ចុះផ្សាយថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២
ភ្នំពេញ ៖ នាយកប្រតិបត្តិក្រុមហ៊ុនIKEEជប៉ុនលោក Shu NISHIYAMA បានស្នើកម្ពុជាឲ្យពិចារណាប្រើប្រាស់គ្រឿងចក្រប្រភេទថ្មីដែលមានសមត្ថភាពអាចកែច្នៃសំរាមប្លាស្ទិកឱ្យទៅជាបេតុងកៅស៊ូ(AC)សម្រាប់ការសាងសង់ផ្លូវនៅកម្ពុជា។

លោក Shu NISHIYAMA បានថ្លែងបែបនេះក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងជំនួបកាលពីថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២ ទីស្តីការក្រសួង។

លោក Shu NISHIYAMA បានឲ្យដឹងថា ការប្រើបច្ចេកវិទ្យាច្នៃសំរាមប្លាស្ទិកឱ្យទៅជាបេតុងកៅស៊ូ មានលក្ខណៈសមស្របអាចប្រើប្រាស់បាននៅក្នុងស្ថានភាពប្រទេសកម្ពុជា ដែលសម្បូរទៅដោយភ្លៀងធ្លាក់រយៈពេលយូរ ដែលអាចធានាបាននូវការជ្រាបទឹក និងធ្វើឱ្យផ្លូវជាប់រឹងមាំបានយូរអង្វែងផងដែរ។

ជាការឆ្លើយតបលោក ស៊ុន ចាន់ថុល បានណែនាំឱ្យក្រុមហ៊ុនពិនិត្យស្ថានភាពនៅកម្ពុជាឱ្យបានល្អិតល្អន់មុននឹងសម្រេចលើការនាំចូលបច្ចេកវិទ្យាថ្មីជាពិសេសពិនិត្យទៅលើសំរាមនៅកម្ពុជាដែលមិនមានការបែងចែកប្រភេទសំរាម អាចបង្កជាបញ្ហាស្មុគស្មាញក្នុងការផ្គត់ផ្គង់សម្រាប់ដំណើរការកែច្នៃ ងការប្រមូលសំរាមផងដែរ។

ទោះយ៉ាងណាលោក ស៊ុន ចាន់ថុល នៅតែបង្ហាញការគាំទ្រលើគំនិតផ្ដួចផ្ដើម នៃការនាំយកមកប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនេះផងដែរ ដើម្បីចូលរួមថែរក្សាបរិស្ថានស្អាត។

លោកក៏បានបានស្នើឱ្យក្រុមហ៊ុនធ្វើការសិក្សាឱ្យបានលម្អិតទាក់ទងនឹងបរិមាណប្លាស្ទិកនៅកម្ពុជាថា តើអាចផ្គត់ផ្គង់សម្រាប់ការកែច្នៃបានកម្រិតណានិងបានបញ្ជាក់ថាតម្លៃផលិតផលនោះមិនត្រូវឱ្យលើសថ្លៃបេតុងកៅស៊ូ (AC) ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន និងត្រូវសិក្សាអំពីបញ្ហាផលប៉ះពាល់បរិស្ថាន ដោយប្រៀបធៀបនឹងការប្រើប្រាស់បេតុងកៅស៊ូផងដែរ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed