គិតត្រឹម​ថ្ងៃ​ទី១៩​ សីហា​នេះ! មនុស្សជាង ២ពាន់​នាក់បានស្លាប់​ និង ១ម៉ឺន​ពីរ​ពាន់​នាក់រងរបួស​ ក្នុង​ករណី​គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.២រ៉ិចទ័រ វាយប្រហារប្រទេសហៃទី

RMN .ASIA . >August 19, 2021

ព័ត៌មានអន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បា​នដកស្រង់ចេញផ្សាយយោងតាមរបាយការណ៍របស់ទីភ្នាក់ងារការពារស៊ីវិល (CPA) នៃប្រទេសហៃទី នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១នេះថា៖​ ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.២រ៉ិចទ័រ វាយប្រហារភាគនិរតីប្រទេសហៃទី កាលពីថ្ងៃសៅរ៍សប្តាហ៍មុន​ បានស្លាប់​មនុស្សស្លាប់​ កេីន​ឡើងយ៉ាងគំហុកដល់ ២,១៨៩នាក់ និងជាង ១២,០០០នាក់ទៀតរងរបួស។​ មិនតែប៉ុណ្ណោះ​ គិតត្រឹមពេលនេះ ការជីកកកាយនៅតាមគំនរអគារបាក់បែក នៅតែកំពុងបន្តនៅឡើយ ដើម្បីស្វែងរកមនុស្សបាត់ខ្លួន។គួរជម្រាបថា​ នេះជាគ្រោះរញ្ជួយដីកម្រិតធ្ងន់បំផុតមួយទៀត ដែលបានធ្វើឲ្យលំនៅឋានប្រជាជន និងអគារសាធារណៈនានា រងការបំផ្លិចបំផ្លាញយ៉ាងដំណំ ព្រមទាំងបានធ្វើឲ្យបណ្តាញទ្រទ្រង់មន្ទីរពេទ្យ នៃប្រទេសដីកោះមួយនេះដួលរលំផងដែរ។ដោយឡែក​ជុំវិញបញ្ហានេះដែរ​ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស កាលពីថ្ងៃពុធទី១៨​ ខែសីហាម្សិលមិញនេះ​ បានប្តេជ្ញាជួយសង្គ្រោះហៃទី ក្នុងគ្រាដ៏លំបាកវេទនាបំផុតនេះ។ បន្ថែមពីនេះ​ លោកអគ្គលេខាធិការរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមានសារមួយជូនដល់ប្រជាជនហៃទី នោះគឺអ្នកមិនឯកោឡើយ, យើងនឹងឈរនៅជាមួយអ្នក និងគាំទ្រអ្នកគ្រប់ជំហាន ដើម្បីដើរចេញពីវិបត្តិមួយនេះ»។គួររម្លឹកថា​ កាលពីខែមករា ឆ្នាំ២០១០កន្លងទៅ​ អ្វីដែលពិភពលោកទាំងមូលចងចាំមិនភ្លេចនោះ​ គឺរដ្ឋធានីព័រអូព្រីន នៃប្រទេសហៃទី បានទទួលរងគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.០រ៉ិចទ័រ ដែលបានសម្លាប់មនុស្សរហូតដល់ជាង ២០០,០០០នាក់ ហើយពិតជាសោកនាដកម្មដ៏ធំធេង បង្កឡើងគ្រោះធម្មជាតិរញ្ជួយដី នៅក្នុងប្រទេសក្រីក្រដែលមានប្រជាជនជាង ១០លាននាក់៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed