ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ លើកទី១៨ ក្រោមប្រធានបទ “កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល!” នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ខ្លឹមសារសំខាន់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា “ខ្ញុំជំរុញឲ្យមានការផ្សព្វផ្សាយឲ្យបានសកម្ម ចំពោះបញ្ហាការជួញដូរមនុស្ស ព្រោះថាការផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃការជួញដូរមនុស្សនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ដាស់តឿនដល់ប្រជាជន ជាពិសេសគឺសម្រាប់យុវជនតែម្តង ហើយយើងផ្សាយដើម្បីកិត្តិយសជាតិរបស់យើងទាំងអស់គ្នា ព្រោះថាមានក្រុមអគតិដែលផ្សាយរូបភាពអាក្រក់ពីកម្ពុជា”។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាលំបាកឆ្អែតឆ្អន់ហើយ មិនអាចអនុញ្ញាតឱ្យជាតិសាសន៍ណាមួយមកបំផ្លាញកិត្តិយស និងកេរ្តិ៍ឈ្មោះកម្ពុជាទៀតនោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស មិនមែនជាកិច្ចការដាច់ដោយឡែករបស់កម្ពុជានោះឡើយ គឺទាមទារឱ្យមានកិច្ចសហការគ្នាជាមួយបណ្តាប្រទេសនានា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំថ្នាក់ដឹកនាំ, មន្រ្តីរាជការ, អាជ្ញាធរ, កម្លាំងសមត្ថកិច្ច និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ខិតខំបំពេញភារកិច្ចឱ្យបានល្អតាមតួនាទី ដែលរាជរដ្ឋាភិបាលប្រគល់ឱ្យប្រកបដោយការទទួលខុសត្រូវខិតខំដោះស្រាយបញ្ហាដែល នៅសេសសល់ ដោយអនុវត្តតាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យបាល និង វះកាត់» ដើម្បីធ្វើខ្លួនជាមន្រ្តីល្អ សក្តិសមនឹងទទួលបានការជឿទុកចិត្ត ពីរាជរដ្ឋាភិបាល និង ប្រជាពលរដ្ឋ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំថ្នាក់ដឹកនាំ, មន្រ្តីរាជការ, អាជ្ញាធរ, កម្លាំងសមត្ថកិច្ច និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ខិតខំតាមដានបាតុភាព និង បទល្មើសផ្សេងៗ និង បង្កើនការយកចិត្តទុកដាក់គ្រប់គ្រងព្រំដែន និង រំហូរឆ្លងកាត់ព្រំដែន គ្រប់ទីតាំង ឱ្យបានគត់មត់ ដើម្បីទប់ស្កាត់មូលហេតុរួមផ្សំ ដែលនាំឱ្យមានអំពើជួញដូរមនុស្ស និង ការរំលោភបំពានផ្សេងៗ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំថា មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ មិនគប្បីព្រងើយកន្តើយ បណ្តែតបណ្តោយ ឬ ធ្វេសប្រហែសចំពោះអំពើល្មើសដែលកើតមាន ដែលអាចចាត់ទុកថា ជាការឃុបឃឹត និងលើកទឹកចិត្តឱ្យជនល្មើស មានឱកាសប្រព្រឹត្តបទឧក្រិដ្ឋកាន់តែច្រើនឡើង។

“ខ្ញុំសូមផ្តាំទៅប្រទេសមួយចំនួន ដែលបានចេញរបាយការណ៍ទាក់ទងនឹងបញ្ហាអំពីការជួញដូរមនុស្ស គប្បីត្រូវធ្វើឲ្យមានតម្លាភាព កុំដាក់បន្ទុកដល់ប្រទេសដទៃនៅក្នុងន័យផ្សេង”។

“កិច្ចការប្រឆាំង និងទប់ស្កាត់អំពើជួញដូរមនុស្ស គឺកិច្ចការសំខាន់ខ្លាំងណាស់សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ហើយខ្ញុំទទួលស្គាល់ថា បញ្ហានៃការជួញដូរមនុស្សពិតជាមាននៅកម្ពុជា ប៉ុន្តែមិនដូចរបាយការណ៍មូលបង្កាច់មួយចំនួននោះឡើយ ព្រោះរបាយការណ៍ទាំងនោះមានចេតនាបង្ខូចកិត្តិយសប្រទេសកម្ពុជាសុទ្ធសាធ”៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed