លោកមេបញ្ជាការរងនគរបាលវរៈព្រំដែនគោកលេខ៨០៧​ ថ្លែងថានឹងចាត់វិធានការណ៌តាមផ្លូវច្បាប់ចំពោះ​សារព័ត៌មាន​ឬអាខោនហ្វេសបុកណាដែលផុស(post)ផ្សាយមួលបង្កាច់និងបរិហា​កេរ្តិ៍​រូបលោក។

ប៉ោយប៉ែត​បន្ទាយមានជ័យ​៖ក្នុងឱកាសជួបសម្ភាសផ្ដល់​ព័ត៌មាន​ជាមួយអ្នកយក​ព័ត៌មាន​រស្មីញ៉ូស៌នៅព្រឹកថ្ងៃទី15កក្កដា2021ក្នុងគេហដ្ឋានរបស់លោកនៅភូមិអណ្ដូងថ្មមាសសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត​លោកវរសេនីយ៌ទោ​ តាំងកុកឆាយ​ បានថ្លែងឲ្យដឹងថា​ លោកនឹងចាត់វិធានការណ៌តាមផ្លូវច្បាប់ចំពោះអ្នកសារ​ព័ត៌មាន​ឬបណ្ដាញទំនាក់ទំនងសង្គម(ហ្វេសប៊ុក)ណាដែលផ្សាយបង្កាច់បង្ខូចបរិហារ​កេរ្តិ៍​រូបលោកផ្ទុយពីការពិតក្នុងរឿងសមត្តកិច្ចជំនាញចាប់សាច់និងគ្រឿងក្នុងជ្រូកជាច្រេីនតោនរបស់ឈ្មួញដែលលួចលាក់នាំចូលគ្មានច្បាប់កាលពីថ្ងៃទី14កក្កដាម្សិលមិញនេះ។

សូមរម្លឹកថាកាលពីថ្ងៃទី14កក្កដាសមត្តកិច្ចចម្រុះដឹកនាំដោយលោកហ៊ុយទូចប្រធានពេទ្យសត្វខេត្តបានចុះចាប់សាច់​ និងគ្រឿងក្នុងជាច្រេីនតោនដែលឈ្មួញលួចលាក់នាំចូលពីប្រទេសថៃតាមច្រកអន្តរជាតិ​ប៉ោយប៉ែត​ដោយដាក់បង្កប់ជាមួយត្រីនិងទំនិញផ្សេងៗទៀតយកទៅដុតកំទេចចោល។ ក្រោយការបង្ក្រាបមិនបានប៉ុន្មានម៉ោងផង​ ក៏មានគេហទំព័រ​ សារព័ត៌មានអនឡាញនិងបណ្ដាញទំនាក់ទំនង​សង្គម​ជាច្រេីនបានបង្ហោះ​ព័ត៌មាន​នេះ​ដោយខ្លះបានដកស្រង់សម្ដីសមត្តកិច្ច​ ខ្លះផ្សាយតាមការមេីលឃេីញឬឮគេថាតៗគ្នា។

ក្នុងនោះក៏មានប្រព័ន្ធផ្សព្វផ្សាយខ្លះបានដាក់បន្ទុកចោទប្រកាន់ចំៗថាទំនិញដែលចាប់នេះជារបស់ឈ្មោះកៅនិងឡៃឡាយដោយមានលោកវរសេនីយ៌ទោតាំងកុកឆាយ​ ជាអ្នកកាងធ្វេីខ្នងបង្អែកឲ្យ។ ក្នុងការផ្សាយនោះក៏មានដាក់រូបថតលោកមេបញ្ជាររងក្នុងឯកសណ្ឋានដោយមានពាក់សក្កិលេីស្មាផងដែរ។

ការផ្សាយដោយគ្មានស្រង់សម្ដីពីប្រភពនិងគ្មានតុល្យភាពព័ត៌មានប្រាសចាកពីវិជ្ជាជីវៈនិងក្រមសីលធម៌​អ្នក​សារព័ត៌មាន​បែបនេះបានធ្វេីឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសលោកដែលជាមន្ត្រី​មានតួរនាទីសមបង្គួរដែរក្នុងកងកម្លាំងប្រដាប់អាវុធធ្វេីឲ្យលោកមិនអាចទទួលយកបានឬនៅសម្ងំស្ងៀមបានឡេីយ​ ដូច្នេះលោកត្រូវតែតបតវិញតាមនិតិវិធី។

ទាក់ទងនិងរឿងច្បាប់អាជីវកម្មលោកតាំងកុកឆាយបានយកឯកសារពាក់ព័ន្ធមកបង្ហាញអ្នកយកព័ត៏មានយេីងដោយបញ្ជាក់ច្បាស់ថា​ ច្បាប់នាំចូលសាច់បង្កកឬសាច់ក្លាសសេគឺជាច្បាប់របស់កូនស្រីលោកមិនមែន​ជារបស់លោកទេ​ ព្រោះលោកជាមន្ត្រីកងកម្លាំងប្រដាប់អាវុធមិនអាចឈរឈ្មោះបេីកក្រុមហ៊ុនបានទេ។ ដោយឡែកចំពោះសាច់ដែលសមត្តកិច្ចបង្ក្រាបបានម្សិលមិញនេះមិនមែនជារបស់លោកឬរបស់ក្រុមហ៊ុនលោកទេ​ ដូច្នេះគ្មានទាក់ទងអ្វីសូម្បីបន្តិចជាមួយលោក​ ហេតុអ្វីក៏ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួនមកចោទប្រកាន់លេីរូបលោកដូច្នេះទៅវិញ? ។

ជាចុងក្រោយលោកមេបញ្ជាការរងបានផ្ដល់ទំនុកចិត្តយ៉ាងកក់ក្ដៅលេីរស្មីញ៉ូសដោយមានប្រសាសន៌ថា​ លោកសង្ឃឹមថាសារ​ព័ត៌មាន​យេីងនឹងលេីកយកតែការពិតមកផ្សព្វផ្សាយ​ ពុំមានការបំពុលឬបំពានអ្នកដទៃបំភ្លៃការពិតឡេីយ ៕ LonNok Serei(15កក្កដា2021)

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed