ត្បូងឃ្មុំ ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋចំនួន ៣១គ្រួសារ នៅឃុំត្រមូង និងឃុំគគី ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងពិធីដាក់ជូនអំណោយ មានការចូលរួមពីសមាជិក និងសមាជិកាកាកបាទក្រហមខេត្ត មន្ទីរដែលទាក់ទង កងកម្លាំងប្រដាប់អាវុធ លោកអភិបាលស្រុក និងប្រជាពលរដ្ឋជាច្រើនរូប។

ឯកឧត្ដម ប៉ែន កុសល្យ បានផ្តល់ប្រសាសន៍សួរសុខទុក្ខ និងជំរុញឱ្យប្រជាពលរដ្ឋបន្តថែរក្សាសុខភាព និងសុវត្ថិភាពនៅក្នុងគ្រួសារ ជាពិសេសក្នុងរដូវវស្សា ដែលអាចមានគ្រោះថ្នាក់ដោយសារផលប៉ះពាល់ពីធម្មជាតិដូចជា ភ្លៀងខ្លាំង ខ្យល់កន្ត្រាក់ ផ្គរ និងរន្ទះ។ លោកបានណែនាំឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន ប្រសិនបើប្រឈមនឹងបញ្ហាណាមួយ ដើម្បីអាចជួយដោះស្រាយបានទាន់ពេលវេលា។

លោកបន្ថែមថា កាកបាទក្រហមកម្ពុជាដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋ និងផ្តល់អំណោយជាប្រចាំ ដោយផ្អែកលើគោលបំណងជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះ ងាយរងហានិភ័យ និងមានជីវភាពក្រីក្រ។ ករណីនេះ ក៏ជាផ្នែកមួយនៃសកម្មភាពនៃការប្រគល់អំណោយក្នុងខេត្តត្បូងឃ្មុំផងដែរ។

មុនបិទពិធី ឯកឧត្ដមអភិបាលខេត្តបានសូមពលរដ្ឋយកចិត្តទុកដាក់លើកូនចៅ ដោយហៅឱ្យប្រុងប្រយ័ត្នការលេងទឹកពេលវស្សា ដើម្បីជៀសវាងគ្រោះថ្នាក់ និងការបាត់បង់ជីវិត ដូចជា ជំងឺគ្រុនឈាម និងការហែលទឹកដោយគ្មានការត្រួតពិនិត្យ៕
ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed