ខេត្តបន្ទាយមានជ័យ : នៅ ថ្ងៃទី១៤និងទី១៥ ខែកញ្ញា ឆ្នាំ២០២២ នោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ព្រមទាំងសហការី តំណាង ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងលោកជំទាវ កែ សួនសុភី ព្រមទាំងពុទ្ធបរិស័ទជាច្រើនរយនាក់បាន ផ្តួច ផ្តើមចូលរួម កាន់វេនភ្ជុំបិណ្ឌ ទី៥ នៅវត្តគីរីរុក្ខារាមថ្មរមៀល ក្នុងភូមិថ្មរមៀលលិចកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្នុងនោះបាននាំយកបច្ច័យចំនួន ២៧.៤៥៩.០០០ រៀល និង ទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃ ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៥នេះ។

ព្រះចៅអធិការវត្តគីរីរុក្ខារាមថ្មរមៀល បានមានសង្ឃដិកាថា បុណ្យភ្ជុំបិណ្ឌនេះ ជាបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។បុណ្យភ្ជំបិណ្ឌនេះត្រូវបានប្រារព្ធធ្វើឡើងរៀងរាល់១ឆ្នាំម្តង តាមប្រពៃណីនៃព្រះពុទ្ធសាសនា ក្នុងនោះមានពុទ្ធបរិស័ទ ប្រជាជន បាន​បូជា​ទៀន​ធូប​ផ្កាភ្ញី​ចំពោះ ព្រះ​រតនត្រៃ​ សមាទាន​សីល ធ្វើ​កិច្ច​នមស្សការ​បង្សុកុល​ព្រមទាំង​បាន​នាំយក​នូវ​បច្ច័យ​ ទេយ្យទាន​ គ្រឿងឧបភោគ​ បរិភោគ ភេសជ្ជៈ ផ្លែឈើ បាយ​សម្ល នំចំណី ជាច្រើន​ មុខ​ទៅ​វេរ​ប្រគេន​ ព្រះសង្ឃ ដើម្បីឧទ្ទិសនូវមផលជូន​ទៅ​ដល់​វិញ្ញានក្ខន្ធ​បុព្វការី​ជន​ មាន​មាតាបិតា​ ជីដូន​ជីតា​ ញាតិ​ការ​ទាំង​៧​សណ្ដាន និងបុព្វបុរសដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ ដែលលោកបានចែកឋានទៅកាន់ បរលោកខាងមុខហើយនោះ។

ព្រះចៅអធិការវត្តគីរីរុក្ខារាមថ្មរមៀល បានមានសង្ឃដិកាថាបន្តទៀតថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នេះ ជាបុណ្យមួយតាមបែបពុទ្ធសាសនា សម្រាប់ឧទ្ទិសកុសល ទៅដល់ប្រេតជូនញាតិ ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ ហើយពិធីបុណ្យនេះបានប្រារព្ធធ្វើ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ។

បុណ្យកាន់បិណ្ឌ គេតែងតែប្រារព្ធធ្វើជាប្រពៃណី តាំងពីបរមបុរាណតរៀងមក មានគោលបំណងដើម្បីទុកលទ្ធភាពឲ្យព្រះសង្ឃគ្រប់ព្រះអង្គ ដែលគង់ចាំព្រះវស្សា នៅក្នុងទីអារាម ទទួលការផ្គត់ផ្គង់ពីពុទ្ធបរិស័ទចំណុះជើងវត្ត ទំនុកបម្រុងព្រះសង្ឃ គង់ចាំវស្សាក្នុងវត្តរយៈពេល ៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា និងក៏ជារំឭកដល់វិញ្ញាណក្ខន្ធបុព្វការីជន ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះបានលើកឡើងកាលពីក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈគោលនយោបាយ យុទ្ធសាស្រ្តស្រោចវ៉ាក់សាំងនៅទូទាំងប្រទេស ដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ បានធ្វើឲ្យប្រជាពលរដ្ឋមានឱកាសបានជួបជុំ និងគោរពប្រណិបត្តិ សាសនា តាមជំនឿរៀងៗខ្លួន ជាពិសេសធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យផងដែរ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២បានទាំងអស់ នេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ អំពីការស្រលាញ់ពេញចិត្តការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន ដើម្បីដឹកនាំប្រទេស បន្តរក្សាសន្តិភាព និងការអភិវឌ្ឍ បន្តទៀត និងសូមបន្តការគាំទ្រនេះ ក្នុងការបោះឆ្នោតអាណត្តិក្រោយៗទៀត ។
ជាមួយគ្នានោះ ដើម្បីចូលរួមចំណែក និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនាលោកបាននាំយកនូវទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យបានចំនួន ២៧.៤៥៩.០០០ រៀល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្ត ព្រះសង្ឃចំនួន៣៨អង្គ ១អង្គ ប្រគេន៤១ម៉ឺនរៀល ទឹកក្រូច១កេស ទឹកសុទ្ធ១កេស ស្លាដក់១ ភេជសជ្ជ:១កន្ត្រក និងនំបញ្ចុក សម្លការីចំនួន១០០គីឡូក្រាម សម្រាប់ជូន លោកយាយ លោកតា ពុទ្ធបរស័ទ ពិសារក្នុងពិធីបុណ្យនេះផងដែរ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *