ភ្នំពេញ៖ បើតាមការចេញផ្សាយតាមបណ្តាញសារព័ត៌មាន និងការចែករំលែកព័ត៌មានពីប្រជាពលរដ្ឋក្នុងសហគមន៍ បានបញ្ជាក់ថា ការបើកល្បែងសុីសងតាមប្រព័ន្ធឆ្នោតទ្បូតូ (8888) និងឆ្នោតផ្សេងៗទៀត កំពុងដំណើរការយ៉ាងរលូន ក្នុងតំបន់ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ និងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បច្ចុប្បន្នមានការចង្អុលបង្ហាញពីទីតាំងចំនួន៣កន្លែង ដែលបានបេីកបើកល្បែងភ្នាល់នានា ដោយមិនខ្លាចច្បាប់ហើយ បានបង្កប់លួចលាក់បេីកលេងល្បែងភ្នាល់ល្បែងសុីសង ដោយរក្សារបាននូវភាពស្ងៀមស្ងាត់។ តាមប្រភពរបស់ពលរដ្ឋមូលដ្ឋានបានឱ្យដឹងថា កន្លែងលេងល្បែងទាំងនោះ មានមនុស្សច្រើនជាពិសេសក្រុមក្មេងស្ទាវ ចេញចូលជាញឹកញាប់ ដើម្បីចូលរួមភ្នាល់លុយតាមប្រព័ន្ធអនឡាញ និងឆ្នោតគ្រប់ប្រភេទ។
បើទោះបីជា មានការណែនាំឱ្យផ្អាកបើកជាបណ្តោះអាសន្នក៏ដោយ ក៏ទីតាំងខាងលើបានបើកដំណើរការឡើងវិញជាថ្មី និងកាន់តែរីករាលដាល។ ជាការពិតដែលធ្វើឱ្យមានការព្រួយបារម្ភចំពោះសង្គម និងគ្រោះថ្នាក់សង្គមក្នុងតំបន់ពាក់ព័ន្ធ។
សាធារណជន និងពលរដ្ឋដែលរស់នៅជិតនឹងទីតាំងបើកល្បែងបានស្នើសុំឱ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដោយឡែកទៅនោះស្នើសុំឱ្យ លោកជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ និង លោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ចាត់វិធានការច្បាស់លាស់ ដើម្បីបង្ការ និងបង្រ្កាបសកម្មភាពបើកល្បែងសុីសងខុសច្បាប់ ដើម្បីការពារសុខសន្តិភាព និងសុវត្ថិភាពក្នុងសហគមន៍។
បច្ចុប្បន្ននេះ ម្ចាស់បើកបរាទំនងមានទំនុកចិត្តខ្ពស់លើភាពស្ងៀមស្ងាត់របស់អាជ្ញាធរ និងកំពុងបើកល្បែងដោយសេរី គ្មានការបំភ័យពីសំណាក់សមត្ថកិច្ច។ នេះបញ្ជាក់ពីបញ្ហាដ៏គួរឲ្យបារម្ភ និងការលំបាកក្នុងការអនុវត្តគោលនយោបាយ “ភូមិឬឃុំមានសុវត្ថិភាព ៧ចំណុច” របស់រាជរដ្ឋាភិបាល ដែលមានគោលបំណងការពារជីវិត និងសន្តិសុខរបស់ប្រជាជន។
សូមអាជ្ញាធរដែលពាក់ព័ន្ធចាត់វិធានការបន្ទាន់ ដើម្បីបញ្ចប់សកម្មភាពខុសច្បាប់នេះ និងស្ដារទំនុកចិត្តរបស់សាធារណជនឡើងវិញ៕






