ភ្នំពេញ : ការស្នើបែបនេះរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងពិធី ប្រកាសកែសម្រួលភារកិច្ច និងតែងតាំង ថ្នាក់ដឹកនាំសាខាពន្ធដាខណ្ឌ ចំនួន៦ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រតិភូរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកនៃ អគ្គនាយកដ្ឋានពន្ធដារ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា ការប្រមូលពន្ធ បើមានបញ្ហាខុសឆ្គងណាមួយ អាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែរួមសហការគ្នា ជាមួយសាខាពន្ធដា ដើម្បីសម្រួលលើ ការប្រមូលពន្ធនេះ ឲ្យបានល្អប្រសើរ ។ ការប្រមូលពន្ធ គឺដើម្បីយកថវិកាទាំងនោះ មកធ្វើ ការអភិវឌ្ឍប្រទេសជាតិ របស់យើងទាំងអស់គ្នា ដូច្នេះយើងត្រូវតែរួមគ្នា ដើម្បីសម្រួល លើកិច្ចការងារនេះ ឲ្យបានល្អប្រសើរ ។
កន្លងមក យើងបានអនុវត្តបានល្អប្រសើរ ហើយ ប៉ុន្តែទោះបីជាណាយ៉ាងណាក្តី លោកនៅតែជំរុញឲ្យបន្តសកម្មភាពនេះ ឱ្យកាន់តែ ល្អប្រសើរថែមទៀត ដើម្បីឱ្យកម្ពុជា នឹងក្លាយជាប្រទេស មានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០។
ដោយឡែក លោក គង់ វិបុល នៅក្នុងឱកាសនោះ ក៏បានលើកឡើង ពីការអរគុណ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ខណ្ឌ សង្កាត់ ដែលតែងតែផ្តល់ការសហការជាមួយ សាខាពន្ធដារ តាមបណ្ដាខណ្ឌ និងមន្ត្រីពន្ធដារផ្សេងទៀត នាពេលកន្លងមក បានល្អ។ លោក ស្នើឱ្យអាជ្ញាធររាជធានី ខណ្ឌ សង្កាត់ បន្តជួយសាខាពន្ធដារ ឲ្យកាន់តែល្អប្រសើរ ថែមទៀត ដើម្បីងាយស្រួល លើការប្រមូលពន្ធចូលរដ្ឋ។
ពាក់ព័ន្ធនឹងពិធីប្រកាសតែងតាំង ថ្នាក់ដឹកនាំសាខាពន្ធដារ ខណ្ឌទាំង៦ រូបខាងលើនេះ លោក គង់ វិបុល បានធ្វើការណែនាំអោយប្រធានសាខាពន្ធដារ ទាំង៦រូប ត្រូវយកចិត្តទុក ដាក់ ក្នុងការបំពេញការងារ លើការប្រមូលពន្ធចូលរដ្ឋ ។
លោកបានបញ្ជាក់ថា មេដឹកនាំ ត្រូវតែមានការទទួលខុសត្រូវ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អប្រសើរ មេដឹកនាំ ត្រូវតែមានលក្ខណៈច្នៃប្រឌិត ធ្វើយ៉ាងណា ប្រមូលពន្ធចូលរដ្ឋ ឲ្យបានកាន់តែកើនឡើង។ ថ្នាក់ដឹកនាំពន្ធដារ មានបញ្ហា ត្រូវតែដោះស្រាយ កុំទុកឲ្យរឿង រ៉ាវ កាន់តែធំ ថ្នាក់ដឹកនាំសាខាពន្ធដារ ត្រូវតែមានការច្នៃប្រឌិត និងកែទម្រង់នៃការដឹកនាំ បើមិនមានការច្នៃប្រឌិត និងកែទម្រង់ទេ គឺមានតែផ្លាស់ប្ដូរចេញ។
គួរបញ្ជាក់ថា មន្ត្រីរាជការពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន ៦ រូប ដែលត្រូវកែសម្រួលភារកិច្ច និងតែងតាំង ខាងលើនេះ រួមមាន៖
១. លោកស្រី គា រ៉ាមី បច្ចុប្បន្ន អនុប្រធានសាខាពន្ធដារ ខណ្ឌដូនពេញ ជាប្រធានសាខា ពន្ធដារខណ្ឌមានជ័យ ជំនួសលោក នួន ថេរី ដែលចូលនិវត្តន៍។
២. លោក យិន ចិន្តាវុឌ្ឃ បច្ចុប្បន្ន ប្រធានសាខាពន្ធដារ ខណ្ឌទួលគោក ជាប្រធានសាខា ពន្ធដារ ខណ្ឌ៧មករា ជំនួសលោក ប៊ុត ណុច ដែលទទួលភារកិច្ចថ្មី ។
៣. លោក អេង ធីតា បច្ចុប្បន្ន ប្រធានសាខាពន្ធដារខណ្ឌដង្កោ ជាប្រធានសាខាពន្ធដារ ខណ្ឌទួលគោក ជំនួសលោក យិន ចិន្តាវុឌ្ឍ ដែលទទួលភារកិច្ចថ្មី។
៤- លោក សែម សាខន បច្ចុប្បន្ន ប្រធានសាខាពន្ធ ដារខណ្ឌពោធិ៍សែនជ័យ ជាប្រធាន សាខាពន្ធដារ ខណ្ឌឫស្សីកែវ ជំនួសលោក ឆាយ សុវណ្ណា ដែលទទួលភារកិច្ចថ្មី។
៥. លោក មុត ណុច បច្ចុប្បន្ន ប្រធានសាខាពន្ធដារខណ្ឌ ៧មករា ជាប្រធានសាខាពន្ធដារ ខណ្ឌពោធិ៍សែនជ័យ ជំនួសលោក សែម សាខន ដែលទទួលភារកិច្ចថ្មី។
៦. លោក ឆាយ សុវណ្ណ បច្ចុប្បន្ន ប្រធានសាខាពន្ធដារ ខណ្ឌឬស្សីកែវ ជាប្រធានសាខា ពន្ធដារខណ្ឌដង្កោ ជំនួស លោក អេង ធីតា ដែលទទួល ភារកិច្ចថ្មី៕
https://www.rmn.asia