រាជធានីភ្នំពេញ : ទីតាំងល្បែងជល់មាន់និងអាប៉ោងដ៏ធំមួយក្នុងខណ្ឌមានជ័យ បានបើកលេងយ៉ាងរលូនដោយមានម្ចាស់សៃវៀនមាន់និងអាប៉ោង ឈ្មោះសិទ្ធិ និង ឈ្មោះសាត បានបើកលេងយ៉ាងអនាធិបតេយ្យដោយគ្មានការរំខានពីសមត្ថកិច្ចឡើយ។
ទីតាំងសៃវៀនមាន់នឹងអាប៉ោង ស្ថិតនៅដីឡូត៍មួយកន្លែងក្នុងភូមិចំរើនផល សង្កាត់បឹងទំពន់មួយ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានអ្នកលេងហ៊ោកញ្ច្រៀវអឺងកង ប៉ុន្តែសំឡេងទាំងនោះមិនបានប៉ះពាល់ដល់ត្រចៀកអាជ្ញាធរនិងសមត្ថកិច្ចនោះឡើយ។
គួរបញ្ជាក់ថា ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿងនិងសុខដុមរម្យនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញ នូវគោលនយោបាយ<<ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព>>ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមាន គ្មានបទល្មើស លួច ឆក់ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ។
ដូច្នេះប្រសិនបើអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន មិនព្រមធ្វើការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួនទេនោះ គឺបានបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ ពុំបានអនុវត្តនូវគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញនោះទេ។
ពាក់ព័ន្ធនឹងទីតាំងល្បែងស៊ីសងខាងលើនេះ នៅតែអាចដំណើរការបានយ៉ាងរលូន មហាជនក៏ដូចជាពលរដ្ឋ ដែលរស់នៅជិតទីតាំងល្បែងស៊ីសងខាងលើ បានដាក់ការសង្ស័យថា បើមិនមានការត្រូវរ៉ូវគ្នា អាជ្ញាធរក៏ដូចជាសមត្ថកិច្ចក្នុងមូលដ្ឋាន មិនបើកភ្លើងខៀវឲ្យ ទីតាំងល្បែងស៊ីសងខាងលើនេះ បើកដំណើរការយ៉ាងរំភើយដូច្នេះទេ?
ពលរដ្ឋនិងមហាជនជាច្រើន ស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី និងឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាមានវិធានការ ដាក់បទបញ្ជា ដល់មន្ត្រីក្រោមឱវាទ ចុះបង្ក្រាបទប់ស្កាត់ ទីតាំងបនល្បែងស៊ីសងខាងលើនេះផង។
បើយោងតាមច្បាប់នៃការបង្ក្រាបល្បែងសុីសង ជំពូក៣ ទោសបញ្ញត្តិ បានចែងក្នុងមាត្រា ៤ ជនណាលេងល្បែងសុីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយមុឺនរៀល(១០.០០០) ដល់ ប្រាំមុឺនរៀល (៥០.០០០) ឬដាក់គុកពីមួយថ្ងៃដល់មួយខែ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំមុឺនរៀល(៥០.០០០)ដល់ប្រាំសែនរៀល(៥០០.០០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។
មាត្រា៥ ត្រូវផ្តន្ទាទិសពិន័យជាប្រាក់ពីប្រាំលានរៀល(៥.០០០.០០០)ដល់ម្ភៃលានរៀល(២០.០០០.០០០)និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងសុីសង អ្នកកាន់កាប់ល្បែងសុីសង អ្នកចាត់ចែងនិងភ្នាក់ងារសុីសង។ ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើជាអតិបរមា។ នឹងមាត្រា ៦-៧-៨-៩-១០ និង១១ទៀតផង ….
ក្រុមការងារអ្នកសារព័ត៌មានយើងRMN News រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕
https://www.rmn.asia
ទូរសព្ទទំនាក់ទំនង : 012 278 222