ភ្នំពេញ : អ្នកធ្វើដំណើររិះគន់ចំពោះការកកស្ទះ នៅជុំវិញបរិវេណស្តង់ផ្ទេរទំនិញពីរកន្លែង នៅតាមបណ្ដោយផ្លូវជាលេខ៤ ស្ថិតក្នុងភូមិចោមចៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មិនមានការរៀបចំឲ្យបានត្រឹមត្រូវ ខណះដែលអាជីវករទាំងនោះលក់ដូរលើចំណីចិញ្ចើមផ្លូវថ្នល់
។
ស្ទង់ផ្ទេរទំនិញពីរកន្លែង គេមិនដឹងថាមានច្បាប់អាជីវកម្មត្រឹមត្រូវ តាមច្បាប់ ដែលឬអត់ទេ? ដែលទើបតែនឹងបង្កើតឡើងថ្មីៗមានរយៈពេលប្រហែលជាងមួយឆ្នាំមកនេះ ជាកន្លែងប្រមូលផ្ដុំសម្រាប់អាជីវករ លក់ដូរទំនិញគ្រប់ប្រភេទ ពិសេសបន្លែនិងផ្លែឈើ ដូចទីតាំងផ្សារផ្សេងៗទៀត ក្នុងការបង្កើនក្នុងកំណើនសេដ្ឋកិច្ចសំរាប់ជាតិ ក៏ដូចជារង្វង់ក្នុងក្រុមគ្រួសាររបស់ពួកគេ។តែបើនិយាយអំពីចំណូលដែលបានមកពីអាជីវករតូចនិងធំ ទោះទិញឥវ៉ាន់ទំនិញគ្រប់ប្រភេទ ដែលបានប្រមូលផ្ដុំគ្នា នៅទីតាំងខាងលើនេះ ដើម្បីបង់ជូនដល់ម្ចាស់ស្តង់ អ្នកគ្រប់គ្រងស្តង់ គីទទួលបានចំណូលច្រើនផងដែរ។ដែលគេអាចវាយតម្លៃ ប្រើប្រព័ន្ធគណនេយ្យភាពប៉ុន្តែ សម្រាប់អ្នកលក់ដូរខ្លះ ក៏គាត់មានការរអ៊ូរទាំ ទៅលើកន្លែងមិនបានច្បាស់លាស់ ទិញលក់ជាប្រចាំផងដែរ។
ចំពោះរថយន្តរម៉កដែលមកពីបណ្ដាលខេត្តផ្សេងៗ ក៏មកពពាក់ពពូនគ្នា ដោយចតតាមដងផ្លូវសាធារណៈ ខុសពីយកទីតាំងតាមផ្លូវសាធារណៈ ទាំងនេះមក ធ្វើជាកម្មសិទ្ធិ ដើម្បីចំណេញយកផលប្រយោជន៍ផ្ទាល់ខ្លួន ដោយសារការបង់លុយទៅឲ្យក្រុម អ្នកមើលការខុសត្រូវ ដែលមានសន្តិសុខជាដើម ដោយសាររឿងនេះ បានបង្កឲ្យមានបញ្ហាជាច្រើនដូចជា នៅពេលមានអ្នកជំងឺត្រូវសង្គ្រោះបន្ទាន់បញ្ជូនទៅមន្ទីរពេទ្យ ក្នុងករណីមានរថយន្តពន្លត់អគ្គីភ័យ ពិបាកចេញចូល មានការកកស្ទះចរាចរណ៍ជាញឹកញាប់ សម្រាប់អ្នកធ្វើដំណើរតាមដងផ្លូវសាធារណៈមួយចំនួនបើករថយន្ត ម៉ូតូធុញទ្រាន់ ឬរអ៊ូរទាំ ទៅនឹងការរៀបចំសណ្ដាប់ធ្នាប់ របស់អ្នកគ្រប់គ្រងស្តង់ផ្ទេរទំនិញ ដែលយកទីតាំងជុំវិញធ្វើជាមុខរបរ ដើម្បីផលប្រយោជន៍ បុគ្គលដែលជាម្ចាស់អាជីវកម្ម ជាងនេះទៅទៀតអាជ្ញាធរមូលដ្ឋានហាក់បីដូចជាមិនឃើញសកម្មភាពដ៍រញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់ ក្នុងចំណុចទីតាំងខាងលើទាំងនេះ ឬក៏មានអ្វីបិទបាំងនៅពីក្រោយខ្នងហើយ នេះជាចម្ងល់របស់មហាជន ក៏ដូចជាអ្នកធ្វើដំណើរ លើដងផ្លូវសាធារណៈ មានការងារឆ្ងល់ផងដែរ!!
គួរជម្រាបផងដែរថា នាពេលកន្លងមកនេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ ចុះរៀបចំសណ្ដាប់ធ្នាប់អោយមានរបៀបរៀបរយ តាមបណ្ដោយផ្លូវជាតិលេខ៤ និងហាមមិនឱ្យអាជីវករលក់ដូរលើចិញ្ចើមផ្លូវ និងនៅជិតវិទ្យាល័យជម្ពូវ័ន និងសាលាបឋមសិក្សា ជម្ពូវ័ន តែទោះជាយ៉ាងណាការរៀបចំនេះវាបានតែមួយរយៈតែប៉ុណ្ណោះ ប្រៀបដូចវែកចកលើទឹកអញ្ចឹង។
ហើយការរំលោភចំណីផ្លូវកន្លងមកមានអាជីវករ តែងតែធ្វើតាមគ្នា ឬធ្វើតៗគ្នា ដូចជាលក់ដូរ សង់ចំយ៉ាប នៅលើចំណីចិញ្ចើមផ្លូវ ទន្ទឹមគ្នានោះក៏មានអាជីវករមួយចំនួនយកចិញ្ចើមផ្លូវ ធ្វើចំណតសម្រាប់ធ្វើអាជីវកម្ម នៅក្នុងអាជីវកម្មលក់ដូររបស់ខ្លួន ដែលទង្វើនេះបាន បំពានច្បាប់ស្ដីពីផ្លូវថ្នល់ ។
តែបើនិយាយអំពីដីចំណីផ្លូវសំដៅទៅដល់ ដីដែលនៅសល់សងខាងខ្សែបន្ទាត់ផ្ជិតនៃផ្លូវថ្នល់ ព្រមទាំងទំហំចំណីផ្លូវថ្នល់ សល់ទុក្ខបម្រុងសម្រាប់ការគ្រប់គ្រង ការអភិវឌ្ឍន៍ និងការការពារផ្លូវថ្នល់ ធានាសុវត្ថិភាព ចរាចរណ៍និង សម្រាប់ការប្រើប្រាស់ការងារហេដ្ឋារចនាសម្ព័ន្ធរូបប្រវត្តិផ្សេងទៀត ដែលកំណត់ដោយខ្សែបន្ទាត់ព្រំដីចំណីផ្លូវ នេះបើតាមច្បាប់ស្ដីពីផ្លូវថ្នល់ចុះថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៤ ។
ផ្អែកតាមច្បាប់ដដែលនេះ បានចែងជាអាទិ៍មាត្រាទី៦៤ ជនណាដែលធ្វើកិច្ចការសាធារណៈទាំងឡាយ នៅក្នុងតួផ្លូវ ទ្រូងផ្លូវ ជាយផ្លូវ គេមផ្លូវ ដីនៅសល់នៃដីចំណីផ្លូវ ដែលគ្មានការអនុញ្ញាត ពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ ត្រូវពិន័យអន្តរកាលជាប្រាក់៥សែនរៀល។ចំណែកមាត្រាទី៦៦ ជនណាដែលធ្វើការលើដីចំណីផ្លូវ ផ្លូវសម្រាប់ចេញចូលផ្លូវគេហដ្ឋាន អាគាររោងចក្រសហគ្រាសឬក៏កន្លែងផ្សេងៗ ដែលជាប់ផ្លូវថ្នល់គ្មានការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ត្រូវពិន័យអន្តរកាលជាប្រាក់ចំនួន៥ម៉ឺនរៀលករណីនៅតែបន្តប្រព្រឹត្តល្មើសទៀតត្រូវពិន័យអន្តរកាលជាប្រាក់ទ្វេដង ។ក្នុងនោះផងដែលក៏នៅមានមាត្រា៧០ មាត្រា៧១ មាត្រា៧២ មាត្រាទី៧៤ផងដែរ ។
តែទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋទូទៅសំណូមពរដល់ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដែលដឹកនាំដោយលោក សក់ ចាន់កញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួន ស្រេង សូមមេត្តាមានវិធានការ រៀបចំសណ្ដាប់ធ្នាប់សាធារណៈ តាមការសំណូមពររបស់អ្នកធ្វើដំណើរ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដើម្បីជៀសវាងការរិះគន់ជាសាធារណៈ ចំពោះទីតាំងបរិវេណស្តង់ផ្ទេរទំនិញបន្លែផ្លែឈើខាងលើនេះ ។
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំ ចុះផ្សាយខាងលើនេះគ្មានគោលបំណងញុះញង់ ធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នពាក់ព័ន្ធណានោះទេ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សង្គមជាតិ អង្គភាពសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺ គ្រប់ភាគីព្រមទាំង ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមច្បាប់របបអ្នកសារព័ត៌មាន សូមអរគុណ៕










