នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញជាអធិបតីប្រកាសផ្សព្វផ្សាយផែនការជាតិទស្សវត្សសកម្មភាពសុវត្ថិភាព ចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១-២០៣០ ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិ… គ.ស.ច.គ ព្រមជាមួយឯកឧត្តម លោកជំទាវ គណៈអភិបាលរាជធានី-ខេត្ត ស្នងការរាជធានី-ខេត្ត តំណាងអង្គទូត តំណាងដៃគូអភិវឌ្ឍន៍ សមាជិកនៃ គ.ស.ច.គទាំងអស់ រួមជាមួយភាគីពាក់ព័ន្ធជាច្រើនរូបផងដែរ។
លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគ.ស.ច.គ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីគោលបំណង និងគោលដៅនៃការដាក់ចេញនូវផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១-២០៣០ ដោយលោកជំទាវបានលើកឡើងសកម្មភាពគ្រឹះសំខាន់ៗរួមមាន ការគ្រប់គ្រងដឹកនាំការងារ(សុវត្ថិភាពផ្លូវថ្នល់ និងយានយន្ត) ការអនុវត្តច្បាប់ ការអប់រំផ្សព្វផ្សាយ និងសេវាសង្គ្រោះ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសឱ្យបាន៥០% នៅឆ្នាំ២០៣០។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ស.ច.គ បានមានប្រសាសន៍លើកឡើងថា ផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១-២០៣០ គឺជាឧបករណ៍សម្រាប់ចង្អុលបង្ហាញអំពីផែនការសកម្មភាព ដែលយើងត្រូវរួមគ្នាអនុវត្តដើម្បី កាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសតាមរយ:យុទ្ធសាស្ត្រសសរស្ដម្ភចំនួន៦ ដែលមាន៥៣ចង្កោម សកម្មភាព និង២២២សកម្មភាព។ ឯកឧត្តមបន្តថា ដោយការធ្វេសប្រហែសរបស់អ្នកប្រើប្រាស់ផ្លូវ កំណើននៃចំនួនយានយន្ត បានបណ្តាលឱ្យមានការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍គួរឱ្យព្រួយបារម្ភដែលរាជរដ្ឋាភិបាលតាមរយៈ គ.ស.ច.គ បាននឹងកំពុងខិតខំយ៉ាងសកម្ម ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ ព្រមទាំងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក តាមគ្រប់វិធីសាស្ត្រ។ ឯកឧត្តមបន្ថែមទៀតថា បច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំនូវកម្មវិធីដកពិន្ទុបណ្ណបើកបរ ដោយបានដាក់ឱ្យអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដើម្បីបង្កើនប្រសិទ្ធភាពយន្តការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោកឱ្យកាន់តែមានប្រសើរជាងមុន ដែលអនុញ្ញាតឱ្យមន្ត្រីនគរបាលចរាចរណ៍ដកពិន្ទុបណ្ណបើកបរដោយស្វ័យប្រវត្តិ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោកនៅនឹងកន្លែង។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច.គ បានមានប្រសាសន៍ថា ផែនការជាតិទស្សវត្សសកម្មភាពសុវត្ថិភាពចរាចរណ៏នេះជាឯកសារគោលដ៏មានសារសំខាន់សម្រាប់តម្រង់ទិសការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យបានសម្រេចជោគជ័យតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ពីគ្រប់មជ្ឈដ្ឋាន បណ្តាញសារព័ត៌មាននានា អង្គការជាតិ អន្តរជាតិ រោងចក្រសហគ្រាស ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុននានា និងវិស័យឯកជន ដែលបានចូលរួមយ៉ាងសកម្មក្នុងចលនាសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមការអំពាវនាវ និងសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងបំណងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ឱ្យកាន់តែប្រសើរឡើងជាលំដាប់ ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករេដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រកាសដាក់អោយអនុវត្តជាផ្លូវការនូវផែនការជាតិទស្សវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១-២០៣០ផងដែរ។
គួរបញ្ជាក់ផងដែរថា គិតមកដល់បច្ចុប្បន្នផ្លូវជាតិ និងផ្លូវខេត្តដែលត្រូវបានសាងសង់រួចមានចំនួន៨៣១ខ្សែ ប្រវែងសរុប១៩.៧៩៥(មួយម៉ឺនប្រាំបួនពាន់ប្រាំពីររយកៅសិបប្រាំ) គីឡូម៉ែត្រ។ ក្នុងនោះផ្លូវក្រាលកៅស៊ូ និងបេតុង មានប្រវែង ១១.០៤២គីឡូម៉ែត្រ។ ការចុះបញ្ជីយានយន្តមានចំនួន ៧.០៣០.២២៨ គ្រឿង (១.០៥៩.០១៣គ្រឿង ជាប្រភេទរថយន្ត និង ៥.៩៧១.២១៥គ្រឿង ជាប្រភេទម៉ូតូ) បើធៀបនឹងការចុះបញ្ជីយានយន្តនៅឆ្នាំ១៩៩៨ មានចំនួនតែ ២៧. ៧០៧គ្រឿង (៥.៩៥១គ្រឿង ជាប្រភេទរថយន្ត និង ២១.៧៥៦គ្រឿង ជាប្រភេទម៉ូតូ)។ នៅឆ្នាំ២០១១ អត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ធៀបនឹងចំនួនយានយន្តចុះបញ្ជី ១០.០០០គ្រឿង គឺមានចំនួន ១០នាក់ ប៉ុន្តែអត្រានេះបានធ្លាក់ចុះមកនៅត្រឹម ២,៨នាក់ នៅឆ្នាំ២០២០ និង ២,៦នាក់ នៅឆ្នាំ២០២២។ ក្នុងចំណោមអ្នកស្លាប់សរុបដោយសារគ្រោះថ្នាក់ចរាចរណ៍មានប្រមាណជាង៧៥% ជាអ្នកប្រើប្រាស់ម៉ូតូ។
ក្នុងរយៈពេលប្រមាណ១០ឆ្នាំនៃការអនុវត្តផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១ ឆ្នាំ២០១១- ២០២០ កម្ពុជាបានកាត់បន្ថយអត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកធៀបនឹងចំនួនប្រជាជន ១០០. ០០០នាក់ ពី១៣,១នាក់ នៅឆ្នាំ២០១១ មកនៅត្រឹម ១០,៩នាក់ នៅឆ្នាំ២០២០ និង ១០,១នាក់ នៅឆ្នាំ២០២២។ ក្នុងនោះយើងបានពិនិត្យ និងវាយតម្លៃឃើញថា កត្តាដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ កត្តាមនុស្សចំនួន ៩៦,៨% កត្តាយានយន្តចំនួន ២,៨% និងកត្តាផ្លូវចំនួន ០,៦%។ ក្នុងឆ្នាំ២០២០ ដោយយោងតាមការសិក្សារបស់មន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជំនាញនៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) កម្ពុជាត្រូវបានប៉ាន់ស្មានពីការខាតបង់សេដ្ឋកិច្ច ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមានចំនួន ប្រមាណ ៣៧៩,២លានដុល្លារអាមេរិក។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
https://fb.watch/o6UCVuisSe/?mibextid=6aamW6
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk