ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះចំពោះការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយមួយកម្រិតបន្ថែមទៀតរបស់ប្រទេសចិនដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជនចិនខ្លួនឯងផង និងប្រជាពលរដ្ឋក្នុងពិភពលោកផងដែរ។

ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុមិត្តភាពកម្ពុជាចិនកាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ឯកឧត្តម ប៉ែន សុវិជាតិរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ចាប់ពីតាំងឆ្នាំ១៩៧៨មក កំណែទម្រង់ និង ការបើកទូលាយ គឺជាគោលនយោបាយជាតិជាមូលដ្ឋានមួយរហូតមករបស់ប្រទេសចិន។ ការធ្វើកំណែទម្រង់របស់ប្រទេសចិននេះ គឺជាការចាប់យ កគោលដៅសេដ្ឋកិច្ចថ្មីមួយដោយកែទម្រង់ពិសេសសេដ្ឋកិច្ចផែនការមកទីផ្សារបែបផែនសេដ្ឋកិច្ចសេរី ដែលបើកទូលាយដល់ការអភិវឌ្ឍនៅក្នុងវិស័យសហគ្រាស ផលិតកម្ម និងពាណិជ្ជកម្ម។

ឯកឧត្តមបន្តថា ការបើកទីផ្សារទូលាយនេះ រួមផ្សំជាមួយប្រទេសចិនដែលមានប្រជាជនច្រើន មានសក្តានុភាពសេដ្ឋកិច្ច និងធនធានធម្មជាតិច្រើនបានធ្វើឱ្យប្រទេសមួយនេះមានឱកាសច្រើនក្នុងការប្រកួតប្រជែងជាផ្នែកសេដ្ឋកិច្ចជាមួយបណ្តាប្រទេសផ្សេងៗលើសកលលោក។
សំឡេង៖ «យើងកត់សម្គាល់ឃើញថា ប្រទេសចិនបានប្រែក្លាយខ្លួន ក្រោយការអនុវត្តការធ្វើកំណែទម្រង់ស៊ីជម្រៅនេះ ធ្វើឱ្យប្រទេសចិនក្លាយជាប្រទេសមានសេដ្ឋកិច្ចធំមួយអាចប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ដែលក្លាយជាដៃគូពាណិជ្ជកម្មពិភពលោក។ ជាប្រទេសនាំមុខផ្តល់លទ្ធភាពទីផ្សារ និងពាណិជ្ជកម្មដល់ប្រទេសនៅក្នុងតំបន់»
ឯកឧត្តមបញ្ជាក់ទៀតថា កាលពីថ្ងៃទី១៥ ដល់ទី១៨ ខែកក្កដាឆ្នាំ២០២៤ បក្សកុម្មុយនីស្ដចិនបានរៀបចំ“សន្និបាតពេញអង្គលើកទីបីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន” នីតិកាលទី២០នៅទីក្រុងប៉េកាំង ក្នុងនោះមានរបៀបវារៈសំខាន់មួយគឺស្រាវជ្រាវចាត់ចែងកំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយមួយកម្រិតបន្ថែមទៀតជំរុញការកសាងទំនើបកម្មតាមបែបផែនចិន។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ចាប់តាំងពីសន្និបាតពេញអង្គលើកទីបីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិននីតិកាលទី១៨ នៅឆ្នាំ២០១៣មក ប្រទេសចិនចាប់ផ្ដើមជំរុញកំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយ។ សន្និបាតពេញអង្គលើកទីបីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន លើកនេះ គឺបានស្រាវជ្រាវ និង ដាក់ពង្រាយកំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយមួយកម្រិតបន្ថែមទៀត។

សំឡេង៖ «កាលពីថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២៤នេះ លោកប្រធានាធិបតីស៊ីជីងភីងដែលជាមគ្គុទ្ទេសក៍បន្តវេនពីលោកតេងស៊ាវភីង បានបន្តការធ្វើកំណែទម្រង់ ហើយអនុវត្តន៍បើកទូលាយ។ ក្នុងនោះលោកប្រធានាធិបតីស៊ីជីងភីងបានផ្តួចផ្តើមគំនិតជាច្រើនសម្រាប់ការអភិវឌ្ឍនៅក្នុងតំបន់ ជាពិសេសប្រទេសដៃគូនៅតាមខ្សែក្រវាត់ និងផ្លូវ ដែលជាគំនិតផ្តួចផ្តើមសំខាន់មួយ សូម្បីតែប្រទេសនៅតំបន់អាស៊ីកណ្តាលមួយចំនួន និងប្រទេសដែលមានផ្លូវភ្ជាប់ទៅសមុទ្រ ក៏មានលទ្ធភាពរីកចម្រើនពីគំនិតផ្ដួចផ្តើមខែ្សក្រវាត់ និងផ្លូវរបស់ចិននេះដែរ។ »

ឯកឧត្តមបានសង្កត់ធ្ងន់ថា តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិននេះ ប្រទេសកម្ពុជាមានឱកាសច្រើនក្នុងការធ្វើពាណិជ្ជកម្មជាមួយចិនដូចជា៖ កម្ពុជាទទួលបានការបើកទូលាយទីផ្សារតាមរយៈកិច្ចព្រមព្រៀងសេរីកម្ពុជាចិនដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២២ និងកិច្ចព្រមព្រៀងRCEP ដោយកិច្ចព្រមព្រៀងទាំងពីរនេះបានជំរុញឱ្យការនាំចេញ និងទំនិញរបស់កម្ពុជាកាន់តែច្រើនអាចយកទៅលក់នៅលើទីផ្សារប្រទេសចិន។

ជាមួយគ្នានេះ រដ្ឋាភិបាលចិនបានផ្តល់លទ្ធភាពឱ្យកម្ពុជានូវបរិមាណកូតាមួយចំនួនក្នុងការនាំចេញអង្ករ ដោយបច្ចុប្បន្ននេះឈានដល់កម្រិតប្រមាណ៥០ម៉ឺនតោនហើយក្នុងមួយឆ្នាំ។
ឯកឧត្តមបន្ថែមថា តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិននេះដែរ បានផ្តល់លទ្ធភាពឱ្យកម្ពុជាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាផ្លូវល្បឿនលឿនភ្នំពេញទៅខេត្តព្រះសីហនុ ព្រលានយន្តសៀមរាបថ្មី និងគម្រោងមួយចំនួនទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះការកំណែទម្រង់ស៊ីជម្រៅរបស់ចិនផ្នែកបច្ចេកវិទ្យាផងដែរ ដូចជាការធ្វើទំនើបកម្មឌីជីថល ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិច និងកិច្ចសហប្រតិបត្តិការផ្សេងៗដោយប្រើឧស្សាហកម្ម៤.0 ដែលចិនបានឈានមុខគេ ។ ហើយឯកឧត្តមក៏ជឿជាក់ថា បច្ចេកវិទ្យារបស់ចិនក្នុងពេលបច្ចុប្បន្ននេះ នឹងមានល្បឿនរីកចម្រើនច្រើនដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មក្នុងសម័យថ្មីនេះ៕

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed