ខេត្តព្រះវិហារ : នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នេះ ក្រុមអនុព័ន្ធយោធាអន្តរជាតិ មកពីប្រទេសមហាអំណាច និងប្រទេសសមាជិកអាស៊ាន ចំនួនសរុប ១៣ ប្រទេស បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតំបន់សមរភូមិច្រកអានសេះ ខេត្តព្រះវិហារ បន្ទាប់ពីមានការចរចាដល់ការឯកភាពឈប់បាញ់ រវាងទាហានកម្ពុជា និងថៃ។
អនុព័ន្ធយោធាដែលចូលរួមមានប្រទេសមហាអំណាចដូចជា សហរដ្ឋអាមេរិក ចិន ជប៉ុន រុស្ស៊ី កូរ៉េ និងអូស្ត្រាលី។ ក្នុងនោះក៏មានប្រទេសសមាជិកអាស៊ានដូចជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី ឡាវ វៀតណាម និងមីយ៉ាន់ម៉ា។
គោលបំណងនៃការចុះពិនិត្យលើកនេះ គឺដើម្បីទទួលយកព័ត៌មានផ្ទាល់ពីសមរភូមិ ពិនិត្យស្ថានភាពសន្តិសុខ បរិយាកាសអនុវត្តបទឈប់បាញ់ និងបង្ហាញការគាំទ្រដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
ការចូលរួមរបស់ប្រទេសទាំងនេះត្រូវបានចាត់ទុកថាជាសញ្ញាបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីសហការអន្តរជាតិក្នុងការជម្រុញសន្តិភាពនៅតំបន់ព្រំដែនកម្ពុជា–ថៃ ៕N7











