ខេត្តតាកែវ : នៅរសៀលថ្ងៃសុក្រ ០៨រោច ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តតាកែវ បានអញ្ជើញចូលរួមអមដំណេីរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ សមាជិកអតីតយុទ្ធជនកម្ពុជា ខេត្តតាកែវ ជាជនពិការ ប្រភេទ ក១ និងក២ ចំនួន ២៦០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០០,០០០៛ (ដប់មុឺនរៀល) និងប្រធានប៉ុស្តិ៍រដ្ឋបាលចំនួន១០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០,០០០៛ (ប្រាំមុឺនរៀល) ព្រមទាំងប្រគល់អំណោយដ៍ថ្លៃថ្លារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។
លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តតាកែវ ជំនួសមុខ ឲ្យអតីតយុទ្ធជនកម្ពុជាខេត្តតាកែវទាំងអស់ សូមគោរព ដឹងគុណ និងថ្លែងអំណរគុណយ៉ាងស្មោះសរ ជូនសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលសម្តេចលោកតែងគិតគូរអំពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន ក៍ដូចជាបងប្អូនជនពិការប្រភេទក១ និងក២ ខេត្តតាកែវយេីងរៀងរហូតមក។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី អនុប្រធាន អគ្គលេខាធិការ សមគមអតីតយុទ្ធជនកម្ពុជា បានផ្ដាំផ្ញើដល់អាជ្ញាធរដែនដី និងគណៈកម្មាធិការសមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងការមើលថែទាំសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន ក្នុងនោះត្រូវ ពង្រឹងស្ថាប័នមន្ទីរ អង្គភាពនានា ដែលចងសម្ព័ន្ធមេត្រីភាពជាមួយបងប្អូនអតីតយុទ្ធជន ដើម្បីបង្កលក្ខណៈងាយ ស្រួលក្នុងការជួយដោះស្រាយជីវភាពបងប្អូនឲ្យកាន់តែមានភាពប្រសើរឡើង ជាពិសេសដល់បងប្អូនទាំងអស់ត្រូវតែបន្តនូវការ ការពារខ្លួនអោយបានខ្ពស់បំផុត និងត្រូវតែធ្វើតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ពិសេស អនុវត្តតាម អនុសាសន៍ របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល គឺវិធានការ <<៣ការពារ និង ៣កុំ>> ៕
https://www.rmn.asia