ភ្នំពេញ : ក្រោមអធិបតីភាព ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ត្រពាំងក្រសាំង និងលោក ផុនសុផាន អភិបាលរងខណ្ឌពោធិ៍សែនជ័យ តំណាងដ៏ខ្ពង់ខ្ពស់ លោក សក់ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ព្រមទាំង លោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំង ។

នាព្រឹកថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ២០២៤ ក្នុងកម្មវិធីវេទិកាសាធារណៈ ក្នុងការគាំទ្រការអនុវត្តកម្មវិធីនយោបាយតាមយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមពីមន្ត្រីថ្នាក់នាំ មន្ទីរពាក់ព័ន្ធនឹងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ពិធីនេះរៀបចំឡើងនៅក្នុងទីធ្លាបរិវេណសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ត្រពាំងសាំង បានរៀបចំវេទិកាសាធារណៈឡើង នៅសង្កាត់ត្រពាំងក្រសាំង ដោយមានសមាសភាពចូលរួមក្នុងវេទិកាចំនួន៩៥នាក់ បុរសចំនួន ៧៣នាក់ ស្រ្តីចំនួន២២នាក់ ក្នុងនោះប្រជាពលរដ្ឋបាន សំណូមពរផ្ទាល់មាត់ចំនួន០៩នាក់ និងសំណូមពរលាយលក្ខណ៍អក្សរទទួលបានចំនួន២២ច្បាប់។

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ត្រពាំងក្រសាំង បានរៀបចំវេទិការសាធារណៈ ដើម្បីទទួលយកសំណើរ សំណូមពរ ពីប្រជាពលរដ្ឋក្នុងសង្កាត់ត្រពាំងក្រសាំង ដើម្បីពិនិត្យលទ្ធភាពឆ្លើយតបជូន។ នាឱកាសនោះឯកឧត្តម ងុយ រិទ្ធ បានពន្យល់ និងឱ្យមន្ត្រីជំនាញ ពាក់ព័ន្ធ បកស្រាយបំភ្លឺជូនប្រជាពលរដ្ឋ ដើម្បីឲ្យយល់ដឹងពីនីតិវិធី ឈានទៅរកដំណោះស្រាយ  ។

ឆ្លៀតក្នុងឱកាសបើកវេទិកាសាធារណៈនេះ លោក ផុន សុផាន អភិបាលរងខណ្ឌពោធិ៍សែនជ័យ និង លោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំង បានចូលរួមធ្វើការ ពន្យល់ ដោះស្រាយនិងទុក្ខកង្វល់របស់ប្រជាពលរដ្ឋ នូវបញ្ហាទូទៅ បញ្ហាសន្តិសុខ និងបញ្ហាផ្សេងៗដែលកើតមានក្នុងមូលដ្ឋាន ផងដែរ។

ជាមួយនេះដែរឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ ចុះមូលដ្ឋានសង្កាត់ត្រពាំងក្រសាំង និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ត្រពាំងក្រសាំង ព្រមទាំងមន្ត្រីមូលដ្ឋានសង្កាត់ខណ្ឌក៏បានចូលរួមធ្វើការដោះស្រាយជូនប្រជាពលរដ្ឋផងដែរ។

ឯកឧត្តមបានបន្តទៀតថា អគ្គនាយកអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈដែលហៅថា TVET(ធីវេត) នេះជា គំនិតផ្ដួចផ្ដើមរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលជំរុញឲ្យបងប្អូនប្រជាពលរដ្ឋ កូនចៅរបស់ជាពលរដ្ឋ នៅក្នុងក្រុមគ្រួសារក្រីក្រ មានលទ្ធភាពរៀនយកជំនាញ ដើម្បីរកចំណូលឲ្យគ្រួសារមានជីវភាពប្រសើរឡើង។

គួរបញ្ជាក់ផងដែរថា ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ។ដោយសិក្សាដោយមិនបង់ថ្លៃ មានប្រាក់ឧបត្ថម្ភប្រចាំខែ ដោយសិក្សាពេញម៉ោង ផ្ដល់ប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញនិងព័ត៌មានទីផ្សារការងារ កន្លែងចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន មានសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈមួយនិងឱកាសបន្តការសិក្សា មានជំនាញមួយពិតប្រាកដដដែលទីផ្សារការងារកំពុងត្រូវការ ឱកាសមានការងារធ្វើសមរម្យនិងមានចំណូលទៀងទាត់។ការចុះឈ្មោះចូលរៀន តាមប្រព័ន្ធឌីជីថល www.tvet.gov.kh Mobile App : TVET 1.5M និងតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈទូទាំងប្រទេស។

បន្ទាប់ពីបញ្ចប់នៅវេទិកាសាធារណៈនៅក្នុងសង្កាត់ត្រពាំងក្រសាំងក្រុមការងារអមដំណើរដោយលោក ផុនសុផាន អភិបាលរងខណ្ឌពោធិ៍សែនជ័យព្រមទាំងចៅសង្កាត់និងក្រុមការងារ បានចុះទៅមើលជាក់ស្ដែងនៅផ្លូវមួយខ្សែ ដែលប្រជាពលរដ្ឋសំណូមពរ ដែលស្ថិតនៅ ជាប់របងវត្តអរុណវត្តី ក្នុងភូមិត្រពាំងអណ្ដូង ដោយទីនោះមិនមានអំពូល សរឡាបំភ្លឺផ្លូវ ផ្លូវមានការខូចខាត ហើយក្រុមការងារបានពិនិត្យនិងសម្រេចដោះស្រាយជូនប្រជាពលរដ្ឋនាពេលខាងមុខផងដែរ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed