ភ្នំពេញ ៖ ទីតាំងបើកលេងល្បែង«ភ្នាល់បៀរ ភ្នាល់បាល់ ភ្នាល់មាន់ និងល្បែងស៊ីសងគ្រប់ប្រភេទផ្សេងៗជាច្រើន តាមប្រព័ន្ធអនឡាញ» «កាស៊ីណូ អនឡាញ» កំពុងតែបើកដំណើរការយ៉ាងរលូនក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ សមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានវិធានការចុះបង្ក្រាបទីតាំងល្បែងសុីសងមួយកន្លែងនេះ ទេ នៅតាមបណ្តោយផ្លូវ 70 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ទីតាំងមួយកន្លែងនេះកំពុងតែលួចបើកដំណើរការ អាជីវកម្មល្បែងស៊ីសងខុសច្បាប់ «ភ្នាល់បៀរ ភ្នាល់បាល់ ភ្នាល់មាន់ និងល្បែងស៊ីសងគ្រប់ប្រភេទផ្សេងៗជាច្រើន តាមប្រព័ន្ធអនឡាញ» បើកយ៉ាងរលូន ហើយប្រជាពលរដ្ឋមានការងឿងឆ្ងល់ថា ហេតុអ្វី ? មិនមានចំណាត់ការបង្ក្រាបពីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ប្រហែលជាមានអ្វីអាថ៍កំបាំងទេដឹង ?

តាមប្រភពពីប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះ បានផ្តល់ព័ត៌មានមកកាន់ អង្គភាពសារព័ត៌មាន Raksmey News អោយដឹងថា មានទីតាំងល្បែងស៊ីសង ប្រភេទកាស៊ីណូស្ថិតនៅសង្កាត់ខាងលើ បើកលេងយ៉ាងអនាធិបតេយ្យដោយមានមនុស្សចូលលេងយ៉ាងច្រើន បង្កភាពរញ៉េរញ៉ៃឡូឡានិងប្រើអំពើហិង្សា ដោយមិនមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានចុះធ្វើការបង្ក្រាបឡើយ ។

ប្រជាពលរដ្ឋដែលរស់នៅនៅតំបន់នោះ បានលួចបង្ហើបប្រាប់សារព័ត៌មានទាំងភ័យខ្លាចថា ទីតាំងខាងលើនេះ សម្បូរក្មេងស្ទាវ ចេញចូលយ៉ាងស្រស្រាក់ស្រស្រាំ ដោយពួកគាត់មានការភ័យខ្លាចចំពោះសុខទុក្ខរបស់គាត់នៅពេលយប់ «ពោលគឺ៖ ទីណាមានល្បែង ទីនោះមាន ប្រើអំពើហិង្សាចោរលួច ចោរប្លន់ គោសផ្ទះប្រជាពលរដ្ឋជាមិនខាន»។

ប្រភពដដែលបានបន្តថា ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ប្រហែលជាមានបុណ្យបារមីខ្ពស់ហើយមើលទៅទើបអាចបំបាំងកាយមិនឲ្យសមត្ថកិច្ចថ្នាក់មូលដ្ឋានមើលឃើញ ឬក៏ត្រូវដងត្រូវផ្លែគ្នាហើយបានជាសម្ងំស្ងៀមមិនមានវិធានការចុះបង្ក្រាប ហើយឯណាទៅ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលមានលក្ខខណ្ឌទាំង ៧ចំណុច របស់ថ្នាក់ដឹកនាំខាងលើដាក់ជូន។

ប្រពលរដ្ឋនិងមហាជនជាច្រើនសំណូមពរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងបនល្បែងស៊ីសងខាងលើនេះផង។

ក្រុមការងារអ្នកសារព័ត៌មាន Raksmey News រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕ ដោយ:អក្ខរា18
ទូរសព្ទទំនាក់ទំនង : ០១២ ២៧៨ ២២២ / ០៩៧ ៧២៣ ២២២២ /
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed