ភ្នំពេញ៖ ដោយអនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ និងការបញ្ជូនបម្រើជាក់លាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋាន បានអនុវត្តការងារបន្ថែមនៅថ្ងៃឈប់សម្រាកដោយស្ម័គ្រចិត្ត ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលយកឯកសារដែលបានកែតម្រូវសម្រេចរួចរាល់។
ការបំពេញការងារបន្ថែមនេះ មានគោលបំណងជាចម្បងក្នុងការចេញឯកសារអត្រានុកូលដ្ឋាន ដែលក្រុមការងារបានទទួលពាក្យស្នើសុំកែតម្រូវ និងស្នើសុំលុបចោលទិន្នន័យចាស់ៗ ឬមិនត្រឹមត្រូវពីប្រជាពលរដ្ឋ។ ដោយជឿជាក់លើបេសកកម្មបម្រើសាធារណជន ក្រុមការងារនេះបានលះបង់ពេលវេលាផ្ទាល់ខ្លួន ថែមម៉ោងធ្វើការដោយស្ម័គ្រចិត្ត មិនគិតថ្លៃ ដើម្បីរៀបចំ និងដកសំណុំឯកសារដែលបានកែតម្រូវទាំងអស់ ជូនប្រជាពលរដ្ឋបានយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ក្នុងអំឡុងពេលទទួលសេវាផ្ទាល់នៅស្នាក់ការនាយកដ្ឋានអត្រានុកូលដ្ឋាន ប្រជាពលរដ្ឋបានបង្ហាញពីការពេញចិត្ត និងថ្លែងអំណរគុណចំពោះក្រុមការងារ ដែលបានធ្វើការដោយស្ម័គ្រចិត្ត ខណៈពេលដែលជាធម្មតា គឺជាថ្ងៃឈប់សម្រាក។ ការបំពេញកាតព្វកិច្ចនេះ មិនត្រឹមតែជាការជួយសម្រួលដល់ប្រជាពលរដ្ឋតែប៉ុណ្ណោះទេ ប៉ុន្តែជាប្រតិបត្តិការមួយដែលបង្ហាញពីកិតិ្ដយស និងក្តីស្រឡាញ់ខ្ពង់ខ្ពស់ចំពោះប្រជាជន។
អនុវត្តន៍នៃបណ្តាញសេវាសាធារណៈដែលមានគុណភាព ប្រកបដោយភាពរហ័សទាន់ពេល និងស្តង់ដារយ៉ាងច្បាស់ គឺជាបំណងប្រាថ្នាដ៏ខ្ពង់ខ្ពស់របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលតែងតែខិតខំកែលម្អ និងពង្រឹងនូវកម្រិតសេវាឲ្យប្រសើរឡើងជានិច្ច៕N7











