នៅទីស្តីការក្រសួងយុត្តិធម៌៖ នារសៀល ថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤, ក្រសួងយុត្តិធម៌ បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន ២ រួមមាន៖ (១)-យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង (២)-យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ សន្និសីទសារព័ត៌មាននេះ ត្រូវបានរៀបចំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យភាពមិនប្រក្រតីនៅតាមតុលាការ។
សន្និសីទសារព័ត៌មាននេះ មានការចូលរួមយកព័ត៌មានពីអ្នកសារព័ត៌មានចំនួន ៥១រូប ដែលមកពីអង្គភាពសារព័ត៌មានចំនួន ២៩ អង្គភាព។
សូមគូសបញ្ជាក់ថា៖ យុទ្ធនាការទាំង ២ ខាងលើ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ដែលជាបំណងប្រាថ្នារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់ “គោលការណ៍នីតិរដ្ឋ” និង “យុត្តិធម៌នៅក្នុងសង្គមជាតិ” ដែលកិច្ចការនេះត្រូវបានចាត់ទុកជាអាទិភាពនយោបាយដ៏សំខាន់មួយ ដែលត្រូវអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែងសម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ក្នុងនោះ យុទ្ធនាការទី១ នឹងជួយលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាជន ប្រកបដោយភាពឆាប់រហ័ស ហើយ យុទ្ធនាការទី២ នឹងជួយដោះស្រាយរកយុត្តិធម៌ឱ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ ក៏ដូចជា លើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវនៅក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ។
វិធានការគន្លឹះទី៥ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសដាក់ចេញក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី១ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើកិច្ចការអាទិភាពសំខាន់ចំនួន ៣ គឺ៖ (ទី១)-ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែល មានស្រាប់ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេស វិវាទរបស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន, (ទី២)-ការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ឱ្យបានឆាប់រហ័ស សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាជន និង
(ទី៣)-ការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅជួយ ដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជា លើកកម្ពស់តម្លាភាព សុចរិតភាព និង ភាពត្រឹមត្រូវនៅក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ។
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជម្រាបជូន សាធារណជន ថា ៖ ដើម្បីមានភាពងាយស្រួល ក្នុងការដាក់ពាក្យបណ្ដឹង ឬសាកសួរព័ត៌មាននានា ក្នុងក្របខ័ណ្ឌនៃ យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយ រឿងក្ដីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សូមសាធារណជនមេត្តាទាក់ទងមកកាន់៖
១-ក្រុមការងារទទួលពាក្យបណ្តឹង តាមលេខទូរសព្ទ 099 444 181 ឬតាមប្រព័ន្ធតេឡេក្រាម ដែលមាន QR Code ។
យន្តការដឹកនាំ និងអនុវត្តយុទ្ធនាការ
យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ត្រូវដឹកនាំ និងអនុវត្តដោយ គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ (គ.គ.ម.) ដែលជាសេនាធិការបច្ចេកទេសរបស់គណៈបញ្ជាការដឹកនាំយុទ្ធនាការ។ ដើម្បីអនុវត្តយុទ្ធនាការនេះក្នុងពេល ព្រមៗគ្នានៅតាមបណ្តាសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីនានា, ក្រុមការងារមួយចំនួន ត្រូវបានបង្កើតឡើងដើម្បីជាសេនាធិការបច្ចេកទេសឱ្យ គ.ត.ម.។
ទន្ទឹមនេះ, សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ គឺជាតួអង្គប្រតិបត្តិ ដ៏សំខាន់ ទាំងលើការពង្រឹងអភិបាលកិច្ចនៅក្នុងស្ថាប័នរបស់ខ្លួន ទាំងលើការធានាបាននូវភាពត្រឹមត្រូវ និង យុត្តិធម៌ក្នុងចំណាត់ការសំណុំរឿងគ្រប់ប្រភេទ ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន៕
https://fb.watch/o6UCVuisSe/?mibextid=6aamW6
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។
📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។