ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃពុធ ១៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យភ្ជុំបិណ្ឌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ដែលស្ថិតនៅក្នុងភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មិនឆ្ងាយប៉ុន្មានពីរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ ឬ ភ្នំឧដុង្គ។

ក្រោមម្លប់សុខសន្ដិភាពពេញលេញ ប្រជាជនកម្ពុជាគ្រប់រូបទាំងនៅក្នុងប្រទេស និងក្រៅប្រទេសអាចប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ នៅតាមវត្តរាម ដោយនាំយកនូវ គ្រឿងសក្ការៈ និងចង្ហាន់ទៅប្រគេនព្រះសង្ឃតាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសបុណ្យកុសលជូនដួងវិញ្ញាណក្ខន្ធជីដូនជីតា ដែលបានចែកឋានទៅកាន់បរលោក ព្រមទាំងមានឱកាសបានជួបជុំបងប្អូនសាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ យ៉ាងសប្បាយរីករាយផងដែរ។

សូមជម្រាបជូនផងដែរថា បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់របស់អ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ត្រូវបានគេកំណត់យកតាមប្រតិទិនពុទ្ធសាសនា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ។ នៅក្នុងប្រពៃណីរបស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា “ពិធីសែនដូនតា” ដែលមានប្រវត្តិតាំងពី សម័យមុនអង្គរមកម៉្លេះ។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្លរ ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed