ភ្នំពេញ : កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ តាមការចាត់តាំងពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំធ្វើសសន្និសីទសារព័ត៌មាន “ពាក់ព័ន្ធករណីក្មេងទំនើង” ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ, ឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ, លោកជំទាវ សុខ វីសាល ជាអ្នកនាំពាក្យ និងលោកជំទាវ ប៉ែន ផល្លីការ ជាអ្នកនាំពាក្យ ព្រមទាំងអ្នកសារព័ត៌មានអញ្ជើញមកពីអង្គភាពផ្សេងៗជាច្រើននាក់ នៅទីស្តីការក្រសួងយុត្តិធម៌។

សន្និសីទសារព័ត៌មាននេះ ធ្វើឡើងដើម្បីបំភ្លឺជូនដោយផ្ទាល់ ដល់អ្នកសារព័ត៌មាន និងជនរួមជាតិ អំពីចំណាត់ការផ្លូវច្បាប់លើ ករណីក្មេងទំនើងនេះ និងលទ្ធផលទទួលបានក្រោយពេលប្រកាសចេញយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ។

លោក ជិន ម៉ាលីន បានបញ្ជាក់ថា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់យកការងារសន្តិសុខ គឺជាវិធានការគន្លឹះទី៤ ក្នុងចំណោមវិធានការគន្លឹះទាំង៥ ដែលពាក់ព័ន្ធនឹងភូមិ ឃុំ មានសុវត្ថិភាព។
បន្ថែមពីនេះ លោក ជិន ម៉ាលីន បានឱ្យដឹងថា ផ្តើមចេញពីបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រសួងយុត្តិធម៌ ក៏បានដាក់ចេញជាចំណាត់ការ និងបានណែនាំទៅកាន់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការទូទាំងប្រទេសដើម្បីធ្វើយ៉ាងណាអនុវត្តន៍ច្បាប់ឱ្យម៉ឹងម៉ាត់ពាក់ព័ន្ធនឹងករណីក្មេងទំនើង ដោយគ្មានការលើកលែង ហើយក៏បានធ្វើការពិភាក្សាពាក់ព័ន្ធបញ្ហាក្មេងទំនើងនៅក្នុងមហាសន្និបាតវិស័យយុត្តិធម៌ រយៈពេល៣ថ្ងៃផងដែរ។

លោក ជិន ម៉ាលីន បានគូសបញ្ជាក់ថា សា្ថប័នអយ្យការ និងតុលាការ បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់លើករណីក្មេងទំនើងនេះ ដោយភាគច្រើនត្រូវបានចោទប្រកាន់ និងផ្តន្ទាទោសពីបទ ធ្វើឲ្យខូតខាតដោយចេតនា ធ្វើឲ្យខូតខាតដោយចេតនាមានស្ថានទម្ងន់ទោស ហិង្សាដោយចេតនា ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតជាដើម ដែលមានទោសចាប់ពី១ឆ្នាំ ដល់៤ឆ្នាំ ហើយអនីតិជនត្រូវបានបន្ថយពាក់កណ្ដាលនៃនីតិជន។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «ករណីក្រុមក្មេងទំនើង» លោក សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសង្កត់ធ្ងន់ថា ពន្ធនាគារ ឬមន្ទីរឃុំឃាំង ត្រៀមរង់ចាំស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅតែគឃ្លើនមិនខ្លាចច្បាប់ ដោយគ្មានការលើកលែងឡើយ។
នាឱកាសសន្និសីទសារព័ត៌មាន នៅទីស្ដីការក្រសួងយុត្តិធម៌, លោក សេង ឌីណា បានលើកមកបង្ហាញនូវករណីក្មេងទំនើងដែបានធ្វើសកម្មភាព នៅក្នុងភូមិសាស្ត្រខេត្តមួយចំនួន រួមទាំងការអនុវត្តទោសទន្ទរបស់ក្រុមទាំងនោះ តាមច្បាប់ជាធរមាន។

រយៈពេលជាង៧ខែ ក្រោយដាក់ចេញយុទ្ធនាការបង្ក្រាបក្មេងទំនើងតាំងពីខែឧសភា ឆ្នាំ២០២៤មក នៅប្រទេសកម្ពុជា មានសំណុំរឿងក្មេងទំនើងសរុប ៧២០សំណុំរឿង ដោយបានឃាត់ខ្លួនជនសង្ស័យ៣,៣០០នាក់។ នេះបើតាម លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្ដិធម៌។

លោក កេង សុម៉ារិទ្ធ បានសង្កត់ធ្ងន់ថា «មិនមានការលើកលែង និងបន្ធូរបន្ថយសំណុំរឿងក្មេងទំនើងនោះទេ»
សូមរំលឹកថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អភិបាលរាជធានី-ខេត្តទាំងអស់ រួមជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរឹតបន្តឹង និងចាត់វិធានការ ឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាលនិងវិធានការច្បាប់ ក្នុងការបង្ការទប់ស្កាត់ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការ មានវិធានការលើការអនុវត្តន៍ច្បាប់ឲ្យបានម៉ឺងម៉ាត់ ក្នុងការចាត់តាំងលើសំណុំរឿង ពាក់ព័ន្ធករណីក្មេងទំនើងនេះ ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed