ភ្នំពេញ ៖ ក្លឹបអ្នកកាសែតកម្ពុជា សហការជាមួយសមាគមធានារ៉ាប់រងនៅកម្ពុជាកាលពីព្រឹក នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានរៀបចំវេទិកាចែករំលែកព័ត៌មាន «អំពីបច្ចុប្បន្នភាព នៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» ក្រោមអធិបតីភាពលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងនៅកម្ពុជា។
កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួម ពីលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា, លោក ហ៊ុយ រ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា និងមានការចូលរួមពីអ្នកសារព័ត៌មាន ប្រមាណ៧០នាក់ មកពីស្ថាប័នផ្សេងៗគ្នា ចំនួន៥៨ស្ថាប័ន នៅសណ្ឋាគារហ៊្វែរហៀល បាយ ម៉ាវៀត ភ្នំពេញ។

ក្នុងកម្មវិធីនេះ លោក ហ៊ុយ រ៉ាថារ៉ូ បានលើកឡើងថា វេទិកានេះ ការចែករំលែកព័ត៌មានអំពីវិស័យធានារ៉ាប់រងនេះ មិនត្រឹមតែរួមចំណែកពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មានទេ ប៉ុន្តែក៏នឹងរួមចំណែកក្នុងការបន្តលើកកម្ពស់គុណភាព ប្រសិទ្ធិភាព និងវិសាលភាព នៃការផ្សព្វផ្សាយព័ត៌មានទាក់ទងទៅនឹងទីផ្សារធានារ៉ាប់រងកាន់តែទូលំទូលាយបន្ថែមទៀត។ លើសពីនេះទៀត នឹងអាចជះឥទ្ធិពលវិជ្ជមានដោយប្រយោលទៅកាន់សាធារណជន តាមរយៈគុណភាពព័ត៌មានដែលនឹងត្រូវផ្សព្វផ្សាយចេញទៅ។

ថ្លែងក្នុងឱកាសនោះ លោក ប៊ូ ច័ន្ទភីរូ បានឲ្យដឹងថា បើគេនិយាយអំពីប្រទេសមួយ ដែលរីកចម្រើន គេត្រូវស្គាល់វិស័យហិរញ្ញវត្ថុទាំងមូល នៃប្រទេសនោះ ហើយបើនិយាយអំពីវិស័យហិរញ្ញវត្ថុ នៅក្នុងប្រទេសមួយ គេនិយាយអំពីសសរស្ដម្ភ៣ រួមមាន៖ វិស័យធនាគារ, វិស័យធានារ៉ាប់រង និងវិស័យមូលបត្រ។

អគ្គនាយកនិយ័តករធានារ៉ាប់រងនៅកម្ពុជា បានលើកឡើងថា ប្រទេសណា ដែលមានវិស័យទាំង៣នេះ មានការរីកចម្រើន ប្រទេសនោះ នឹងក្លាយជាប្រទេសដែលកំពុងអភិវឌ្ឍន៍។

សូមជម្រាបថា វេទិកាខាងលើនេះ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាន បានស្វែងយល់បន្ថែមទៀត អំពីព័ត៌មានថ្មីៗចុងក្រោយ និងការវិវឌ្ឍនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា នាឆ្នាំកន្លងទៅ ដើម្បីជាជំនួយស្មារតី ដល់ការសរសេរអត្ថបទ និងការផ្សព្វផ្សាយអំពីវិស័យធានារ៉ាប់រង់ ទៅកាន់សាធារណជន ប្រកបដោយប្រសិទ្ធភាព និងភាពត្រឹមត្រូវ។

វេទិកានេះ ក៏បានផ្តល់ឱកាសដល់អ្នកសារព័ត៌មាន លើកជាសំណួរផ្សេងៗ ទាក់ទងនឹងវិស័យធានារ៉ាប់រងនៅកម្ពុជា ដើម្បីវាគ្មិនបានបកស្រាយ និងពន្យល់បន្ថែមផងដែរ។

គិតរហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤០ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនធានារ៉ាប់រងប្រភេទទូទៅចំនួន១៨ , ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤ , ក្រុមហ៊ុនខ្នាតតូចធានារ៉ាប់រងខ្នាតតូចចំនួន៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១។ ក្រុមហ៊ុនទំាងអស់នេះ មានទ្រព្យសកម្មសរុបចំនួនប្រមាណជាង ១ពាន់លានដុល្លារ។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed