ភ្នំពេញ ៖ ហេតុការណ៍នេះកើតឡើង កាលពី យប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ១ ទល់មុខសំណង់លំនៅដ្ឋានវាលស្បូវ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។

យោងតាមប្រភពព័ត៌មានពីភាគីរងគ្រោះដែលជាម្ចាស់រថយន្ត តូយូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AL-1235 បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានធ្វើដំណើរឆ្លងផ្លូវចេញពីខ្លោងទ្វារសំណង់លំនៅដ្ឋានវាលស្បូវ ឆ្លងទៅផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច គោលបំណងទៅភ្នំពេញ ស្រាប់តែត្រូវរថយន្តបង្កបើកបរក្នុងល្បឿនមកបុករថយន្តរបស់គាត់ពេញទំហឹង បណ្តាលឲ្យខូចខាតផ្នែកខាងឆ្វេង តែសំណាងមិនរងរបួសធ្ងន់ គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។

ចំណែកភាគីរងគ្រោះម្នាក់ទៀតដែលបើកបររថយន្ត CR-V ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2H-7699 រួមដំណើរជាមួយជនបរទេសប្រុសស្រីចំនួន២នាក់ទៀត ក៏បានឲ្យដឹងដែរថា នៅមុនពេលកើតហេតុ គាត់បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច តាមពីក្រោយរថយន្តរងគ្រោះទី១ ក្នុងទិសដៅស្របទិសគ្នា គោលបំណងទៅភ្នំពេញដែរ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញរថយន្តបង្កបើកបរលឿន ក្នុងទិសដៅពីលិចទៅកើត បញ្ជ្រាសទិសគ្នា រួចរេចង្កូតទៅបុករថយន្តព្រូសពេញទំហឹងតែម្តង។

គ្រានោះដោយភ័យពេក ខ្លួនក៏បានបួងចង្កូតមកស្តាំ តែមិនផុតក៏ត្រូវរថយន្តបង្កបុកចំពីមុខផ្នែកខាងឆ្វេង បណ្តាលឲ្យរងការខូចខាត។ ភ្លាមៗនោះ គាត់បានព្យាយាមឃាត់ម្ចាស់រថយន្តបង្កដែរ ដើម្បីឲ្យទទួលខុសត្រូវ តែភាគីបង្កមិនខ្វល់ ហើយនាំគ្នាចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្តង។
រថយន្តបង្កខាងលើនេះ ម៉ាក IZUSU Hi-Lander ពណ៌ត្រេអ៊ី ពាក់ផ្លាកលេខ ខេមរភូមិន្ទ02 2-1415 បើកបរដោយបុរសម្នាក់ និងរួមដំណើរដោយបុរសម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត គោលបំណងចេញពីទីក្រុងភ្នំពេញ។

បន្ទាប់ពីបង្កគ្រោះថ្នាក់រួច បុរសទាំងពីរនាក់នោះក៏បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់តែម្តង ដោយមានរថយន្តមិនចាំម៉ាកមួយគ្រឿងទៀត មកទទួលពួកគេ រួចជិះចេញទៅបាត់ បន្សល់ទុកតែរថយន្តបង្កនៅនឹងកន្លែងកើតហេតុតែប៉ុណ្ណោះ។

ក្រោយពីបង្កគ្រោះថ្នាក់ចរាចរណ៍ហើយ អ្នកបើករថយន្តបានរត់គេចខ្លួនបាត់ស្រមោល បន្ទាប់មកប្រជាពលរដ្ឋក៏បានទូរស័ព្ទប្រាប់សមត្ថកិច្ចអោយចុះមកធ្វើការវាស់វែង ក្រោយពីសមត្ថកិច្ចចរាចរណ៍ខណ្ឌ ចុះមកដល់ក៏បានធ្វើការពិនិត្យទៅលើរថយន្តពាក់ស្លាកលេខខេមភូមិន្ទភ្លាម ព្រោះមានការសង្ស័យ។ លុះពិនិត្យនៅក្នុងរថយន្តនោះ ក៏ស្រាប់តែឃើញមានកេសឡាំងដែលមានបិទស្កុត សមត្ថកិច្ចក៏បានទាក់ទងទៅជំនាញគ្រឿងញៀនខណ្ឌច្បារអំពៅភ្លាម អោយចុះមកធ្វើការត្រួតពិនិត្យ ដើម្បីអោយដឹងច្បាស់ថា តើនៅក្នុងនោះមានលាក់អ្វីខ្លះ?។

ឆែកឆេរនៅក្នុងរថយន្តបង្កនេះ និងបានដកហូតកេសឡាំងដែលមានបិទស្កុតជុំវិញចំនួន០៦កេស សង្ស័យថា ជាសារធាតុញៀន រួមទាំងរថយន្តបង្កយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅជាបណ្តោះអាសន្ន រង់ចាំធ្វើការស្រាវជ្រាវជាបន្តទៀត ដើម្បីស្វែងរកអ្នកដឹកគ្រឿងញៀនយកមកចាត់ការតាមនីតិវិធី៕
https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed