
ខេត្តកំពង់ស្ពឺ៖. ករណី សង្ស័យថា ជាឃាតកម្មនេះបានកើតឡើងកាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នៅចំណុចរោងបុណ្យភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។នគរបាលមូលដ្ឋានបានឱ្យដឹងថាជនរងគ្រោះមានឈ្មោះស្រី វ៉ាត ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។មុនពេលមានការកាប់សម្លាប់នេះជនរងគ្រោះកំពុងអង្គុយលើម៉ូតូមើលគេរាំធុងបាស់ក្នុងកម្មវិធីបុណ្យដារលាន ពេលនោះជនរងគ្រោះត្រូវគេកាប់ត្រូវកញ្ចឹង ក ពីក្រោយបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណនោះទេ ក្រោយធ្វើសកម្មភាពរួចជននោះបានរត់គេចខ្លួនបាត់។

ជាជំហានដំបូងសមត្ថកិច្ចសង្ស័យជារឿងគំនុំ ហើយកម្លាំងនគរបាលជំនាញផ្នែកកោសល្យវិច័យក្រោយពីពិនិត្យសាកសពរួចបានប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ពេលនេះនគរបាលកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនដៃដល់ដើម្បីចាត់ការតាមនីតិវិធី៕
