ខេត្តកណ្តាល : នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលមានក្បាលដីពាក់ព័ន្ធគម្រោងព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្ដឃុំត្រើយស្លា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្ដកណ្ដាល និងឯកឧត្ដម យុិន សុភ័ណ្ឌ អគ្គនាយករងនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង ឯកឧត្តមហេង សុធី អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ មានការចូលរួម លោកអភិបាលស្រុកស្អាង លោកមេឃុំត្រើយស្លា មេភូមិពោធិកណ្តាល និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។ហើយពិធីនេះបាន ធ្វើឡើងក្នុងនៅបរិវេណវត្ដពោធិ៍អណ្ដែត ស្ថិតនៅភូមិពោធិ៍កណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្ដកណ្ដាល។
ថ្លែងនៅក្នុងឱកាសជួបក្នុងកិច្ចប្រជុំបកស្រាយ និងបំភ្លឺបន្ថែមជូនប្រជាពលរដ្ឋពីគម្រោងព្រែកជីកហ្វូណនតេជោ កំណាត់ទី១ ស្ថិតក្នុងភូមិពោធិកណ្តាល ឃុំត្រើយស្លា ឯកឧត្តម គួច ចំរើន អភិបាលខេត្តបានលើកឡើងថា : ក្នុងនាមរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្ដាល សូមថ្លែងអំណរគុណនូវទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាលក្នុងការកសាងគម្រោងព្រែកជីកហ្វូណនតេជោ។
ឯកឧត្តមអភិបាលខេត្ត បន្តថា៖ កម្ពុជារបស់យើងបានខិតខំប្រឹងប្រែងធ្វើឱ្យប្រទេសរបស់យើង មានឯករាជ្យភាពលើការដឹកជញ្ជូនតាមផ្លូវទឹក ដូចនេះរាជរដ្ឋាភិបាលកម្ពុជា ដោយខិតខំធ្វើយ៉ាងណាឱ្យប្រទេសរបស់យើងមានផ្លូវទឹកដោយខ្លួនឯង ដូច្នេះរាជរដ្ឋាភិបាលរបស់យើងខិតខំធ្វើយ៉ាងណាឱ្យគម្រោងព្រែកជីកហ្វូណនតេជោនេះទទួលបានជោគជ័យ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា : ស្ត្រីដែលចុះទៅ ថ្ងៃមុន គឺជាមន្ត្រីផ្នែកបច្ចេកទេសក្នុងការវាស់វែង។អញ្ចឹងកុំឱ្យមានការភាន់ច្រឡំពីបងប្អូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែល ឯកឧត្តម ហេង សុធី អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានបកស្រាយ និងបំភ្លឺបន្ថែមជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណនតេជោ កំណាត់ទី១ ស្ថិតក្នុងភូមិពោធិ៍កណ្តាល ឃុំត្រើយស្លា ឯកឧត្តមបានធ្វើការពន្យល់យ៉ាងក្បោះក្បាយអំពីការរៀបចំតម្រាយផ្លូវព្រែកជីក រួមមាន ៖ លក្ខខណ្ឌបច្ចេកទេសពាក់ព័ន្ធនឹងការកំណត់ទំហំតម្រាយផ្លូវ គម្រោងអភិវឌ្ឍន៍ដែលនៅអមសងខាងព្រែកជីកហ្វូណនតេជោ ព្រមទាំងនីតិវិធីលម្អិតក្នុងការងារដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ។
ឯកឧត្តមអគ្គនាយកក៏បានធ្វើការពន្យល់បកស្រាយអំពីលក្ខណៈបច្ចេកទេស និងផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋ លើកឡើងមានបញ្ហា មានចម្ងល់ មានទុក្ខកង្វល់សូម លើកឡើង ហើយក្នុងនោះដែលប្រជាពលរដ្ឋក៏បានលើកឡើងពីទុក្ខកង្វល់និងផលប៉ះពាល់ និងមានសំណូមពរ ក្នុងពេលហ្នឹងផងដែរ៕













