ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបណ្តាញក្រុមឧក្រិដ្ឋជនគ្រឿងញៀនឆ្លងដែនខុសច្បាប់ រឹបអូសគ្រឿងញៀននិងសារធាតុគីមីផ្សំជាង១០៤គ.ក្រ

ខេត្តកណ្ដាល; ដោយអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ ក្រោមការសម្របសម្រួលនិីតិវិធីពី ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល។ កាលពីថ្ងៃទី២៨-២៩-៣០ ខែឧសភា ឆ្នាំ២០២១ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត និងកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងដែន (ក១០) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ព្រមទាំងមានការចូលរួមពីកម្លាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ពី លោក សេង រិទ្ធី ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តកណ្តាល និងលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស៊ើបអង្កេត-ស្រាវជ្រាវ ឈានដល់ការបង្ក្រាបករណី កែច្នៃ រក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន សរុបចំនួន៦គោលដៅនៅរាជធានីភ្នំពេញ។ សមត្ថកិច្ច ឃាត់ខ្លួនបណ្តាញឧក្រិដ្ឋជនគ្រឿងញៀនឆ្លងដែនខុសច្បាប់ សរុបចំនួន៦នាក់ (ជនជាតិចិន៥នាក់ និងវៀតណាម១នាក់) ចាប់យកវត្ថុតាងរួមមាន ៖ ១-សារធាតុញៀន សរុបទម្ងន់ ៩៤៧៩៣,៨៤ក្រាម (៩៤គីឡូ និង ៧៩៣,៨៤ក្រាម) ២-ល្បាយគីមីផ្សំ P2P និង MAPA សរុបទម្ងន់ ១០៥១៩,៨៨ ក្រាម (១០គីឡូ និង ៥១៩,៨៨ក្រាម) ៣-កាំភ្លើងខ្លី ចំនួន០២ដើម ៤-កាំភ្លើងខ្លីកែច្នៃ ពណ៌ស ចំនួន០២ដើម ៥-រថយន្ត ចំនួន០៣គ្រឿង ៦-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០៥គ្រឿង ៧-ទូរស័ព្ទចំនួន ១២គ្រឿង ៨-ឧបករណ៍កែច្នៃគ្រឿងញៀន និងសម្ភារៈពាក់ព័ន្ធមួយចំនួនធំ។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល នារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ដើម្បីចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed