ភ្នំពេញ៖​ អនុវត្តតាមបទបញ្ជារបស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានី​ភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ បានចុះបិទដេប៉ូខ្សាច់ចំនួន៤ទីតាំង នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម និងចាក់អង្រែលើ ខណ្ឌមានជ័យ។

លោក ស៊ុយ សេរិទ្ធ បានឱ្យដឹងថា ការចុះបិទ ដេប៉ូខ្សាច់ចំនួន៤ទីតាំងខាងលើនេះ ធ្វើឡើង​តាម​បទ​បញ្ជារបស់ឯកឧត្ដម ឃួង ស្រេង ​ដោយសារទីតាំងខាងលើមិនអនុវត្តតាមការណែនាំ​របស់រដ្ឋបាល​រាជធានីភ្នំពេញ ​ដោយធ្វើឱ្យដីខ្សាច់ហូរហៀលើទ្រូវផ្លូវ ពិបាកធ្វើដំណើរ បង្កឱ្យមានគ្រោះថ្នាក់​ចរាចរណ៍ និងបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនថែមទៀតដូចជា ខូចខាតផ្លូវ ប្រព័ន្ធលូជាដើម។

លោក ស៊ុយ សេរិទ្ធ បន្ថែមថា អាជីវកម្មទាំង៤ទីតាំងខាងលើនេះ ​គឺត្រូវបិទទាំងស្រុងតែម្តង មិនទុក​ឱ្យដេប៉ូខ្សាច់ទាំងនេះ ​បំផ្លាញហេដ្ឋារចនាសម្ព័ន្ធទៀតទេ ​ហើយរាល់រចនាសម្ព័ន្ធ ​ដែលខូចខាត ដូចជា លូ ផ្លូវ នៅលើផ្លូវជាតិលេខ២ ផ្លូវ៦០ម៉ែត្រ និងផ្លូវ ៣០ម៉ែត្រ ម្ចាស់ដេប៉ូខ្សាច់ខាងលើត្រូវតែ​កើបដីខ្សាច់​ចេញ​ពីថ្នល់និងធ្វើការជួសជុលឡើងវិញទាំងលូ និងផ្លូវ។

លោក បានបញ្ជាក់ផងដែរថា ទីតាំងដេប៉ូខ្សាច់ខាងលើនេះ ​ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ​ធ្វើការ​ណែនាំ និងធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសាររួចមកហើយ និងបានណែនាំឱ្យម្ចាស់ដេប៉ូមាន​ម៉ាស៊ីន​លាងកង់រថយន្ត ​និងដឹកជញ្ជូនខ្សាច់នៅពេលយប់វិញ ​ប៉ុន្តែទោះបីជាយ៉ាងណាក្តី ម្ចាស់​អាជីវកម្មនៅតែអនុវត្តមិនបានល្អ​ទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ទើបរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទអាជីវកម្មទាំងស្រុងតែម្តង។

គួរបញ្ជាក់ថា នៅតាមបណ្តោយផ្លូវជាតិលេខ ២នេះ មានទីតាំងដេប៉ូខ្សាច់ចំនួន៦ តែកំពុង​ធ្វើ​អាជីវកម្ម​តែ៤ ទីតាំងប៉ុណ្ណោះ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed