ព្រះសីហនុ៖ តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចោទប្រកាន់ជនបរទេស ចំនួន ០៨នាក់ និងជនជាតិខ្មែរម្នាក់ ព្រមទាំងបក្ខពួក ពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់ ទម្ងន់សរុបជាង ៦០គីឡូក្រាម និងសារធាតុមិនច្បាស់ ទម្ងន់សរុបជាង ៥២គីឡូក្រាម និងប្រើប្រាស់អាវុធដោយគ្មានលិខិតអនុញ្ញាត តាមបញ្ញាត្តិមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៣៩, ៤០, ៤៧ និងមាត្រា ៤៨ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន, មាត្រា ៣៨ នៃច្បាប់ស្តីពី ការប្រឆាំងការសំអាតប្រាក់។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ឱ្យដឹងថា៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានទទួល និងចាត់ការ សំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធករណី សមគំនិត ផលិត ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន សម្អាតប្រាក់ និងប្រើប្រាស់អាវុធដោយគ្មានលិខិតអនុញ្ញាត ប្រព្រឹត្តនៅចំណុចភូមិ១ និងភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ និងនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ក្រសួងមហាផ្ទៃ បានចុះបង្ក្រាបកាល ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ តាមរយៈការអនុវត្តវិធានញុះញង់ឱ្យលក់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឱ្យភ្នាក់ងារចូលទៅទិញគ្រឿងញៀនពីមុខសញ្ញាជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ជាជនជាតិវៀតណាម។

ក្រោយពីឃាត់ខ្លួនបានមុខសញ្ញានោះទើបកម្លាំងសមត្ថកិច្ចជំនាញបានប្រើវិធីសាស្ត្រជំនាញបន្តស៊ើបអង្កេត ស្រាវជ្រាវ រកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀត រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ សរុបចំនួន ០៩នាក់ (ជនជាតិវៀតណាម ចំនួន ០២នាក់, ជនជាតិចិន ចំនួន ០៦នាក់ និងជនជាតិខ្មែរ ០១នាក់) ព្រមទាំងដកហូតបានវត្ថុតាង ជាសារធាតុញៀនខុសច្បាប់ ទម្ងន់សរុប ៦០៨៥២,៣២ក្រាម (៦០គីឡូ ៨៥២,៣២ក្រាម) ដែលក្នុងនោះ រួមមាន ជាសារធាតុញៀន ប្រភេទ មេតំហ្វេតាមីន, អ៊ុចស្តាស៊ី (MDMA) និងកេតាមីន ព្រមទាំងដកហូតបានសារធាតុមិន ច្បាស់ ទម្ងន់សរុប ៥២៨៤៧ក្រាម (៥២គីឡូ ៨៤៧ក្រាម) ហើយក្រៅពីនេះក៏នៅមានប្រភេទ គ្រឿងម៉ាស៊ីនសម្រាប់អ៊ុតមាត់ថង់ និងបឺតខ្យល់, ម៉ាស៊ីនក្រឡុកស្ងួត, ជញ្ជីងថ្លឹងថ្នាំញៀន, ឧបករណ៍ និងសម្ភារៈផ្សេងៗទៀតដែលបម្រើ ឱ្យសកម្មភាពនៃការផលិត និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងមានអាវុធខ្លី ចំនួន ០២ដើម ផង ដែរ។ លើសពីនេះក៏នៅមានវត្ថុចាប់យកមួយចំនួនផ្សេងទៀតដូចជា រថយន្ត, គ្រឿងអលង្ការ, ក្រដាស់ប្រាក់សុទ្ធ និងមូលនិធិនៅក្នុងគណនីធនាគារនានាទាំងក្នុង និងក្រៅប្រទេស ដែលមានតម្រុយសង្ស័យថាជaទ្រព្យដែលទាក់ទង នឹងបទល្មើស ឬសង្ស័យជាផលនៃបទល្មើស។

ក្រោយពីតំណាងអយ្យការ បានពិនិត្យលើសំណុំរឿងនេះ និងស្តាប់ចម្លើយជនសង្ស័យ ព្រមទាំងផ្អែកទៅលើភស្តុតាងពាក់ព័ន្ធនៅក្នុងសំណុំរឿង បានសម្រេចបើកការចោទប្រកាន់លើជនសង្ស័យ ចំនួន ០៩នាក់ និងបក្ខពួកម្នាក់ទៀត ជាជនជាតិចិន បញ្ជូនទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ពីបទ៖ «សមគំនិត, ផលិត, ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន, សម្អាតប្រាក់ និងប្រើប្រាស់អាវុធដោយគ្មានលិខិតអនុញ្ញាត» តាមបញ្ញាត្តិមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៣៩, ៤០, ៤៧ និងមាត្រា ៤៨ នៃច្បាប់ស្តីពីការត្រួត ពិនិត្យគ្រឿងញៀន, មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសំអាតប្រាក់។

សូមរំឭកថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០០និង៤០នាទី កម្លាំងជំនាញ (ក៣) នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយស្នងការដ្ឋានខេត្តព្រះសីហនុ ដោយមានការដឹកនាំ និងសម្របសម្រួល ដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីកែច្នៃ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ ៣គោលដៅ រួមមាន៖ គោលដៅទី១៖ តាមបណ្តោយផ្លូវលំ ក្រុម៥ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គោលដៅទី២៖ នៅក្នុងផ្ទះពុំមានលេខ ផ្លូវលំ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គោលដៅទី៣ នៅក្នុងផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម១០ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនល្មើស ចំនួន ០៩នាក់ ស្រី០២នាក់ មានឈ្មោះ ១- ឈ្មោះ ដូ ធានក្វាង (DO THIEN QUANG) អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម, ២- ឈ្មោះ ឡេ ធីអាញ់ហុង (LE THI ANH HONG) ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិវៀតណាម, ៣- ឈ្មោះ ចាង ឈូអ៊ី (ZHANG CHU YU) ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិចិន, ៤- ឈ្មោះ ស៊ាវ ឈីហុង (XIAO QI HONG) អាយុ ៣៣ឆ្នាំ ជនជាតិចិន, ៥- ឈ្មោះ ថាង ចាងវៃ (TANG ZHANG WEI) អាយុ ៣៨ឆ្នាំ ជនជាតិចិន, ៦- ឈ្មោះ ជូ ស៊ាវឡុង (ZHU XIAO LONG) អាយុ ៣៦ឆ្នាំ ជនជាតិចិន, ៧- ឈ្មោះ ថាង ចាន់ពីង (TANG ZHAN BING) អាយុ ៣៥ឆ្នាំ ជនជាតិចិន, ៨- ឈ្មោះ យ៉ាង ឆិនស្យុង (YANG CHEN XIONG) អាយុ ៥៣ឆ្នាំ ជនជាតិចិន និងទី៩- ឈ្មោះ ហេង រិទ្ធថា អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ។

ចំពោះវត្ថុតាងដែលដកហូតបាន រួមមាន៖ គ្រឿងញៀន ប្រភេទអ៊ិចស្ត្រាស៊ី (MDMA) ទម្ងន់ ៥ គ.ក្រ ៤២៣.០២ក្រាម, គ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ៤៦ គ.ក្រ ០៩០ក្រាម, គ្រឿងញៀន ប្រភេទ កេតាមីន (KETAMINE) ទម្ងន់ ៩ គ.ក្រ ៣៣៩.៣០ក្រាម, សារធាតុញៀន សរុបទម្ងន់ ៦០ គ.ក្រ ១៤៦.៦៥ក្រាម, សារធាតុគីមីផ្សំទម្ងន់សរុប ៥២ គ.ក្រ ៨៤៧ក្រាម និងសម្ភារៈចាប់យករថយន្ត ចំនួន ០៥គ្រឿង, អាវុធខ្លី ចំនួន ០២ដើម, លុយអាមេរិក ១៥,០០០ដុល្លារ, ទូរសព្ទដៃ ចំនួន ១១គ្រឿង និង iPad ០១គ្រឿង និងគ្រឿងអលង្ការមួយចំនួនទៀត៕

https://www.facebook.com/FastNewRaksmey?mibextid=ZbWKwL
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។

📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។
សូមអរគុណ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed