បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ នៅព្រឹក ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១២ និងសិស្សក្រឡាបញ្ជី ជំនាន់ទី៩។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ និងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ព្រមទាំង សិស្សចៅក្រម និង សិស្សព្រះរាជអាជ្ញា ជំនាន់ទី១២ ចំនួន ៥៥ រូប និង សិស្សក្រឡាបញ្ជី ជំនាន់ទី៩ ចំនួន ១០៥ រូប ផងដែរ។

ថ្លែងក្នុងពិធីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាប់ផ្តើមដោយការអបអរសាទរដល់សិស្សចៅក្រម និង សិស្សព្រះរាជអាជ្ញា ជំនាន់ទី១២ និង សិស្សក្រឡាបញ្ជី ជំនាន់ទី៩ ជាជ័យលាភីទាំង ១៦០ រូប ដែលបានខិតខំប្រឹងប្រែងគឆ្លងកាត់ការប្រឡងប្រជែងយ៉ាងស្វិតស្វាញ តឹងរឹង ត្រឹមត្រូវ និងប្រកបដោយតម្លាភាព ហើយបានជាប់ជាស្ថាពរក្លាយជាសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១២ និងសិស្សក្រឡាបញ្ជី ជំនាន់ទី៩ នាពេលនេះ។ ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសរំលេចដល់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា និងសិស្សក្រឡាបញ្ជីទាំងអស់ និងអង្គពិធីទាំងមូល នូវទិសដៅការងារ និងគោលការណ៍នានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងការកែទម្រង់ប្រព័ន្ធអប់រំតាមរយៈការកែទម្រង់ការប្រឡងប្រជែងនានា ទាំងការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ទាំងការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សំដៅធានាបាននូវធនធានមនុស្សប្រកបដោយសមត្ថភាពក្នុងការបម្រើការងារនៅក្នុងរាជរដ្ឋាភិបាល ជាពិសេស ក្នុងការជួយអភិវឌ្ឍសង្គមជាតិ។

ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា និងសិស្សក្រឡាបញ្ជី ទាំង ១៦០រូប ថា ទន្ទឹមនឹងការខិតខំរៀនសូត្រ និងរៀនឱ្យពូកែនៅក្នុងអំឡុងពេលសិក្សា, សិស្សជ័យលាភីទាំងអស់ ត្រូវថែរក្សាឱ្យបាននូវមិត្តភាព និងសាមគ្គីភាពផ្ទៃក្នុងនៅក្នុងថ្នាក់ ក៏ដូចជា នៅក្នុងជំនាន់របស់ខ្លួន ហើយត្រូវប្រកាន់ខ្ជាប់នៅក្នុងចិត្តនូវស្មារតី និងឧត្តមគតិថា “ក្នុងនាមជាមន្ត្រីយុត្តិធម៌ ត្រូវធ្វើខ្លួនជាបង្អែកដ៏កក់ក្តៅសម្រាប់ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋដែលទទួលរងការរំលោភបំពានដោយអយុត្តិធម៌” ដើម្បីរួមចំណែកក្នុងការលើកកម្ពស់គុណភាពនៃសេវាយុត្តិធម៌ និង គុណភាពនៃយុត្តិធម៌ ជូនប្រជាពលរដ្ឋ ក៏ដូចជា ដើម្បីលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្រ្តីតុលាការផងដែរ នៅពេលដែលខ្លួនបញ្ចប់ការវគ្គបណ្តុះបណ្តាលនេះ និងចេញទៅបម្រើការងារនៅតាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីនានា។

https://www.facebook.com/FastNewRaksmey?mibextid=ZbWKwL
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។

📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។
សូមអរគុណ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed