កិច្ចប្រជុំនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោមអធិបតីភាព លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប និងជាប្រធានគណៈកម្មការសម្របសម្រួលនៃ គ.ជ.ប ដើម្បីធ្វើការផ្សព្វផ្សាយអំពី៖
*គោលការណ៍សម្រាប់ស្ថានីយវិទ្យុ និងទូរទស្សន៍ ក្នុងការលក់ ឬជួលម៉ោងផ្សព្វផ្សាយឱ្យគណបក្សនយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
*គោលការណ៍សម្រាប់អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានស្ដីពីការរៀបចំកម្មវិធីសំណួរ-ចម្លើយ ឬពិភាក្សាអំពីគោលនយោបាយរបស់គណបក្សនយោបាយ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
គោលការណ៍ខាងលើនេះ មាន២ច្បាប់ផ្សេងគ្នា ហើយត្រូវបានចែកជូនដល់តំណាងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលចូលរួមក្នុងកិច្ចប្រជុំនេះ និងមានផ្សព្វផ្សាយនៅលើគេហទំព័រ គ.ជ.ប www.nec.gov.kh ។
លោក ម៉ុក ដារ៉ា បានឆ្លើយតប នឹងសំណួររបស់អ្នកចូលរួមកិច្ចប្រជុំ និងបានបញ្ជាក់បន្ថែមនូវចំណុចមួយចំនួន ដើម្បីឱ្យបណ្ដាប្រព័ន្ធផ្សព្វផ្សាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានជ្រួតជ្រាបកាន់តែច្បាស់អំពីគោលការណ៍ដែលចេញដោយ គ.ជ.ប នេះ។
ជាមួយគ្នានេះដែរ លោកបានបន្តថា ការលក់ ឬជួលម៉ោងផ្សាយឱ្យគណបក្សនយោបាយធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សនយោបាយ ត្រូវផ្អែកតាមគោលការណ៍ស្មើភាព តម្លៃស្មើៗគ្នា និងតាមលំដាប់មុនក្រោយ ហើយមិនត្រូវលក់ ឬជួលម៉ោងផ្ដាច់មុខឱ្យគណបក្សនយោបាយណាមួយឡើយ។
អគ្គលេខាធិការរង គ.ជ.ប បានបន្ថែមទៀតថា ស្ថានីយវិទ្យុ និងទូរទស្សន៍ ត្រូវយកម៉ោងសរុបដែលចង់លក់ ឬជួល ចែកជាមួយនឹងចំនួនគណបក្សនយោបាយដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រួចជួល ឬលក់តែចំណែកម៉ោងដែលគណបក្សនយោបាយនីមួយៗត្រូវទទួលបាន ទៅឱ្យគណបក្សនយោបាយនីមួយៗនោះ។ ក្នុងករណីមានគណបក្សនយោបាយតិច ឬគណបក្សនយោបាយតែមួយទិញ ឬជួលម៉ោងផ្សាយ ស្ថានីយវិទ្យុ និងទូរទស្សន៍ អាចលក់ ឬជួលម៉ោងផ្សាយឱ្យគណបក្សនយោបាយដែលមានលទ្ធភាពទិញ ឬជួលនោះនូវរយៈពេលយ៉ាងច្រើន ៣ដង នៃរយៈពេលដែលគណបក្សនយោបាយនីមួយៗត្រូវទទួលបាន។
ចំពោះប្រព័ន្ធផ្សព្វផ្សាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដែលមានបំណងរៀបចំកម្មវិធីសំណួរ-ចម្លើយ ឬពិភាក្សាអំពីគោលនយោបាយរបស់គណបក្សនយោបាយ ដើម្បីផ្សព្វផ្សាយក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ លោកបានណែនាំឱ្យគោរពតាមគោលការណ៍កំណត់ដោយ គ.ជ.ប ដើម្បីធានាថាកម្មវិធីទាំងនោះប្រព្រឹត្តទៅដោយយុត្តិធម៌ និងមិនផ្ទុយពីច្បាប់ និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕
https://www.rmn.asia