RMN>February 24, 2022
ក្រុងប៉ោយប៉ែត ៖ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ នៅវេលាម៉ោង០៤ល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះហាមឃាត់ប្រជាពលរដ្ឋថៃចំនួន០៥នាក់ ស្រី០១នាក់ មិនឲ្យដាំដំណាំនៅលើដីតំបន់ព្រំដែនមិនទាន់ច្បាស់លាស់មុខភូមិសាស្ត្រភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ បានឲ្យដឹងថា៖នៅវេលាម៉ោង០៤ ល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងនគរបាលការពារប៉ុស្តិ៍ព្រៃគប់នៃវរសេនាតូចការពារព្រំដែនគោកលេខ៩១១និងកម្លាំងអន្តរាគមន៍របស់វរៈសរុប ចំនួន១០នាក់ ដឹកនាំដោយលោកវសេនីយ៍ទោ ជា លាងហៃ មេបញ្ជាការរង បានចុះហាមឃាត់ពលរដ្ឋថៃចំនួន០៥នាក់ ស្រី០១នាក់ ដែលបានយកអំពៅមកដាំ ក្នុងតំបន់ព្រំដែនមិនទាន់ច្បាស់លាស់ (ខាងកម្ពុជា)មុខភូមិសាស្ត្រភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង(ខាងថៃ)ទល់មុខភូមិប៉ារ៉ៃថ្មី ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ។

លោកមេបញ្ជាការបានបញ្ជាក់ថា៖ក្រោយពីកម្លាំងនគរបាលយើងបានធ្វើការហាមឃាត់ជនជាតិថៃទាំងនោះមិនឲ្យដាំអំពៅ ភ្លាមៗនោះ ថ្ងៃទី២៣ ខែកុម្ភ ២០២២ វេលាម៉ោង១៦:០០នាទី មួយសន្ទុះក្រោយមកក៏មានកម្លាំងទាហានឈុតខ្មៅថៃកងវរសេនាធំលេខ១២ ចំនួន១០នាក់ ដឹកនាំដោយលោកវសេនីយ៍ឯក ភិយានេត ផាត់ថាឡាក់ សាតវ៉ាត់តាវង្ស មេបញ្ជាការកងវរសេនាធំលេខ១២ បានមកដល់ទីនោះ ហើយកម្លាំងយើងក៏បានឲ្យភាគីទាហានថៃ ឲ្យជួយហាមឃាត់ប្រជាពលរដ្ឋរបស់ខ្លួនបញ្ឈប់ការដាំដុះ កាប់ឆ្ការ ឬធ្វើអ្វីផ្សេងៗ នៅក្នុងតំបន់ព្រំដែនមិនទាន់ច្បាស់លាស់នេះ ខាងភាគីថៃបានយល់ព្រម ហើយបានឲ្យពលរដ្ឋថៃទាំងនោះឈប់ដាំដុះភ្លាមៗនិងត្រឡប់ទៅវិញផងដែរ ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed