាលពី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងទឹកស្រែ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិម្ភៃបួន សង្កាត់ព្រៃ.ស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីម្នាក់មានសតិមិនសូវល្អរយៈពេល១០ឆ្នាំកន្លងមកហើយ ហើយខណៈពេលប្ដីរបស់គាត់ជាប់រវល់ទៅធ្វើការ ស្ត្រីរូបនេះក៏បានចាកចេញបាត់ពីផ្ទះអស់១យប់១ថ្ងៃ ក្រោយមកស្រាប់តែអ្នកភូមិដែលទៅនេសាទត្រីក៏ប្រទះឃើញស្ត្រីរងគ្រោះស្លា.ប់អណ្ដែតទឹកស្រែតែម្តង។

ស្ត្រីរងគ្រោះ មានឈ្មោះ សៅ ស៊ីនួន ហៅប៉ុច ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ៨៩ ផ្លូវM០៥ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ។

អ្នកភូមិបាននិយាយឱ្យដឹងថា ខណៈពេលដែលពួកគាត់ដើរនេសាទត្រី ដើម្បីយកទៅធ្វើម្ហូប ស្រាប់តែឃើញស.ពស្ត្រីខាងលើ អណ្ដែតទឹក ដោយមានរុំភួយថែមទៀតផង។ ពេលនោះពួកគាត់ពុំហ៊ានប៉ះពាល់នោះទេ បន្ទាប់មកពួកគាត់ក៏បានរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដង្កោ ឲ្យចុះពិនិត្យមើលភ្លាមៗតែម្ដង ព្រោះភ្លាមៗនោះ ពុំដឹងថា ជនរងគ្រោះស្លា.ប់ដោយសារអ្វីឡើយ។

ប្តីស្ត្រីរងគ្រោះបានប្រាប់ឱ្យដឹងថា អ្នកស្លាប់នោះ គឺជាប្រពន្ធរបស់គាត់ ដែលមានបញ្ហាសតិមិនល្អរយៈពេល១០ឆ្នាំមកហើយ ដោយឡែកកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៨ព្រឹកនេះ គាត់បានចេញពីផ្ទះទៅធ្វើការនៅសាលាខណ្ឌទួលគោក ដោយទុកប្រពន្ធនៅក្នុងផ្ទះ។ ពេលនោះគាត់ក៏បានចាក់សោពីខាងក្រៅផងដែរ ព្រោះខ្លាចប្រពន្ធដើរវង្វេងបាត់ លុះដល់វេលាម៉ោង១០ព្រឹកថ្ងៃខែឆ្នាំដដែល ស្រាប់តែក្មួយរបស់គាត់ទូរស័ព្ទប្រាប់គាត់ថា ប្រពន្ធគាត់បានចាក់សោទ្វារផ្ទះចេញទៅក្រៅបាត់ហើយ។

បុរសជាប្ដីនេះ បានឲ្យដឹងថា ពេលឮដូចនេះ គាត់ក៏បានប្រញាប់ប្រញាល់វិលត្រឡប់ទៅផ្ទះវិញ ហើយនាំគ្នាដើររករហូតដល់យប់នៅតែរកមិនឃើញឡើយ រហូតដល់វេលាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ គាត់បានទៅធ្វើការបន្តទៀត។

លុះដល់វេលាម៉ោង១០ព្រឹកថ្ងៃដដែល ស្រាប់តែបងថ្លៃស្រីឈ្មោះ សៅ យិន អាយុ៥១ឆ្នាំ បានខលមកប្រាប់គាត់ថា បានទទួលដំណឹងថាមានគេប្រទះឃើញស.ពស្ត្រីម្នាក់អណ្ដែតទឹកស្រែ និងត្រូវបាននគរបាលនាំយកទៅតម្កល់ទុកនៅឈាបនដ្ឋានវត្តឫស្សីសាញ់ បន្ទាប់មកគាត់ក៏បានទៅមើល ហើយក៏ឃើញអ្នកស្លាប់នោះ គឺជាប្រពន្ធរបស់គាត់។

យោងតាមការពិនិត្យកោសល្យវិច័យការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងគ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ឃើញថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន៕
https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed