ភ្នំពេញ៖ នាព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផលនៃការប្រតិបត្តិការជាក់ស្តែងក្នុងការការពារ សន្ដិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែមិថុនា ព្រមទាំងបញ្ជាក់ទិសដៅការងារថ្មីសម្រាប់ខែកក្កដា ឆ្នាំ ២០២៥។
កិច្ចប្រជុំមានការចូលរួមពីថ្នាក់ដឹកនាំអនុប្រធានផែនការនគរបាល លោក-លោកស្រីស្នងការរង នាយការិយាល័យជំនាញទាំង ៣៣ អធិការខណ្ឌទាំង ១៤ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តម ស្នងការរាជធានីបានបញ្ជាក់ច្បាស់លាស់ដល់ការិយាល័យជំនាញ និងស្នងការដ្ឋាននគរបាលខណ្ឌទាំង១៤ អំពីគោលការណ៍ដឹកនាំដូចខាងក្រោម៖
បង្កើនការបង្ការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយពង្រឹងការត្រួតពិនិត្យលើមន្រ្តីនគរបាលចរាចរណ៍ឲ្យអនុវត្តច្បាប់យ៉ាងត្រឹមត្រូវ និងស្មោះត្រង់ យោងតាមគោលការណ៍ច្បាប់ និងសីលធម៌វិជ្ជាជីវៈ។
កាត់បន្ថយភាពអសកម្មរបស់មន្រ្តីចរាចរណ៍ ដើម្បីបង្កើនកិត្តិយស និងភាពជឿជាក់របស់ប្រជាពលរដ្ឋចំពោះកងកម្លាំងនគរបាលជាតិ។
ពង្រឹងការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញខុសច្បាប់ ដោយប្រើវិធានស្រាវជ្រាវ និងបង្ការមានប្រសិទ្ធភាព។
អនុវត្តសកម្មភាពការពារទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ ដូចជា ករណីឆក់លើផ្លូវសាធារណៈ បទល្មើសគាស់ផ្ទះលួចទ្រព្យ និងគ្រឿងញៀន។
បន្តអនុវត្តគោលនយោបាយ “ភូមិឃុំ សង្កាត់ មានសុវត្ថិភាព” ដោយយកចិត្តទុកដាក់លើការស្រាវជ្រាវ និងតាមដានព័ត៌មានសន្តិសុខជាបន្តបន្ទាប់។
ឯកឧត្តមបានលើកទឹកចិត្តដល់កងកម្លាំងឱ្យបំពេញភារកិច្ចដោយភាពស្មោះត្រង់ ក្តីស្រឡាញ់ជាតិ និងចិត្តទទួលខុសត្រូវខ្ពស់ ដើម្បីធានាសុវត្ថិភាពសង្គម និងសុខដុមរមនាសម្រាប់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ៕












