ភ្នំពេញ ៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន បានអនុវត្តសេចក្ដីសម្រេចបិទនិងរុះរើផ្លាកយីហោរបស់មន្ទីរសម្រាកព្យាបាលជំងឺមេត្តាសំណង់ ១២ ដែលស្ថិតនៅផ្ទះលេខ ២៥ ផ្លូវលេខ ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការបិទនេះ ធ្វើឡើងបន្ទាប់ពីករណីស្លាប់របស់ក្មេងប្រុសអាយុ ៨ ខែ មួយនាក់ បន្ទាប់ពីបានទទួលការព្យាបាលនៅមន្ទីរនេះ។
ការចុះត្រួតពិនិត្យ និងអនុវត្តសេចក្ដីសម្រេចបិទ បានប្រព្រឹត្តឡើងនៅរសៀលថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៥ តាមសេចក្ដីសម្រេចលេខ ៦០៤/២៥ រប ចុះថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៥ របស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ក៏មានការចូលរួមពីលោគវេជ្ជបណ្ឌិត កែវ វិបុល អនុប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ, លោក កែវ សុភា អភិបាលរងនៃគណៈអភិបាលខណ្ឌទួលគោក និងអាជ្ញាធរសង្កាត់ទឹកល្អក់ទី៣។
ក្រោយពេលការបិទបានអនុវត្ត គណៈកម្មការប្រតិបត្តិការបានប្រគល់សេចក្ដីជូនជាផ្លូវការដល់វេជ្ជបណ្ឌិត ហ៊ាង រតនា ដែលជាម្ចាស់ទុន និងជាអ្នកគ្រប់គ្រងមន្ទីរសម្រាកព្យាបាលមេត្តាសំណង់ ១២ ដើម្បីជាការបញ្ជាក់ និងទទួលខុសត្រូវចំពោះករណីដែលបានកើតឡើង។
មន្ទីរសុខាភិបាលបានឲ្យដឹងថា ការបិទនិងចាត់វិធានការនេះ គឺជាចំណុចសំខាន់ក្នុងការពារ សុវត្ថិភាព និងសិទ្ធិរបស់ប្រជាពលរដ្ឋ បន្ទាប់ពីមានសញ្ញាបង្ហាញពីការប៉ះពាល់ដល់ជីវិត និងសុខភាពសាធារណៈ ៕





អង្គភាពសារព័ត៌មានរស្មីញូស៍ ទំនាក់ទំនងលេខទូរសព្ទ័ ០១២២៧៨២២២/០៩៧៧២៣២២២២/០៨៦៩៧៦២២២ ។សូមអរគុណ!
