សៀមរាប៖ នៅថ្ងៃទី ១៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ រៀបចំវេទិកាបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបប្រចាំឆ្នាំលើកទី២ ក្នុងខេត្តសៀមរាប ដោយមានការចូលរួមយ៉ាងសកម្មពីភាគីពាក់ពន្ធ័ជាច្រើន។

វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។ ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការ បានជារូបមន្ត្រីតំណាងខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមក្នុងវេទិកានេះផងដែរ។

ក្រោមប្រធានបទ «ទេសចរណ៍ និងអេកូទេសចរណ៍ ជាប្រភពចំណូលដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប្រជាសហគមន៍ និងការគ្រប់គ្រងធនធានធម្មជាតិនៅបឹងទន្លេសាប» វេទិកានេះមានគោលបំណងធ្វើជាវេទិកាសាធារណៈសម្រាប់ការបង្ហាញពីសកម្មភាព ស្នាដៃ ការចែករំលែកបទពិសោធន៍ និងការពិភាក្សាផ្លាស់ប្ដូរយោបល់ ក្នុងគោលបំណងរួមគឺ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចប្រជាសហគមន៍ក្នុងតំបន់បឹងទន្លេសាបតាមរយៈអភិវឌ្ឍន៍ទេសចរណ៍បៃតង។

ពិធីនេះមានសមាសភាពចូលរួមចំនួនប្រមាណ ៣៥០នាក់ រួមមាន៖ តំណាងក្រសួងទាក់ទង ស្ថាប័នជាតិ និងអន្តរជាតិ គណៈអភិបាលខេត្តជុំវិញតំបន់បឹងទន្លេសាប មន្ទីរទេសចរណ៍ និងមន្ទីរដទៃទៀត ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងសមាជិកសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍។

ឯកឧត្តម ហាប់ អូម៉ាលី បានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមជាមួយគ្រប់ភាគី ដើម្បីលើកស្ទួយសេដ្ឋកិច្ចមូលដ្ឋានរបស់សហគមន៍ជុំវិញបឹងទន្លេសាប និងពង្រឹងនូវការគ្រប់គ្រងធនធានធម្មជាតិឱ្យប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍអេកូទេសចរណ៍ឱ្យមានប្រសិទ្ធភាពជាងមុន ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed