សមត្ថកិច្ចតាមស្វែងរកបង្ក្រាបចាប់ខ្លួនក្មេងទំនើង០៩នាក់ ប្រើប្រាស់គ្រឿងញៀនក្នុងនោះមានសិស្ស០៤នាក់ក្នុងចំណោមបក្ខពួក១២នាក់ដែលបានធ្វើសកម្មភាពយកកាំបិត និងដាវសាំម៉ូរ៉ៃកាប់  

ភ្នំពេញ៖  កាលពី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នគរបាលជំនាញព្រហ្មខណ្ឌប្ញស្សីកែវតាមស្វែងរកបង្ក្រាបចាប់ខ្លួនក្មេងទំនើង០៩នាក់ ប្រើប្រាស់គ្រឿងញៀនក្នុងនោះមានសិស្ស០៤នាក់ក្នុងចំណោមបក្ខពួក១២នាក់ដែលបានធ្វើសកម្មភាពយកកាំបិត និងដាវសាំម៉ូរ៉ៃកាប់ទៅលើជនរងគ្រោះនិងម៉ូតូ បណ្តាលឱ្យរងរបួសធ្ងន់ខណៈជនរងគ្រោះកំពុងអង្គុយផឹកកាហ្វេនៅក្នុងហាងមួយកន្លែងនៅចំណុចផ្លូវ៩៣ក្រុម១៥ភូមិចុងខ្សាច់សង្កាត់ទួលសង្កែទី១ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

មុនពេលកើតហេតុគឺមានជនរងគ្រោះម្នាក់ឈ្មោះវឿង ចិត្រា ភេទប្រុស អាយុ២៣ឆ្នាំ ជាសិស្សនៅវិទ្យាល័យសន្ធរម៉ុក បានអង្គុយផឹកកាហ្វេជាមួយមិត្តភក្តិដទៃទៀតនៅចំណុចខាងលើ។ លុះបន្ទាប់មកស្រាប់តែមានក្រុមក្មេងទំនើងចំនួន១២នាក់ជិះម៉ូតូ៥ទៅ៦គ្រឿងប្រដាប់ដោយកាំបិតនិងដាវសាំម៉ូរ៉ៃ ធ្វើសកម្មភាពកាប់ទៅលើម៉ូតូជនរងគ្រោះ និងជនរងគ្រោះបណ្តាលឲ្យរងរបួសក្បាល និងខ្នងត្រូវជាទម្ងន់ហើយ ជនសង្ស័យក៏គេចខ្លួនបាត់អស់។ចំណែកជនរងគ្រោះក៏ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ក្រោយពីមានករណីអំពើហឹង្សានោះហើយលោកក៏បានដឹកនាំកម្លាំងជំនាញព្រហ្មខណ្ឌប្ញស្សីកែវអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចុះស្រាវជ្រាវនិងឈានទៅដល់បង្ក្រាបចាប់ខ្លួនជនសង្ស័យបង្កជាបន្តបន្ទាប់សរុប០៩នាក់នៅក្នុងភូមិសាស្ត្រខណ្ឌប្ញស្សីកែវ ជាមួយម៉ូតូ០៣គ្រឿង និងដកហូតវត្ថុតាងកាំបិត២ដើម,ដាវសាំម៉ូរ៉ៃ១ដើម និងច្រវ៉ាក់ដែក១ខ្សែ។

ក្រោយពីកម្លាំងនគរបាលបង្ក្រាបចាប់ខ្លួនជនបង្កជាក្មេងទំនើងខាងលើនេះហើយ ក្រុមគ្រួសារជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ផងដែរ។ ជនសង្ស័យទាំង០៩នាក់រួមមាន៖ ១/ឈ្មោះសា រឿនរក្សា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស នៅសាលាពាមអ៊ុកញ្ញាអុង ស្នាក់នៅភូមិលើកដែក ស្រុកល្វាឯម ខេត្តកណ្តាល (មានសារធាតុញៀន)។ ២/ឈ្មោះប្រាជ្ញ ថាវរៈ ភេទប្រុស អាយុ១៨ឆ្នាំ សិស្សនៅសាលាចតុមុខ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (មានសារធាតុញៀន)។ ៣/ឈ្មោះសែម វិរៈឆ័យយុទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្លូវបេតុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ៤/ឈ្មោះសឿន សុខឡា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្លូវបេតុង ភូមិដើមគរ សង្កាត់ជ្រោយចង្វារ (មានសារធាតុញៀន)។ ៥/ជឿន ជីវន្ត័ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករស្នាក់នៅ ផ្ទះជួលម្តុំរង្វង់មូលកាំកូ សង្កាត់បឹងកក់២ ខណ្ឌទួលគោក (មានសារធាតុញៀន)។ ៦/ឈ្មោះវឿន វណ្ណៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល (មានសារធាតុញៀន)។ ៧/ឈ្មោះសំ ណាង ចំណាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស នៅសាលាទួលទំពូង រស់នៅចំណុចផ្លូវលេខ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង (មានសារធាតុញៀន)។៨/ឈ្មោះសិត បញ្ច បានភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់ផ្លូវបេតុងក្រុម២ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ (មានសារធាតុញៀន) និង ៩/ឈ្មោះយឹង កុកម៉េង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សនៅសាលាយុទ្ធគន្ធរ ស្នាក់នៅផ្ទះលេខ៤៨៨ ផ្លូវលេខ២៨៨ ភូមិ៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង។

ជនសង្ស័យខាងលើ និងវត្ថុតាងខាងលើកម្លាំងជំនាញនគរបាលព្រហ្មណ្ឌខណ្ឌប្ញស្សីកែវ កសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ដោយរងការចោទប្រកាន់ពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយឡែកបក្ខពួកនៅសេសសល់សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវដើម្បីស្វែងរកចាប់ខ្លួនយកមកអនុវត្តតាមផ្លូវច្បាប់បន្ថែមទៀត៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed