ភ្នំពេញ៖ មូលនិធិពានរង្វាន់សន្តិភាពស៊ុនហាក់ បានរៀបចំសន្និសីទព័ត៌មានមួយនៅល្ងាចថ្ងៃទី ៧ ខែកុម្ភៈ ដោយប្រកាសពីជ័យលាភីពានរង្វាន់សន្តិភាពប្រចាំឆ្នាំ២០២២របស់ខ្លួន ។ ម្ចាស់ជ័យលាភីចំនួន ៣ ត្រូវបានប្រកាសក្នុងកម្មវិធីនេះ រួមមាន សហអ្នកបង្កើតវ៉ាក់សាំង Oxford-AstraZeneca , សម្ព័ន្ធវ៉ាក់សាំង GAVI និងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

តាមការគ្រោងទុក សម្តេចតេជោ ហ៊ុន សែន នឹងទទួលពានរង្វាន់សន្តិភាព«ស៊ុនហាក់» ឆ្នាំ ២០២២ នាថ្ងៃទី ១២ ខែកុម្ភៈ ក្នុងកម្មវិធីជំនួបកំពូល«សន្តិភាពពិភពលោក»។ ជាពិសេស សម្តេចនាយករដ្ឋមន្ត្រី ក៏នឹងធ្វើជាសហប្រធានជំនួបកំពូល«សន្តិភាពពិភពលោក»ផងដែរ ។ មេដាយមាស និង ថវិកា១លានដុល្លារ នឹងត្រូវប្រគល់ជូនសម្តេច ហ៊ុន សែន ក្នុងអំឡុងជំនួបកំពូល «សន្តិភាពពិភពលោក» ឆ្នាំ២០២២ នេះតែម្ដង ។  

កាលពីថ្ងៃទី៤ ខែកុម្ភៈ សម្តេច ហ៊ុន សែន បានប្រកាសថា ថវិកា​ចំនួន​ ១​ លាន​ដុល្លារ​អាម៉េរិក​ទទួលបាន​ពី​ពានរង្វាន់ សន្តិភាព​ស៊ុនហាក់ ឆ្នាំ​២០២២ ​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ការបន្ត​សាងសង់​លំនៅឋាន​ជូន​អតីតយុទ្ធជន​កម្ពុជា​។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិងកំពុងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីសន្តិភាព ដោយបានចូលរួមយ៉ាងសកម្ម ក្នុងវេទិកាសន្តិភាពអន្តរជាតិ និងគំនិតផ្ដួចផ្ដើមសន្តិភាព រួមទាំងកម្មវិធីដែលរៀបចំឡើងដោយសហព័ន្ធសន្តិភាពសកល (UPF) ហើយជាពិសេស បានបង្ហាញពីភាពជាអ្នកដឹកនាំឆ្នើមសម្រាប់ការអភិវឌ្ឍដោយចីរភាព នៅអាស៊ីអាគ្នេយ៍ ។

មិនត្រឹមតែប៉ុណ្ណោះ សម្តេចនាយករដ្ឋមន្ត្រី  បានធ្វើជាសហប្រធាននៃ«កិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ» ស្របតាមគម្រោងសន្តិភាពកូរ៉េតែមួយ ដែលជាដំណើរការសន្តិភាពថ្មី នៅលើឧបទ្វីបកូរ៉េ ហើយដែលស្នើឡើងដោយលោកស្រីបណ្ឌិត ហាក់ ចាហាន់ មូន។

កិច្ចប្រជុំកំពូលដើម្បីសន្តិភាពនៅឧបទ្វីបកូរ៉េ គឺជាគំនិតផ្ដួចផ្ដើមរបស់អង្គការអន្តរជាតិមួយ ដែលបានចាប់ផ្ដើមក្នុងខែកញ្ញា ឆ្នាំ២០២១ ដោយមានមេដឹកនាំនិងបញ្ញវន្តមកពីប្រទេសចំនួន ១៥៧ ហើយដែលមានទំនាក់ទំនងការទូតរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ដើម្បីសន្តិភាពនៅលើឧបទ្វីបកូរ៉េ។ ត្រង់ចំណុចនេះ សម្ដេច បានបង្ហាញការដឹកនាំដើម្បីឈានដល់ការបង្កើតទំនាក់ទំនងអន្តរកូរ៉េ។

មែនទែនទៅ ពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាមហាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល និងស័ក្ដិសមបំផុតចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជា «បិតាស្ថាបនិកសន្តិភាព» ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងបញ្ញាញាណ ព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

ការដឹកនាំបញ្ចប់សង្គ្រាមបង្ហូរឈាម ក្រោមនយោបាយឈ្ន-ឈ្នះ នៅកម្ពុជា ធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាពពេញបរិបូរណ៍ ការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីពេញលេញ មានការធានាឯករាជ្យ និងអធិបតេយ្យជាតិ។ ទន្ទឹមនោះ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ព្រមទាំងធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានកិត្យានុភាពនៅលើឆាកអន្តរជាតិគឺជាយុទ្ធសាស្ត្រចម្បងរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។

វីរភាពដ៏ឧត្តុង្គឧត្តម និងពលិកម្មដ៏ធំធេងនេះ មិនត្រឹមតែបាននាំមកនូវសុខសន្តិភាពដល់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកដ៏សំខាន់ ក្នុងការកសាងសន្តិភាពសម្រាប់ប្រជាជាតិក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោកទាំងមូលផងដែរ។ សកម្មភាពទាំងនេះហើយ ដែលធ្វើឱ្យ មូលនិធិសន្តិភាពស៊ុនហាក់ របស់ប្រទេសកូរ៉េខាងត្បូង សម្លឹងឃើញបេក្ខភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការទទួលជ័យលាភី ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ នេះ។

គួរបញ្ជាក់ផងដែរថា ពានរង្វាន់សន្តិភាពស៊ុនហាក់ ត្រូវបានបង្កើតឡើង ដើម្បីទទួលស្គាល់ឥស្សរជន និងស្ថាប័ននានា ដែល បានបម្រើមនុស្សជាតិដែលអាចជាគំរូមួយ ធ្វើឱ្យពិភពលោកកាន់តែមានភាពប្រសើរឡើង សម្រាប់មនុស្សជំនាន់ក្រោយ ខណៈពានរង្វាន់សន្តិភាពអន្តរជាតិនេះ បានបង្កើតឡើងដើម្បីរំលឹកដល់ទស្សនៈវិស័យសន្តិភាពរបស់ ស្ថាបនិកគឺលោក ស៊ុនម្យ៉ុនមូន និងលោកស្រីបណ្ឌិត ហាក់ ចាហាន់ មូន៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed