ខេត្តបន្ទាយមានជ័យ៖ នៅព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ បានដឹកនាំសមាជិកក្រុមប្រឹក្សាសង្កាត់ មេភូមិ និងសមាជិកភូមិ ព្រមទាំងប្រជាពលរដ្ឋ ចូលរួមយកគ្រឿងចក្រចុះសម្រាលការងារ ដោយបានកាយយកអាចម៍ស៊ីម៉ង់ចេញ និងធ្វើការលុបក្រឡុក ពង្រាបដី ឈូសឆាយផ្លូវ។

សកម្មភាពនេះធ្វើឡើងនៅត្រង់ចំណុចផ្លូវផ្សារអគ្គ (ឆ្ពោះទៅផ្លូវព្រំប្រទល់សង្កាត់ប៉ោយប៉ែត) ភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដើម្បីសម្រួលឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានប្រក្រតីបណ្តោះអាសន្ន។
លោក ចៅសង្កាត់អូរជ្រៅ បានបន្ថែមថា ការចូលរួមដំណើរការនេះ គឺជាការផ្តល់ជំនួយបឋមក្នុងការសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ហើយក៏ជាការបង្ហាញពីកិច្ចសហការរួមគ្នារវាងអាជ្ញាធរស្ថានីយ៍ និងសហគមន៍ក្នុងតំបន់។

ជាមួយគ្នានេះ ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅជិតតំបន់បានបង្ហាញការទទួលស្គាល់ថា ការចូលរួមជួយសម្អាតផ្លូវ និងធ្វើការលុបក្រឡុកបែបនេះ បានបង្កើតភាពងាយស្រួលក្នុងការធ្វើដំណើរ ប្រើប្រាស់យានជំនិះ និងដឹកជញ្ជូនទំនិញប្រចាំថ្ងៃ។
លោក ហេង សុជាតា ប្រជាពលរដ្ឋម្នាក់ បានប្រាប់ថា៖ «យើងរីករាយណាស់ ដែលអាជ្ញាធរចូលមកជួយដោះស្រាយបញ្ហាផ្លូវបែបនេះ។ ព្រោះមុននេះ ការធ្វើដំណើររបស់យើងពិតជាលំបាកណាស់ ប៉ុន្តែឥឡូវនេះ យើងអាចទៅមកបានងាយស្រួលជាងមុន»។

ដូចគ្នានេះ លោកស្រី គីម សាខន ដែលមានផ្ទះនៅជិតចំណុចផ្លូវ ក៏បានបន្ថែមថា៖ «ការយកចិត្តទុកដាក់របស់អាជ្ញាធរទៅលើបញ្ហាដែលជាការលំបាកជាក់ស្តែងរបស់ប្រជាពលរដ្ឋ គឺជារឿងដែលមានតម្លៃ។ យើងសង្ឃឹមថា ការថែទាំផ្លូវនឹងមានការតាមដានបន្ត»៕N7


